ប្រេស៊ីល៖ ព្រឹត្តការណ៍កីឡា Olympic រដូវក្តៅ ឆ្នាំ២០១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកនេះតទៅហើយ គឺចំថ្ងៃទី០៥ ខែសីហា ដែលមានអត្តពលិកជាច្រើនប្រទេសបណ្តាទូទាំងសាកលលោកចូលរួម ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។ 

គួររំលឹកផងដែរថា រយៈពេលប៉ុន្មានថ្ងៃមុនកន្លងទៅនេះ អត្តពលិករបស់ប្រទេសកម្ពុជាយើង ក៏បានចេញដំណើរទៅដល់ប្រទេសប្រេស៊ីល ប្រកបដោយសុវត្ថិភាពហើយដែរ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កីឡាការិនី ស៊ន សៀវមីុ ដែលជាកីឡាការិនីដែលគេជឿជាក់ថាអាចនឹងយកមេដាយ ជូនប្រទេសជាតិ។ ប៉ុន្តែក្រលេកមកមើល វិញ្ញាសារហែលទឹកវិញ កម្ពុជាក៏បានបញ្ចូនអត្តពលិក២រូបដែរ ដើម្បីទៅចូលរួមប្រកួត មួយរូបក្នុងនោះក៏មានកីឡាការនី ហែមថុន វិទីនី ផងដែរ ដែលកីឡាការនីរូបនេះ ត្រូវបានគេស្គាល់ថា ធ្លាប់ជាគូស្នេហ៍របស់កីឡាករ ចាន់ វឌ្ឍនាកា ។

ក្នុងអំឡុងពេលដែលស្ថិតក្នុងប្រទេសប្រេស៊ីល មុននេះបន្តិច កីឡាការិនី ហែមថុន វិទីនី បានបង្ហោះរូបភាពមួយសន្លឹកក្នុងបណ្តាញសង្គមហ្វេសបុករបស់កញ្ញា ដោយកញ្ញាជួបថតរូបផ្ទាល់ជាមួយ ម្ចាស់កំណត់ត្រាពិភពលោក ផ្នែកកីឡារត់ប្រណាំង គឺកីឡាករ Usain Bolt ។ ជាមួយរូបថតមួយសន្លឹក ដែលវិទីនីបានបង្ហោះនោះ គឺកញ្ញាបានសម្តែងនូវអារម្មណ៍រីករាយយ៉ាងក្រៃលែង នៅពេលដែលបានជួបអត្តពលិកដ៏ល្បីរូបនេះ ដោយក្នុងសារនាងបាននិយាយថា «Great moment in dining hall with #usain #bolt , can’t wait to see him bring a beat again » ។ វិទីនី ក៏បានបន្ថែមក្នុងន័យនិយាយបែបកំប្លែងទៀតដែរថា «បិុអាវខ្មៅនឹងមានអីអស្ចារ្យ គ្រាន់តែរកអ្នករត់ឈ្នះគាត់មិនទាន់ឃើញនឹង»

គួរបញ្ជាក់ផងដែរថា Usain Bolt ដែលមានសញ្ជាតិ ចាម៉ៃកា គឺជាអត្តពលិកផ្នែកកីឡារត់ប្រណាំងដ៏ល្បីមួយរូប ដែលធ្លាប់ទទួលបានមេដាយមាស ២សម័យ ជាប់ៗគ្នា កាលពីអូឡាំពិកឆ្នាំ ២០០៨ និង ២០១២ ហើយថែមទាំងបានបំបែកកំណត់ត្រាពិភពលោកទៀតផង ។ 

ដូច្នេះសង្ឃឹមថាអត្តពលិកកម្ពុជាទាំងអស់ ខំប្រឹងប្រែងក្នុងការប្រកួត ហើយជូនពរឲ្យទទួលបានជោគជ័យ និងនាំមេដាយជូនប្រទសជាតិមាតុភូមិ៕

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ចាន់ វឌ្ឍនាកា មានកិត្តិយស ទទួលទាន អាហារថ្ងៃត្រង់ ជាមួយសម្តេចតេជោ នៅខេត្តកំពត។ គួររំលឹកផងដែរថា កីឡារករ ចាន់ វឌ្ឍនាកា ត្រូវបានផ្តល់ជាកិត្តិយស ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយសម្តេចអញ្ចើញរូបគេ មកទទួលទានអាហារថ្ងៃត្រង់ជាមួយសម្តេច នៅឯខេត្តកំពត ស្របពេលដែលសម្តេចបានចុះទស្សនកិច្ចនៅទីនោះផ្ទាល់ ។

ជាមួយគ្នានេះដែរ នៅក្នុងគេហទំព័រហ្វេសបុក របស់ វឌ្ឍនាកា ក៏បានសរសេរសារមួយដែលទាក់ទង នឹងការទទួលអាហារថ្ងៃត្រង់នេះថា «ខ្ញុំបាទ ចាន់ វឌ្ឍនាកា កីឡាករជម្រើសជាតិកម្ពុជានិងក្លិបបឹងកេតអង្គរ ពិតជាមានកិត្តិយសខ្លាំងណាស់ដែលត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីអនុញ្ញាតឱ្យចូលរួមទទួលទានអាហារថ្ងៃត្រង់ជាមួយសម្ដេចនៅខេត្តកំពត។ ក្នុងនាមយុវជនមួយរូបដែលជាសសរទ្រូងនៃប្រទេសជាតិ ខ្ញុំបាទសូមថ្លែងអំណរគុណសម្ដេចដែលតែងយកចិត្តទុកដាក់និងផ្ដល់ឱកាសដល់យុវជនទាំងអស់របស់កម្ពុជា ក៏ដូចជាការលះបង់របស់សម្ដេចក្នុងការប្ដូរយកសុខសន្តិភាពជូនប្រទេសកម្ពុជាយើងឱ្យមានការរីកចម្រើនទៅមុខ។ ខ្ញុំបាទប្ដេជ្ញាប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីរួមចំណែកលើកមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ តាមរយៈក្រុមបាល់ទាត់ជម្រើសជាតិនិងក្លិប។ សូមសម្ដេចនិងក្រុមគ្រួសារជួបប្រទះតែពុទ្ធពរទាំង៤ប្រកា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]