ខេត្តបាត់ដំបង ៖ បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​ម្នាក់​ដើរតួ​ជា​អ្នក​ទំនាក់ទំនង​រកស៊ី ឯ​ម្នាក់​ទៀត​ដើរតួ​ជា​ថៅកែ ណាត់ជួប​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​ដើម្បី​ពិភាក្សា​គ្នា​រឿង​រកស៊ី តែ​បែរជា​ចាប់ជំរិត​ទារប្រាក់​ពី​ថៅកែ​នោះ​ទៅ​វិញ ។

ជន​ទាំង​២​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​ដីកា​របស់​សាលាដំបូង​ខេត្ត​ប៉ៃលិន​កាល​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ខណៈ​កំពុង​ផឹកស៊ី​នៅ​ក្នុង​អាហារ​ដ្ឋា​ន​យីហោ «​បឹង​សែន​ត្រជាក់ចិត្ត​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ក្រោយ​ការ​សហការ​គ្នា​រវាង​អាវុធហត្ថ​ខេត្តបាត់ដំបង និង​អាវុធហត្ថ​ខេត្ត​ប៉ៃលិន ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​​ថា ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន ១-​ឈ្មោះ ហៀ​ង សុ​ភក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន ឃុំ​ប៉ោយ​ប៉ែ​ត ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ២-​ឈ្មោះ កា ប៊ុ​ន​ស ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់​ ម្នាក់​បាន​ដើរតួរ​ជា​អ្នក​ស្គាល់​ថៅកែ​ជនជាតិ​ថៃ ឯ​ម្នាក់​ទៀត​ដើរតួ​ជា​ថៅកែ​បាន​ទំនាក់​ទំនង​ណាត់ជួប​ដើម្បី​ទំនាក់ទំនង​រកស៊ី​ជាមួយ​ថៅកែ​ជនជាតិ​ថៃ ។

ខណៈ​ពេល​ជួប​ជាមួយ​ថៅកែ​ជនជាតិ​ថៃ​នៅ​ខេត្ត​ប៉ៃលិន បុរស​ទាំង​២​នាក់​នេះ​បាន​ល្បួង​ថៅកែ​ជនជាតិ​ថៃ​នោះ​មក​កាន់​ខេត្តឧត្តរមានជ័យ​ រួច​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​តែ​ម្តង ដោយ​បង្ខំ​ឲ្យ​សាច់ញាតិ​ថៅកែ​ជនជាតិ​ថៃ​នោះ​ផ្ញើរ​ប្រាក់​មក​ឲ្យ តែ​សាច់ញាតិ​មិន​បាន​ផ្ញើរ​មក​ឲ្យ​ទេ ។

ពេល​នេះ​បុរស​ទាំង​២​នាក់​នេះ​បាន​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​មាន​ជាប់​ខ្លួន​ថៅកែ​ជនជាតិ​ថៃ​នោះ​រួម​មាន ទូរស័ព្ទ​អាយ​ហ្វូ​ន​៦​គ្រឿង លុយ​ថៃ​ជាង​១​ម៉ឺន​បាត និង​គ្រឿងអលង្កា​រមាស​ជាង​៥​តម្លឹង ។ ក្រោយ​ពី​ប្លន់​រួច​ក៏​ដោះ​លែង​ថៅកែ​នោះ​ទៅ​វិញ​ទៅ ។

ក្រោយ​ពេល​ដោះ​លែង ថៅកែ​ជនជាតិ​ថៃ​នោះ​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ខេត្ត​ប៉ៃលិន ទើប​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ជន​សង្ស័យ​ទាំង​២​នាក់​ និង​ដកហូត​បាន​រថយន្ត​១​គ្រឿង​ផង​ដែរ ។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​បញ្ជូន​ទៅ​ដល់​ដៃ​តុលាការខេត្ត​ប៉ៃលិន​ហើយ ៕

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ដោយឡែកករណីមួយវិញទៀត កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ បានចុះបង្ក្រាបទីតាំងចាប់បជំរិតតាមប្រព័ន្ធ Internet ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយធ្វើការឃាត់ខ្លួន ជនជាតិចិន២៧នាក់ ក្នុងនោះស្រី៦នាក់ ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា អគ្គរងនៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP)។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]