សេចក្តីសុខនៅក្នុងការធ្វើដំណើរហោះហើរ តាមយន្តហោះ ក្រៅពីបានទិដ្ឋភាពពពក ដ៏ស្រស់ស្អាតហើយ អាហារក៏ជារឿងមួយដ៏មានសារៈសំខាន់ ជាងអ្វីៗទាំងអស់។ អ្នកធ្លាប់បានធ្វើដំណើរតាមយន្តហោះ ប្រាកដជាបានដឹងច្បាស់ណាស់ ពីបញ្ហានេះ ទោះបីជាម្ហូបអាហារ នៅលើយន្តហោះមើលទៅស្រស់ស្អាត គួរឱ្យចង់ញ៉ាំ ប៉ុន្តែការពិតបើនិយាយពីរសជាតិវិញ គឺជាញឹកញាប់តែងតែធ្វើឱ្យមានការខកចិត្ត។ ធ្លាប់ឆ្ងល់ទេថាហេតុអ្វី រសជាតិអាហារនៅទីនោះ គឺអន់ជាងហាងលក់ធម្មតា? ឬក៏ចុងភៅចម្អិនអាហារទាំងនោះគ្មានថ្វីដៃ?

ដូច្នេះសាកល្បងទៅមើល មូលហេតុរបស់វាបន្តិចទៅមើល៍៖

១. ការស្ថិតនៅក្នុងទីតាំងដែលមានកម្ពស់ខ្ពស់៖ តាមធម្មតាអាហារ១មុខ ដាក់ក្នុង ចាន២ផ្សេងគ្នា ក៏វានៅតែមានរសជាតិដូចគ្នាដែរ ប៉ុន្តែកាលណាយើងបរិភោគវានៅ កន្លែងដែលមានកម្ពស់ខុសគ្នា  អាចធ្វើឱ្យមានលក្ខណៈប្លែកគ្នាខ្លះដែរ គឺទី១៖ រសជាតិ និងទី២៖ ក្លិន។ ដូចគ្នាដែរយន្តហោះដែលកំពុងធ្វើដំណើរលើមេឃ វានឹងជួប ​បរិយាកាសនៅជុំវិញ ដែលអាចធ្វើឱ្យរអាហាវាបាត់បង់រសជាតិ  និងក្លិនមួយចំណែកធំទៅហើយ ព្រោះសម្ពាធខ្យល់ នៅខាងក្នុងម៉ាស៊ីនត្រូវបានកាត់បន្ថយ បើវានៅ កម្ពស់  ៣០,០០០គីឡូម៉ែត្រពីដី សំណើមគឺនៅសល់ត្រឹម១២%ប៉ុណ្ណោះ ដែលធ្វើឱ្យ អាហារស្ងួត។ ចំណែកឯរាងកាយរបស់យើង​ កាលណាបានប៉ះនឹងសំណើមអាកាស ខ្លាំង អាចធ្វើឱ្យរសជាតិនៅលើអណ្តាត មានការប្រែប្រួល ដូច្នេះការដឹងរសជាតិផ្អែម ប្រៃ  ជូរចត់  និងហឹរ  នឹងធ្លាក់ចុះមកត្រឹមតែ ៣0% ប៉ុណ្ណោះ។ ជាលទ្ធផលច្រមុះស្ងួតក៏ មិនអាចមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការស្រង់ក្លិនអាហារដែរ។

២. ការរក្សាសុវត្ថិភាព៖ នៅលើយន្តហោះសុវត្ថិភាពអ្នកដំណើរ ជាអាទិភាពមុនគេជានិច្ច។ ដោយសារតែថ្ងៃណាមួយ អាចនឹងមានអ្នកធ្វើដំណើរជាច្រើនជាតិសាសន៍មកជិះយន្តហោះរួមគ្នា ដូច្នេះជាតិសាសន៍នីមួយៗ គឺសុទ្ធតែមានភាពខុសៗប្លែកពីគ្នា ទាំងភាសា ទាំងវប្បធម៍ និងការបរិភោគផ្សេងៗ។ នេះជាមូលហេតុនៃការរឹតបន្តឹងលើការចម្អិនអាហារ។ គេមិនអាចធ្វើអាហារចេញឱ្យគ្រប់រសជាតិ តម្រូវមាត់ភ្ញៀវ ទាំងអស់គ្នានោះបានទេ។ ឧទាហរណ៍៖ ថៃចូលចិត្តញ៉ាំហឹរតែពួកអឺរ៉ុបមិនដូច្នោះទេ។ សរុបមកអាហារដែលបានបំរើការ នៅលើយន្តហោះគឺមិនសូវបានផ្តោតទៅលើរសជាតិ ប៉ុន្មានទេ ប៉ុន្តែភាគច្រើនគឺផ្តោតទៅលើភាពស្មើភាពគ្នា អាហារទាំងអស់ត្រូវធានាគុណភាពថា មិនបណ្តាលឱ្យអ្នកដំណើរមានអាឡែកស៊ីអាហារ  ឬក៏កើតមានអាការៈឈឺពោះ  រាគរូស  ពុលអាហារ ​ ឬធ្វើឱ្យជើងហោះហើរមានការលំបាក និងរវល់ដោយសារតែរឿងនេះជាដើម។

៣. ភាគច្រើនជាអាហារសម្រេចរូប៖ ធម្មតាអាហារនៅលើយន្តហោះ មានតែអាហារ កំប៉ុងស្ងួតក្រៀមៗ មិនសូវសម្បូរវីតាមីនទេ។ នេះដោយសារតែឧបករណ៍ចម្អិនអាហារ នៅលើយន្តហោះ មិនអាចធ្វើឱ្យវាមានភាពសម្បូរបែប ដូចនៅលើដីបានឡើយ។ ដូច្នេះមានតែការនាំយកអាហារ ដែលឆ្អិនស្រាប់យកទៅកម្តៅសាជាថ្មីម្តងទៀតប៉ុណ្ណោះ មុនពេលលើកមកបម្រើអតិថិជន។ សម្រាប់រសជាតិគឺវាមិនល្អដូចជាចេញពីឡក្តៅៗក្នុងភោជនីយដ្ឋាននោះទេ។ បើប្រៀបធៀបសាមញ្ញៗ វាហាក់ដូចជាការទៅផ្សារ ដើម្បីទិញម្ហូបយកមកក្លាស្សេទុកក្នុងទូទឹកកកដូច្នោះដែរ បន្ទាប់មកទើបយកវាចេញ មកកម្តៅឱ្យក្តៅ ដើម្បីបរិភោគនៅថ្ងៃស្អែក។

សរុបមកចំណុចនេះ ក្រុមហ៊ុនអាកាសចរណ៍សុទ្ធតែបានគិតគូរ ចំពោះសុខភាពផ្ទាល់ខ្លួន របស់អ្នកដំណើរទាំងអស់គ្នា។ ដូច្នេះមុនធ្វើដំណើរ ត្រូវដឹងទុកជាមុនផងក៏ល្អដែរ ដើម្បីឱ្យការធ្វើដំណើរមួយនេះ​ ប្រកបទៅដោយអារម្មណ៍រីករាយ និងសុវត្ថិភាពពេញបរិបូរណ៍៕

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]