(ភ្នំពេញ)៖ កីឡាការិនីតេក្វាន់ដូឆ្នើមកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រជែងទល់នឹងកីឡាការិនី Reshimie Oogink មក​ពី​ប្រទេស​ហូឡង់ ក្នុង​ជុំ​ទី​១ ប្រភេទ​ទម្ងន់​លើស ៦៧​គីឡូ​ក្រាម (+67Kg) ក្នុង​ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវក្តៅ នៅទីក្រុង Rio de Janeiro 2016 នៃ​ប្រទេស​ប្រេ​ស៊ីល​។

យោងតាម Facebook Page ផ្លូវការរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា នេះជា​១ប្រកួតរបស់ម្ចាស់​មេ​ដាយ​មាស​ប្រចាំ​ទ្វីប​អាស៊ី ដែល​ត្រូវ​ប្រជែង​ទល់​នឹង​កីឡាការិនី​ហូឡង់ Oogink ក្នុងវគ្គ១៦នាក់ ប្រភេទកីឡាតេក្វាន់ដូ ទម្ងន់ធ្ងន់ វិញ្ញាសា +៦៧​គីឡូ​ក្រាម ក្នុង​ការ​ប្រជែង​យក​មេ​ដាយ​ឡើង​ទៅ​វគ្គ​៨​នាក់​ចុង​ក្រោយ និង​ស្វែង​រក​មេដាយ​នៅ​ក្នុង​កីឡាអូឡាំពិក លើកទី៣១ នេះ។

ពួកគេទាំងពីរ នឹងត្រូវប្រកួតគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ គ្រាដែលម្ចាស់មេដាយមាស នៃវគ្គជម្រុះកីឡាអូឡាំពិក ប្រចាំ​ទ្វីប​អាស៊ី ស៊ន សៀវម៉ី វ័យ​២០​ឆ្នាំ កម្ពស់ ១.៨៣​ម៉ែត្រ ប៉ះកីឡាការិនីហូឡង់ ដែលមានវ័យ២៧ឆ្នាំ កម្ពស់ ១.៧៩ម៉ែត្រ ដែលជាជើងខ្លាំងមួយរូបផងដែរ។

សូមរំលឹកផងដែរថា សម្រាប់ការចូលរួមព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តង ឆ្នាំ២០១៦នេះ កម្ពុជា បានបញ្ជូន ៤ប្រភេទ​កីឡា​ចូល​រួម​នឹង​គេ​ដែរ រួម​មាន​កីឡា​តេក្វាន់ ១​រូប កីឡា​ហែល ២រូប កីឡាចំបាប់ ១រូប និងកីឡាអត្តពលកម្ម ២រូប ក្រោមការដឹកនាំរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានចេញដំណើរទៅប្រទេសប្រេស៊ីល តាំង ពីរាត្រីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្រប​ពេល​ដែល​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា បា​ន​កែ​ប្រែ​ប្រវត្តិ​សាស្រ្ត​ថ្មី យក​ឈ្នះ​ក្រុម​សិង្ហ​បុរី ដោយ​លទ្ធ​ផល ២-១ ក្នុង​មិត្ត​ភាព​អន្តរ​ជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ស៊ន សៀវម៉ី ត្រូវ​ប្រជែង​ជា​មួយ​នឹង​អត្ត​ពលិក​មក​ពី ១៥​ប្រទេស ដើម្បី​ស្វែង​រក​មេ​ដាយ ក្នុង​កីឡា​អូ​ឡាំ​ពិក Rio 2016 ។គួររំលឹកផងដែរថា កីឡាការិនីឆ្នើមកម្ពុជា ស៊ន សៀវម៉ី ត្រូវប្រជែងទល់នឹងអត្តពលិកមកពីជុំវិញពិភពលោក ១៥​ប្រទេស​ផ្សេង​ទៀត ក្នុង​ការ​​ដណ្តើម​យក​មេ​ដាយ ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិក រដូវ​ក្តៅ Rio 2016 នៅប្រទេស ប្រេស៊ីល ដែលចាប់ផ្តើមសម្ពោធក្នុង​សប្តាហ៍​នេះ​ហើយ​។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន និងជានាយកបេសកកម្មផងនោះបាន​ថ្លែង​ប្រាប់ Khmertalking តាម​ទូរ​ស័ព្ទ​ពី​ប្រទេស​ប្រេ​ស៊ីល​ថា កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី នឹងប្រកួតកីឡាតេក្វាន់ដូ វិញ្ញាសាទម្ងន់ +៦៧គីឡូក្រាម ដែលមានអត្តព​លិក​មក​ពី​១៦​ប្រទេស​ចូល​រួម​ក្នុង Olympic Games 2016 ដោយ​មាន កីឡាការិនីមកពីប្រទេសចិន នេប៉ាល់ ហ្វីលីពីន និងកម្ពុជា មកពីទ្វីបអាស៊ី។

លោកបានបន្តទៀតថា ក្រៅពីនេះមានមកពីប្រទេសអង់គ្លេស បារាំង ហូឡង់ ម៉ិចស៊ិក កូដឌីវ័រ ស៊ែប៊ី ន័រវ៉េ និងប្រទេសផ្សេងៗទៀត ក្នុង​កា​រ​ចូល​រួម​ប្រកួត​យក​មេ​ដាយ ដោយ​អត្ត​ពលិក​ណា​ចាញ់ នឹងហាលអាវតែម្តង គ្រាដែលអ្នកឈ្នះ នឹង ឡើងទៅកាន់វគ្គ ៨​នាក់​ចុង​ក្រោយ​តែ​ម្តង​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ន សៀវម៉ី