ក្រោយពីលេចចេញនូវព័ត៌មាន តារាចម្រៀង ថ្គាមខ្លា ដែលមានស្វាមី ជាអាណិកជនខ្មែរ-អាមេរិក អ្នកនាងពេជ្រ សោភា ចាកចេញពីសិល្បៈនោះ បានធ្វើឲ្យអ្នកគាំទ្រ នាងជាច្រើន សម្តែងអារម្មណ៍ មិនសប្បាយចិត្ត និងសោកស្តាយតារា ក្នុងដួងចិត្តរបស់ពួកគេ យ៉ាងខ្លាំង។ ប៉ុន្តែ ទោះជាយ៉ាងណា អ្នកនាង ពេជ្រ សោភា ក៏បានបន្សល់ទុកនូវស្នាដៃ Original Song ចុងក្រោយ មួយបទបន្ថែមទៀត និងមានចំណងជើងថា “អូនទៅហើយ” ដែលបានទទួល ការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់ទស្សនិកជនជាច្រើន គ្រប់ទិសទី។

នេះហើយជាហេតុ ដែលបណ្តាលឲ្យលោក បាន ចន្ទី សុខចិត្តចំណាយពេលនិពន្ធចម្រៀងដោយខ្លួនឯង ឆ្លើយតបទៅវិញ ដែលមានចំណងជើងថា “អូនកុំទៅ” ក្នុងគោលបំណង បង្ហាញនូវអារម្មណ៍ ដែលមិនចង់ឲ្យ អ្នកនាង ពេជ្រ សោភា ចាកចេញពីសិល្បៈ និងក៏ជាការសំណូមពរពី Fan របស់អ្នកនាង ពេជ្រ សោភា ផងដែរ។ គួរបញ្ជាក់ផងដែរថា លោកបាននិពន្ធចម្រៀងនេះ ជាងមួយខែមកហើយ និងទើបតែបាន Record ជាផ្លូវការថ្មីៗនេះប៉ុណ្ណោះ ដោយមានការជួយពី CT Production របស់ប្រទេសថៃ។

អ្វីដែលពិសេសនោះគឺ អ្នកនាងពេជ្រ សោភា ក៏បានចែករំលែក វីដេអូចម្រៀងនេះ ដោយបញ្ជាក់ពីភាពភ្ញាក់ផ្អើលលើបណ្តាញសង្គម Facebook ថា « Wow » ទៀតផង។ លើសពីនេះទៅទៀត លោកក៏មានគម្រោង បង្កើតជា MV របស់ចម្រៀងមួយបទនេះផងដែរ ប្រសិនជាមានអ្នកគាំទ្រ និងចង់ឲ្យលោកថតជាវីដេអូចម្រៀងបន្តទៀត៕ 

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា កាលពីពេលកន្លងទៅនេះ Khmerload ក៏ធ្លាប់ធ្វើការសំភាសន៍ជាមួយនឹង លោក បាន ចន្ទី ផងដែរ ទាក់ទងនឹងបទពិសោធន៍ជីវិត។ ជាក់ស្ដែងណាស់ សព្វថ្ងៃ លោកជានិស្សិតអាហាររូបករណ៍ សម្តេចចក្រីសេរិនថន សិក្សាឆ្នាំទី ៣ ផ្នែកសិល្បៈទំនាក់ទំនង មុខជំនាញភាពយន្ត និងស្ប៉តពាណិជ្ជកកម្ម នៅសកលវិទ្យាល័យរាជាផាត់ឈៀងម៉ៃ ហើយអ្វីដែលពិសេសនោះគឺ លោកក៏ជាតារាចម្រៀងលូកធូងថៃផងដែរ ហើយសព្វថ្ងៃ លោក ស្នាក់នៅឯឈៀងម៉ៃ ប្រទេសថៃ ដែលជាប់ទៅរៀននៅទីនោះ តាំងពីឆ្នាំ ២០១៤ ហើយនិងបញ្ចប់ការសិក្សានៅឆ្នាំ ២០១៨។

នៅក្នុងនោះ លោក បាន ចន្ទី បានរៀបរាប់ពីការសិក្សា, បញ្ហារស់នៅ ដូចជា ភាសា  អាហារ ហើយការលំបាកកាន់តែមានបន្ថែមទៀតនោះ នៅពេលដែលលោក ត្រូវរៀនផង និងច្រៀងផង។

យ៉ាងណាមិញ លោកក៏ធ្លាប់ ត្រូវបានឲ្យអញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌ នៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាមួយនឹង អ្នកនាង ពេជ្រ សោភា និងលោក ដេវីដ កាលពីពេលថ្មីកន្លងនេះទៅដែរ នៅពេលដែលលោកត្រលប់មក លេងស្រុកកំណើត ហើយលោក ចន្ទី ក៏ត្រូវបានគេអញ្ជើញជាបន្តបន្តាប់ ឲ្យថតស្ប៉ត និងចូលរួមកម្មវិធីសប្បុរសធម៌ នៅ CKCC កាលពីថ្ងៃទី ២០ មិថុនា មុននេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]