ព្រៃវែង ៖ ប៉ុន្មានសប្ដាហ៍មុន មិត្តអ្នកប្រើប្រាស់ បណ្ដាញសង្គម បានឃើញប្អូនស្រី ពិការដៃទាំងពីរ នៅបន្ទាយ មានជ័យ យកជើងសរសេរប្រលងឌីប្លូម តែពេលប្រលងបាក់ឌុបនេះវិញ មានប្អូនប្រុងម្នាក់ទៀត ហើយដែល ពិការដៃទាំងពីរ ពីកំណើតយកជើងសរសេរប្រលង ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ។ 

យោងតាមព័ត៌មាន ដែលទទួលបានប្អូនប្រុសម្នាក់នេះឈ្មោះ បួន គុន រស់នៅភូមិស្ពឺខាងកើត ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ជាកូនទី៥ (កូនពៅ) ក្នុងគ្រួសារកសិករមួយ ដែលម្ដាយទើបស្លាប់ប្រហែលកន្លះឆ្នាំមុន។ ឳពុកធ្វើជា ជាងសំណង់រកប្រាក់ចិញ្ចឹម និងផ្គត់ផ្គង់ការសិក្សា ចំពោះប្អូនប្រុសរៀននៅវិទ្យាល័យបាភ្នំ ជិះកង់ពីផ្ទះទៅសាលា ប្រហែល១៥គីឡូម៉ែត្រ ដោយឳពុកចងខ្សែពីដៃកង់មកថ្ពក់នឹងស្មា។

លោក ខៀវ ភារិទ្ធ តំណាងឲ្យ ស សុខា ប្រធានស.ស.យ.ក.ខេត្តព្រៃវែងបានមានប្រសាសាន៍ថា លោកសូមកោត សរសើរដោយស្មោះចំពោះប្អូនប្រុស ដែលតស៊ូរៀនរហូតដល់ប្រលងបាក់ឌុបនាពេលនេះ បើទោះជាពិការដៃ ទាំងពីរ និងកំព្រាម្ដាយគ្រួសារជួបការលំបាក ក៏នៅតែពុះពាររៀនសូត្រ។

សូមជូនពរប្អូនឲ្យប្រលង ជាប់បាក់ ឌុបឆ្នាំនេះ។ នេះជាសារដ៏សំខាន់មួយដល់ប្អូនៗជាច្រើនទៀត ដែលមានកាយសម្បទាគ្រប់គ្រាន់មួយចំនួន ប៉ុន្តែពុំមានស្មារតី ឬជំហររឹងមាំដួចប្អូនប្រុស ចំពោះប្អូនមានគំនិត ប្អូនមានផែនការ មានការតស៊ូពុះពារ ប្អូននឹងជោគជ័យជាក់ជាមិនខានឡើយ។

លោក ខៀវ ភារិទ្ធ បានឲ្យដឹងបន្ថែមថា «ក្នុងនាមយុវជនមួយរូប ខ្ញុំសូមកោតសរសើរ និងលើកទឹកចិត្តដ៏ស្មោះ អស់ពីដួងចិត្ត នៅពេលដែលខ្ញុំបានជួបប្អូនពិការដៃទាំងសងខាង តស៊ូរៀនសូត្រ រហូតមកប្រលង បាក់ឌុបថ្ងៃ​នេះដោយប្រើជើងសរសេរអក្សរជំនួសដៃ »។

ដើម្បីឆ្លើយតបទៅនឹងការតស៊ូដ៏កំរមាននេះ លោកតំណាងឲ្យ លោក ស សុខា ប្រធាន ស.ស.យ.ក.ខេត្តព្រៃវែង សូមលើកទឹកចិត្តប្អូន ក្រោយពីប្អូនប្រលងជាប់ នឹងផ្តល់អាហារូបករណ៍ រៀនមហាវិទ្យាល័យដោយឥតគិតថ្លៃ ប៉ុន្តែបើប្អូនមិនបានប្រលងជាប់វិញ ខ្ញុំនឹងផ្តល់ការសិក្សាជំនាញផ្សេងៗ ដើម្បីជាទន់សម្រាប់ចិញ្ចឹម​ជិវិតនាថ្ងៃអនាគត ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]