(បន្ទាយមានជ័យ)៖ ជនសង្ស័យម្នាក់បានសុំផ្ទះគេស្នាក់នៅ១យប់ ពេលម្ចាស់ផ្ទះមិននៅ ឆ្លៀតឱកាសលួចយកម៉ូតូរបស់ម្ចាស់ផ្ទះ ជិះគេចបាត់តែសំណាងអាក្រក់ ត្រូវអស់សាំងតាមផ្លូវ រួចយកម៉ូតូលាក់ទុកនៅក្នុងព្រៃ ហើយរត់គេចខ្លួនបាត់ ស្រាប់តែមន្ដ្រីអាវុធហត្ថប្រទះឃើញ ក៏យកមករក្សាទុកនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ក្រោយមកជនសង្ស័យបានចេញមុខអះអាងថា ជាកម្មសិទ្ធរបស់ខ្លូន ប៉ុន្ដែគ្មានឯកសារបញ្ជាក់ត្រូវអាវុធហត្ថចាប់ខ្លួនតែម្ដង។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការខេត្ត បានឲ្យដឹងថា មន្ដ្រីអាវុធហត្ថស្នាក់ការ សន្តិសុខ៦៦៦ ភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏បានប្រទះឃើញម៉ូតូ១គ្រឿង ដែលគេយកមកប្លុងចោលនៅក្នុងព្រៃ រួចស្រាវជ្រាវរកម្ចាស់លុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ម្សិលមិញនេះ ស្រាប់តែជនសង្ស័យបានចេញមុខមកយកម៉ូតូ ដោយអះអាងថាខ្លួនជាម្ចាស់ម៉ូតូ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់នោះទេ ក្រោយមកអាវុធហត្ថក៏បានចាប់ខ្លួនតែម្ដង។

លោកបន្តថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ មានជនរងគ្រោះម្នាក់ ឈ្មោះទិដ្ឋ រដ្ឋ អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានមកដាក់ពាក្យបណ្ដឹងថា ខ្លូនបាត់ម៉ូតូ ម៉ាកWave C១១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ1H-4602។

លោកឧត្តមសេនីយ៍ត្រី បញ្ជាក់ថា បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ត្រង សង្គម ហៅសង្គោម អាយុ១៩ឆ្នាំ បានសារភាពថា ខ្លូនពិតជាបានលួចម៉ូតូរបស់ឈ្មោះ ទិដ្ឋ រដ្ឋ នេះពិតប្រាកដមែន ក្រោយពីលួចបានហើយ ខ្លួនបានជិះទៅខេត្តកំពង់ធំ លុះជិះមកដល់ចំណុច ឃុំភ្នំលៀប ស្រុកព្រះនេត្រ ម៉ូតូក៏អស់សាំង ហើយអត់មានលុយចាក់សាំង ក៏ទុកម៉ូតូចោលក្នុងព្រៃក្បែរ បង្គោលភ្លើងចុះពីផ្លូវជាតិប្រហែល១០ម៉ែត្រ ហើយបានគេចខ្លួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ទុកម៉ូតូប្រហែស ចូលផឹកកាហ្វេ ត្រូវចោរលួចយកទៅបាត់ ដោយសុវត្ថិភាព នៅក្រុងកំពត គួររំលឹកផងដែរថា សិស្សសាលាម្នាក់ ជិះម៉ូតូទៅផឹកកាហ្វេ ទុកម៉ូតូនៅមុខហាង ត្រូវចោរមិនស្គាល់អត្តសញ្ញាណ លួចនាំយកទៅបាត់ ដោយសុវត្ថិភាព កាលពីម៉ោង ៥៖២០នាទី ល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចមុខហាងលក់កាហ្វេ ក្បែរសាលាយុវវ័យ ស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ ទូច ស្រីល័ក្ខ ភេទស្រី អាយុ១៦ឆ្នាំ សិស្សសាលាឧត្តមវិទ្យា ថ្នាក់ទី១០ រស់នៅភូមិថ្កូវ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មកស្នាក់នៅរៀនសូត្រ ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ។ ម៉ូតូដែលចោរលួច ម៉ាកសង់សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1I-5999 លេខតួ និងលេខម៉ាស៊ីន 9478472 ។

មន្ត្រីនគរបាលដដែលបន្តថា ជនរងគ្រោះ បានជិះម៉ូតូទុកនៅ មុខសាលាយុវវ័យ ហើយដើរចូលទៅផឹកកាហ្វេ ខាងក្នុងរបងខាងកើតកន្លែងទុកម៉ូតូ ចម្ងាយ២៥ម៉ លុះសង្ស័យមើលមកម៉ូតូ របស់ខ្លួនស្រាប់តែបាត់តែម្តង ។ បច្ចុប្បន្នកម្លាំងមាន សមត្ថកិច្ចនានា បាននិងកំពុង ស្រាវជ្រាវស្វែងរកមុខសញ្ញា ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]