ស៊ីរីុ៖ កាលពីម្សិលមិញនេះ ប្រិយមិត្តជាច្រើនច្បាស់ជាបានជ្រាបហើយ ពីព័ត៌មានមួយស្តីពីក្មេងប្រុស សញ្ជាតិស៊ីរីុម្នាក់ បានរងគ្រោះក្នុងហេតុការណ៍សង្រ្គាម ហើយបានធ្វើឲ្យមហាជនទូទាំងពិភពលោក មានការសោកសៅ និងសម្រក់ទឹកភ្នែក នៅពេលដែលរូបថតប៉ុន្មានសន្លឹក របស់ក្មេងប្រុសរូបនេះ ត្រូវបានផ្សព្វផ្សាយរួចមក។

រូបថតប៉ុន្មានសន្លឹកនេះ កំពុងតែបន្តអង្រួនចិត្ត ប្រជាជនជុំវិញពិភពលោក ដោយសារក្តីអាណិតអាសូរ សូម្បីតែអ្នកអត្ថាធិប្បាយបុស្តិ៍ព័ត៌មាន CNN ក៏និយាយទាំងអួលដើមកផងដែរ។

អ្នកអត្ថាធិប្បាយប៉ុស្តិ៍ទូរទស្សន៍ CNN ត្រូវបានគេស្គាល់ឈ្មោះថា Kate Bolduan ។ នាងបានអត្ថាធិប្បាយទាំងអួលដើមក នៅពេលដែលឃើញរូបភាពក្មេងប្រុសដ៏គួរឲ្យអាណិតអាសូរនោះ ដោយពោលពាក្យសឹងតែមិនចេញថា «នេះគឺជា Omran , គេនៅរស់ ហើយនេះគឺជារឿងដែលអ្នកគ្រប់គ្នាគួរដឹង» ។

គួររំលឹកផងដែរថា ក្មេងប្រុសដ៏គួរឲ្យអាណិតនោះ មានឈ្មោះថា Omran Daqneesh។ រូបភាពក្មេងប្រុសដែលអង្គុយនៅក្នុងឡានពេទ្យ ដែលប្រឡាក់ដោយធូលី និងឈាមនៅលើដងខ្លួននេះ បានធ្វើឲ្យមហាជនទូទាំងពិភពលោក បានសម្តែងចេញនូវអារម្មណ៍អាណិតអាសូរ ដោយសារតែសង្រ្គាមដ៏ព្រៃផ្សៃ បានកើតឡើងនៅក្នុងប្រទេសស៊ីរីុ។

យោងតាមប្រភពបានឲ្យដឹងថា ក្មេងប្រុសរូបនេះ និងក្រុមគ្រួសាររបស់គេ ត្រូវបានរងគ្រោះដោយសារយន្តហោះទម្លាក់គ្រាប់បែក កាលពីថ្ងៃពុធកន្លងទៅ ធ្វើឲ្យផ្ទះសំបែងជាច្រើនត្រូវខូចខាតខ្ទេចគ្មានសល់ ប៉ុន្តែជាសំណាង ក្រុមគ្រួសាររបស់ Omran មិនមាននរណាម្នាក់ រងរបួសដល់អាយុជីវិតនោះទេ។

បើយោងតាមប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា សង្គ្រាមនេះកើតឡើងដោយសារការទម្លាក់គ្រាប់បែកពីប្រទេសរុស្ស៊ី ហើយក្នុងសង្រ្គាមនេះដែរ បានធ្វើឲ្យមនុស្សជាច្រើននាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្នុងនោះមានកុមារប្រមាណ ៤,៥០០ នាក់ផងដែរ៕

ប្រភព៖ CNN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]