(សៀមរាប)៖ យ៉ាងហោចណាស់ មានក្មេងប្រុសស្រីចំនួន ០៥នាក់ បានលង់ទឹកជម្រៅ ៤ម៉ែត្រកន្លះ ធ្វើឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ បងប្អូនប្រជាពលរដ្ឋ និងឪពុកម្ដាយក្មេងរងគ្រោះ ក្នុងនោះបណ្ដាលឲ្យក្មេងចំនួន ០៣នាក់ បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ ខណ:ក្មេង ០២នាក់ទៀត ត្រូវបានជួយសង្គ្រោះភ្លាមៗផងដែរ។

ករណីនេះកើតឡើងនៅវេលាម៉ោង១៦ និង៣០នាទីល្ងាច ត្រូវនិងថ្ងៃអាទិត្យទី២១ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចប្រឡាយ ទំនប់ចាល់ ស្ថិតក្នុងទឹកដីភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ 

លោកវរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក ដែលបានចុះទៅដល់កន្លែង កើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៥នាក់ខាងលើនេះមានឈ្មោះ៖ ទី១-ឈ្មោះ កែវពេជ្រ ចរណៃ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរជាសិស្ស (ជួយសង្គ្រោះបាន)។ ទី២-ឈ្មោះ កែវពេជ្រ រង្សី ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៣-ឈ្មោះ កែវពេជ្រ រក្សា ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស (ស្លាប់)។ ទី៤-ឈ្មោះ កែវពេជ្រ សុវណ្ណបញ្ញា ភេទប្រុស អាយុ០៥ឆ្នាំ( រស់នៅក្នុងបន្ទុក) និង ទី៥-ឈ្មោះ វី វិច្ឆិការ ភេទស្រី អាយុ០៧ឆ្នាំ មុខរបរសិស្ស (ជួយសង្គ្រោះបាន)។

លោកអធិការបានបន្តថា ជនរងគ្រោះទាំង០៥នាក់នេះ មាន០៤នាក់ជាបងប្អូនបង្កើត ដែលមានឪពុក ឈ្មោះ កែវ ផល្លី អាយុ ៤៦ឆ្នាំ មុខរបរ ប្រធាន មណ្ឌលសុខភាព សសរស្ដម្ភ ម្ដាយឈ្មោះ រ័ត្ន រ៉ាដា អាយុ ៤៤ឆ្នាំ មុខរបរ លក់ថ្នាំពេទ្យ ហើយត្រូវបានឈ្មោះ កែវពេជ្រ ចរណៃ ជាបងស្រីបង្កើតជិះម៉ូតូដឹកប្អូនៗទៅលេងទឹកនៅកន្លែងកើតហេតុ និងម្នាក់ទៀតទៅជាមួយ ឪពុកម្ដាយរបស់គេត្រូវបាន ជួយសង្គ្រោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលបានចុះទៅដល់ទីតាំងខាងលើ ហើយបានជួយស្រង់ ក្មេងរងគ្រោះ និងជួយដឹកសពយកមកលំនៅដ្ឋាន របស់ពួកគេស្ថិតនៅភូមិសសរស្តម្ភ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ដើម្បីឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យ ទៅតាមទំនៀមទំលាប់ប្រពៃណីសាសនា។ ក្រោយកើតហេតុភ្លាមៗ គេសង្កេតឃើញវត្តមានអភិបាលរងខេត្ត លោក គឹម ឆៃហៀង និងសមត្ថកិច្ច ចុះទៅជួយអន្តរាគមន៍ផងដែរ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន មានក្មេងប្រុស២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរក្រុមការងារសាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]