(ភ្នំពេញ)៖ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងខណ្ឌចំការមន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះបង្ក្រាបទីតាំងចាប់បជំរិតតាមប្រព័ន្ធ Internet ស្ថិតនៅខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយធ្វើការឃាត់ខ្លួន ជនជាតិចិន២៧នាក់ ក្នុងនោះស្រី៦នាក់ ព្រមទាំងការដកហូតបានឧបករណ៍ និងសម្ភារមួយចំនួនទៀត។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ ម៉ម ស្រ៊ីវណ្ណា អគ្គរងនៃអគ្គនាយកដ្ឋាអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក មាស ច័ន្ទពិសិដ្ឋ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២៧ ស្រីចំនួន៦នាក់ នៅផ្ទះលេខ4 ផ្លូវ1992 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពីបទ ឆបោក និងជំរិតទារប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា internet (VOIP)។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា ក្រោយការចាប់ខ្លួនរួចមក កម្លាំងនគរបាល បានបន្តចុះឆែកឆេរលំនៅឋានលេខ៥២អា ផ្លូវ៤៣០ ក្រុម១០ ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ នៅពេលនេះជនជាតិចិនត្រូវបានយកទៅសួរនាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីនេះ ធ្លាប់មានករណីចាប់ជំរិតមួយធ្លាប់កើតឡើងម្តងដែរ គឺកាលពី១៤ ខែធ្នូ ឆ្នាំ២០១៥ ឆ្នាំមុន  គួររំលឹកថា សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ខ្មែរ-ចិន ៧នាក់ ពាក់ព័ន្ធករណី ចាប់ជំរិត នៅពីរគោលដៅ ផ្សេងគ្នា។

យោងតាមសមត្ថកិច្ច រាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យក្នុង ករណីចាប់ជំរិត ក្នុងរាជធានីភ្នំពេញ៧នាក់ ដែលមានទាំងជនជាតិចិន និងជនជាតិខ្មែរ ក្នុងនោះ ស្ត្រី២នាក់ផងដែរ ត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាប នៅក្នុងពីរគោលដៅផ្សេងគ្នា ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ។

យោងតាមមន្ត្រីសមត្ថិកិច្ចរាជធានីភ្នំពេញ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល កាលពីយប់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៥ ការបង្ក្រាប់បក្ខពួកមុខសញ្ញាប្លន់នោះ បាន ធ្វើនៅពីគោលដៅផ្សេងគ្នា ក្នុងគោលដៅទី១ កម្លាំងសមត្ថកិច្ច បានបង្ក្រាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលមាន ជនជាតិចិន ២នាក់ និងស្ត្រីខ្មែរម្នាក់ ដែលត្រូវជាប្រពន្ធមេខ្លោងជនជាតិចិន ដែលទីតាំងនេះស្ថិតនៅក្នុង សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ក្នុងនោះសមត្ថកិច្ចក៏បានជួយរំដោះជនរងគ្រោះចំនួន៣នាក់ផងដែរ។ ដោយឡែកនៅគោលដៅទី២ សមត្ថកិច្ចបានធ្វើការបង្ក្រាប់ជនសង្ស័យចំនួន៤នាក់ ដែលក្នុងនោះមានបុរស ជនជាតិចិន ៣នាក់ និងស្រ្តីជនជាតិខ្មែរម្នាក់ ដែលមានទីតាំងនៅក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]