ថៃ៖​ នេះជារឿងដ៏គួរឲ្យកោតសរសើរ​ និងមិននឹកស្មានដល់ ដែលបុរសជាអ្នកបើកឡានតាក់ស៊ីមួយគ្រឿង  បានប្រគល់កាបូបលុយ​ ដែលមានផ្ទុកប្រាក់ និង​គ្រឿងអលង្ការគុជខ្យង​​​ ដែលមានតម្លៃសរុបប្រមាណជា​១.៤លានបាត​ ឬ៤ម៉ឺនដុល្លារអាមេរិក​ ទៅកាន់ម្ចាស់ដើមវិញ​​ នៅឯអាកាសយានដ្ឋានសុវណ្ណាភូមិ​ កាលពីថ្ងៃសុក្រកន្លងទៅនេះ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ លោក​ Kraisorn Thaponthan​ អាយុ​៣៩ឆ្នាំ មានមុខរបរជាអ្នករត់តាក់ស៊ី បានធ្វើដំណើរមកកាន់ស្ថានីយ៍ប៉ូលិសនៅឯ​ អាកាសយានដ្ឋានសុវណ្ណាភូមិ​ ជាមួយនឹងកាបូបពណ៌ខ្មៅ ដែលមានប្រាក់ដុល្លារ ខ្សែក​ និងចិញ្ចៀនគុជខ្យង​។ ស្របពេលនោះ​ បុរសជនជាតិអាល្លឺម៉ង់ម្នាក់​ឈ្មោះ Josef Sagemueller​ អាយុ៤៣ឆ្នាំ បានមកដល់ស្ថានីយ៍ប៉ូលិសដូចគ្នា​ ដើម្បីធ្វើការរាយការណ៍​ ពីការបាត់កាបូបរបស់ខ្លួន។​

នៅក្នុងនេះ​បានឲ្យដឹងទៀតថា​​ លោក Josef Sagemueller​ បានមកទីក្រុងបាងកកនេះ​ ដើម្បីជួសជុលគ្រឿងអលង្ការគុជខ្យងនេះ​​ និងដើម្បីធ្វើវាទុកជាអំណោយជូនដល់ ម្ដាយ នៅក្នុងប្រទេសភីលីពីន។​​ តែនៅពេលធ្វើដំណើរតាមផ្លូវ ពីតំបន់​ Silom មកកាន់អាកាសយានដ្ឋាននេះ​ រូបគាត់ក៏គេងលង់លក់​​ និងភ្លេចយកកាបូបចេញ ពីក្នុងឡានតាក់ស៊ី​ ពេលមកដល់អាកាសយានដ្ឋាន។ គាត់បាននិយាយថា រូបគាត់មានសង្ឃឹមតិចណាស់​ ថានឹងបានរបស់ទាំងនោះមកវិញ នៅពេលដែលគាត់រាយការណ៍ទៅកាន់ប៉ូលិស។​ តែមនុស្សល្អពិតជាមានមែននៅក្នុងពិភពលោកនេះ​ ដោយលោក Kraisorn Thaponthan​ បានជិះត្រលប់មកកាន់អាកាសយានដ្ឋានវិញ​ ក្រោយពីរូបគាត់បានប្រទះឃើញ កាបូបខ្មៅនៅកន្លែងអង្គុយខាងក្រោយរបស់ភ្ញៀវ ពេលគាត់ទៅដល់កន្លែងស្ថានីយ៍តាក់ស៊ីវិញ។

ជាចុងក្រោយ​ បុរសអាល្លឺម៉ង់​ បានសម្ដែងការដឹងគុណ​ និងសប្បាយចិត្ដជាខ្លាំង ចំពោះទឹកចិត្ដរបស់ជនជាតិថៃ៕

រូបភាព​ បុរសតាក់ស៊ី(កណ្ដាល) និងបុរសជនជាតិអាល្លឺម៉ង់​(អាវពណ៌ស្វាយ)

ប្រភព៖ Bangkokpost

ការចាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកថា​ ហេតុការណ៍ស្រដៀងនេះ​ ក៏ធ្លាប់កើតឡើងផងដែរ​ នៅឯប្រទេសចិន ដែលអ្នកបើកតាក់ស៊ី ប្រទះឃើញ ខ្សែកមាស តំលៃជាង ៤ម៉ឺនដុល្លារ សុខចិត្ត ប្រគល់ឲ្យម្ចាស់ដើមវិញ។

នេះ​បើតាមឲ្យដឹងពីប្រភពព័ត៌មានបានឲ្យដឹងថា​ អ្នកបើករថយន្តតាក់ស៊ីម្នាក់ នៅទីក្រុង Shenzhen បានក្លាយជា ជនគំរូមួយរូប បន្ទាប់ពីគាត់ បានយកខ្សែ.ក មាស ៣០០ ខ្សែ ដែលអ្នកជិះភ្លេចនៅ លើឡានរបស់គាត់ ប្រគល់ជូនម្ចាស់ដើមវិញ។ ខ្សែ.ក ទាំងនោះ ធ្វើពីមាសសុទ្ធ មានទំងន់សរុបទាំងអស់ជាង ១គីឡូក្រាម ហើយតាមការប៉ាន់ស្មាន វាមានតំលៃសរុបជាង ៤០,២៤៣ ដុល្លារអាមេរិក។

ប្រភពព័ត៌មាន ឲ្យដឹងថា ប្រហែលជាខ្ទង់ម៉ោង ១១ និង៣០នាទីព្រឹក លោក Yang Bojian ជាអ្នកបើកឡានតាក់ស៊ី បានប្រទះឃើញ កាបូបខ្មៅមួយ នៅលើកៅអីអង្គុយខាងក្រោយ ដែលទំនងអ្នកជិះបានភ្លេច។ ពេលលោក Yang បើកកាបូបនោះមើល គាត់ឃើញមាន ខ្សែ.ក មាស ជាច្រើន ហើយគាត់ ក៏មិនច្បាស់ដែរថា ខ្សែ.ក ទាំងនោះ ជារបស់ភ្ញៀវម្នាក់ណា ឲ្យប្រាកដ។

លោក Yang អាចរកចំណូលជាង ១,០០០ ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ ហើយគាត់បានសារភាពថា ពីដំបូង គាត់ធ្លាប់បានគិតថា ទុកខ្សែ.ក ដែលរកឃើញទាំងនោះដែរ តែចុងក្រោយគាត់ នៅតែសំរេចចិត្តប្រគល់វា ឲ្យទៅសមត្ថកិច្ច។ លោក Yang បានចាប់អាជីពជាអ្នក បើករថយន្តតាក់ស៊ី តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយជារឿយៗ គាត់តែងតែប្រទះឃើញ របស់របរដែលភ្ញៀវភ្លេច ដូចជាទូរស័ព្ទ និងវត្ថុប្រើប្រាស់ផ្សេងៗ ជាដើម ដែលតែគាត់តែងតែប្រគល់ឲ្យ ទៅម្ចាស់ដើមវិញ៕

រូបភាព លោក Yang Bojian ជាអ្នកបើកបររថយន្តតាក់ស៊ីមានចំនូល ១០០០ ដុល្លារអាមេរិកក្នុង១ខែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]