(ក្រុងរីយ៉ូ)៖ វិរៈកីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បន្ទាប់ពីប្រកួតចាញ់កីឡាការិនីហូឡង់ បានបង្ហូរទឹកភ្នែកសម្តែងការសោកស្តាយ និងបាន សុំទោសពលរដ្ឋខ្មែរទាំងអស់ ចំពោះការបរាជ័យនេះ។

តែទោះជាយ៉ាងណាអត្តពលិកមានវ័យទើបតែ ២០ឆ្នាំ កម្ពស់ ១,៨៣ម៉ែត្រ សៀវម៉ី ក៏សូមថ្លែងអំណរអរគុណដល់ប្រជាជនខ្មែរទាំងអស់ដែលលើកទឹកចិត្តនាងរហូតមក។ នេះបើយោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិកម្ពុជា (NOCC)។ 

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាអត្តពលិក ដែលកម្ពុជារំពឹងឈ្នះមេដាយកីឡាអូឡាំពិក ឆ្នាំ២០១៦នេះ ព្រោះកញ្ញាបានឈ្នះមេដាយមាស ១គ្រឿងក្នុងវគ្គជម្រុះនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីខែមេសា ឆ្នាំ២០១៦ តែមកចាញ់គូប្រជែងរបស់ហូឡង់ Reshimie Oogink វ័យ ២៧ឆ្នាំ កម្ពស់ ១,៧៩ម៉ែត្រ ដោយលទ្ធផលបច្ចេកទេស ១-៧ ក្នុងវគ្គ១៦នាក់ កីឡាតេក្វាន់ដូ ផ្នែកនារីទម្ងន់លើស ៦៧គីឡូក្រាម៕

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី បានឲ្យដឹងថា ត្រូវប្រជែងទល់នឹងកីឡាការិនី Reshimie Oogink មកពីប្រទេសហូឡង់ ក្នុងជុំទី១ ប្រភេទទម្ងន់លើស ៦៧គីឡូក្រាម (+67Kg) ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃប្រទេសប្រេស៊ីល។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា១ប្រកួតរបស់ម្ចាស់មេដាយមាសប្រចាំទ្វីបអាស៊ី ដែលត្រូវប្រជែងទល់នឹងកីឡាការិនីហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧គីឡូក្រាម ក្នុងការប្រជែងយកមេដាយឡើងទៅវគ្គ៨នាក់ចុងក្រោយ និងស្វែងរកមេដាយនៅក្នុងកីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ ត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡាអូឡាំពិក ប្រចាំទ្វីបអាស៊ី ស៊ន សៀវម៉ី វ័យ២០ឆ្នាំ កម្ពស់ ១.៨៣ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

សូមរំលឹកផងដែរថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូន ៤ប្រភេទកីឡាចូលរួមនឹងគេដែរ រួមមានកីឡាតេក្វាន់ ១រូប កីឡាហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកែប្រែប្រវត្តិសាស្រ្តថ្មី យកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ២-១ ក្នុងមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]