កោះតៃវ៉ាន់៖ យើងដឹងហើយថា Pokémon GO ជាហ្គេមមួយដែល លេងដោយប្រើប្រព័ន្ធ GPS វាអាចដំណើរការ បាននៅក្នុងទូរស័ព្ទដៃរបស់អ្នកទាំង iOS និង Android។ សម្រាប់បច្ចុប្បន្ននេះវាកំពុង តែមានឈ្មោះល្បីល្បាញ និងពេញនិយមលេង យ៉ាងខ្លាំងក្លាណាស់នៅអាមេរិក។

ស្របពេលថ្មីៗនេះ ហ្គេមដ៏មានមានប្រជាប្រិយភាព ពីសំណាក់យុវវ័យនេះ ដែលទើបតែ ដំណើរការលេង ក្នុងតំបន់អាស៊ីយើងនេះ គេសង្កេតឃើញថា មិនថាតែយុវវ័យ ឬចាស់ៗតែប៉ុណ្ណោះទេ សុទ្ធតែជក់ចិត្តលេងរហូតដល់ថ្នាក់ អ្នកខ្លះភ្លេចនឹកនាបាយទឹក ក៏មានដែរ។

ដោយឡែក បើក្រឡេកទៅមើលឯ កោះតៃវ៉ាន់ឯណោះវិញ សន្ទុះនៃការលេងហ្គេម Pokémon Go នេះ ហាក់បីដូចជា មានការពេញនិយមច្រើន បន្ទាប់ពីហ្គេមមួយនេះ ដាក់ដំណើរការឲ្យលេង ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះ ខណៈខាងមន្រ្តីប៉ូលិស កំពុងតែចេញប្រតិ្តបត្តការក្តៅ តាមចាប់ជនដែលលេងហ្គេមនេះ ក្នុងអំឡុងពេលកំពុងតែបើកបរផងដែរ ព្រោះវាជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ផ្សេងៗ កើតឡើងជាយថាហេតុ ដែលបង្កអន្តរាយដល់ខ្លួនឯង និងអ្នកដទៃផងដែរ។

ប្រភពក្នុងតំបន់ បានឲ្យដឹងថា ត្រឹមតែរយៈពេល២ថ្ងៃ ក្រុមហ៊ុនហ្គេម Pokémon Go ដែលបានប្រកាសតាមរយៈបណ្តាញសង្គម Twitter របស់ខ្លួនថា តំបន់មួយចំនួនក្នុងតំបន់អាស៊ី ក្នុងនោះមានកោះតៃវ៉ាន់ផងនោះ គឺអាចលេងហ្គេមនេះបាន។

ផ្ទុយទៅវិញ បើក្រឡេកទៅមើលច្បាប់នៅតៃវ៉ាន់ ហាក់បីដូចជាតឹងរឹងបន្តិច ពោលគឺនាយកដ្ឋានមួយរបស់រដ្ឋាភិបាល បានចេញច្បាប់រួចទៅហើយ ជាពិសេសទាក់ទង នឹងការលេងហ្គេមតែម្តង ដែលប្រជាពលរដ្ឋក្នុងតំបន់មិនគួរមើលរំលងឡើយ។

ច្បាប់នេះប្រសិនណា ប្រជាពលរដ្ឋលេងហ្គេម ក្នុងអំឡុងពេលបើកបរ នឹងត្រូវផាកពិន័យចំនួនទឹកប្រាក់ប្រមាណ ៩៥ដុល្លារអាមេរិក ហើយសម្រាប់អ្នកលេងហ្គេមក្នុងអំឡុងពេលជិះម៉ូតូ ឬកង់វិញ នឹងត្រូវផាកពិន័យក្នុងចំនួនទឹកប្រាក់ប្រមាណ ៣២ដុល្លារអាមេរិក។ សម្រាប់អ្នកបង្កភាពរាំងស្ទះចរាចរណ៍តាមដងផ្លូវក្នុងរូបភាពផ្សេងៗវិញ ក៏នឹងអាចទទួលរងការផាកពិន័យ ក្នុងចំនួនទឹកប្រាក់ប្រមាណ ១០ដុល្លារអាមេរិក ផងដែរ។

បើតាមការឲ្យដឹងពីរដ្ឋបាលផ្លូវដែក (Taiwan Railways Administration) ក្នុងតំបន់បានឲ្យដឹងថា បន្ទាប់ពីហ្គេម Pokémon Go មកដល់កោះតៃវ៉ាន់ គេសង្កេតឃើញមនុស្សម្នាជាច្រើន នាំគ្នាមកចាប់សត្វ Pokémon តាមបណ្តោយផ្លូវស្ថានីយ៍រថភ្លើងយ៉ាងយូរក៏មួយម៉ោងទៅពីរម៉ោងដែរ។ ហេតុនេះហើយ ត្រូវតែធ្វើការហាមឃាត់ជាបន្ទាន់មិនអនុញ្ញាត ឲ្យលេងហ្គេមប្រភេទនេះ នៅទីតាំងស្ថានីយ៍រថភ្លើង និងក្នុងរថភ្លើងឡើយ ក៏ដូចជាតំបន់ផ្សេងៗទៀតផងដែរ ព្រោះវាងាយនឹងអាចបណ្តាលឲ្យមានគ្រោះថ្នាក់ណាស់។

ចំណែកក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងព្រមានទៅកាន់ប្រជាពលរដ្ឋដែលលេងហ្គេមនេះ មិនអនុញ្ញាតឲ្យចូល ឬត្រូវតែចេញឲ្យឆ្ងាយ ត្រង់ចំណុចទីតាំងភូមិសាស្រ្ត នៃតំបន់យោធា ក៏ដូចជាទីតាំងជំរំទ័ព ដែលមានព្រំដែនត្រឹមត្រូវ ចៀសវាងមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។

ដោយឡែក លោកនាយករដ្ឋមន្រ្តី Lin Chuan នៃកោះតៃវ៉ាន់ បានសរសេរសារខ្លីមួយ លើទំព័រហ្វេសប៊ុករបស់លោកថា «បើចាប់សត្វដ៏កម្រនោះក៏ចាប់ចុះ ប៉ុន្តែកុំចាប់ ឬនាំគ្រោះថ្នាក់ មកដាក់ខ្លួនឡើយ»

គូសបញ្ជាក់ផងដែរថា អ្នកប្រព្រឹត្តខុស លេងហ្គេម Pokémon Go ក្នុងទឹកដីកោះតៃវ៉ាន់ អំឡុងពេលបើកបរនេះ ត្រូវបានចាប់ខ្លួន និងផាកពិន័យរួចរាល់ មានជាង ៣៤៩នាក់មកហើយ។

រីឯខាងសារមន្ទីរជាតិនៃទីក្រុងតៃប៉ិ បានបញ្ចេញសារខ្លី ហាមឃាត់ប្រជាពលរដ្ឋ មិនអនុញ្ញាតឲ្យលេងហ្គេម Pokémon Go នេះក្នុងសាលពិព័រណ៍ ខាងក្នុងឡើយ ៕

ប្រភព៖ Shanghaiist

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]