(ពោធិ៍សាត់)៖ ក្មេងប្រុស២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នា បានលង់ទឹកស្ទឹងស្លាប់ យ៉ាងអាណោចអាធ័ម ហើយត្រូវក្រុមគ្រួសារប្រទះឃើញ រសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦នេះ ត្រង់ចំណុចស្ទឹងតូច ស្ថិតក្នុងភូមិកំពង់រការ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹង​ថា កុមាររងគ្រោះទាំង២នាក់ ដែលជាបងប្អូនបង្កើតនឹងគ្នានោះ ទី១-ឈ្មោះ ព្រឹក ចាន់ដា ​អាយុ៥ឆ្នាំ និងទី២-ឈ្មោះ ព្រឹក ពេជ្រចិន្តា​ អាយុ២ឆ្នាំ មានឪពុកឈ្មោះ ហុង បូព្រឹក អាយុ៤៥ឆ្នាំ និងម្តាយឈ្មោះ ឃួន ចាន់ណា អាយុ៣៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

មន្ត្រីនគរបាលដដែល បានបន្ថែមថា​ មុនពេលកើតហេតុ កុមាររងគ្រោះទាំង២នាក់ បានចេញពីផ្ទះទៅលេងក្នុងទឹកស្ទឹងតូចខាងលើ ដោយយកដបទឹកក្រូចទៅលេងជាមួយ តាំងពីម៉ោង១២ថ្ងៃត្រង់មកម្លេះ ហើយក្រុមគ្រួសារបានបាត់យូរពេក ក៏ដើររកជាមួយប្រជាពលរដ្ឋ ស្រាប់តែប្រទះឃើញកុមាររងគ្រោះទាំង២នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្ន សពកុមាររងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ នៅគេហដ្ឋានតាមប្រពៃណី ក្នុងនោះដែរ​ក្រុមការងារ​សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ កំពុងចុះនាំយកអំណោយ ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   យាយតាកំពុងតែរវល់ បណ្ដោយឲ្យចៅប្រុសអាយុ២ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់ ក្នុងស្រុកចុងកាល គួររំលឹកផងដែរថា ក្មេងប្រុសអាយុ២ឆ្នាំម្នាក់បានស្លាប់គួរឲ្យអាសូរ ខណៈដែលឪពុកម្ដាយបង្កើត បានទុកកូនរបស់ខ្លូន ឲ្យយាយតាមើលថែ ហើយខ្លួនបានទៅរកស៊ីនៅប្រទេសថៃ។ ហេតុការណ៍នេះ កើតឡើង កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុក្មេងរងគ្រោះ បានជិះកង់រុញលេងក្បែផ្ទះ ខណៈដែលលោកយាយ របស់ក្មេងប្រុសនោះមានជម្ងឺថ្លង់ ហើយកំពុងអង្គុយធ្វើត្រីក្បែផ្ទះ និងជីតាកំពុងធ្វើទ្រុងទា លុះមួយសន្ទុះក្រោយមក ពួកគាត់បាត់ចៅមិនឃើញ ក៏បាននាំគ្នាដើររក ស្រាប់តែពេលនោះឃើញ ចៅស្លាប់អណ្តែតទឹកបាត់ទៅហើយ។ សមត្ថកិច្ចបន្ដថា ក្មេងប្រុសដែល​ស្លាប់ឈ្មោះ ជើន ណាចេ មានឪពុកឈ្មោះ ចាន់ ជួយ អាយុ២៣ឆ្នាំ និងម្ដាយឈ្មោះ ពឿន ស្រីនី អាយុ២០ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែង​កើតហេតុភា្លមៗដើម្បីពិនិត្យសាកសព ហើយរកឃើញថាក្មេងប្រុសនេះ ពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន និងបានប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]