(បាត់ដំបង)៖ រថយន្តដឹកអ្នកដំណើរ ប្រភេទ VIP របស់ក្រុមហ៊ុន វីរ: ប៊ុនថាំ បានបើកទៅបុកគូទរថយន្តដឹកខ្សាច់មួយគ្រឿង ពីក្រោយស្ថិតនៅតាមផ្លូវជាតិលេខ៥ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកជិះនៅក្នុងរថយន្ត ប្រមាណ១០នាក់ រងរបួសធ្ងន់ស្រាល នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

មន្រ្តីនគរបាល មូលដ្ឋាន បានប្រាប់ភ្នាក់ងារ Fresh News ថា មុនពេលកើតហេតុ រថយន្ត​ វីរ: ប៊ុនថាំ ពាក់ស្លាកលេខ ភ្នំពេញ 2AK-2615 បានធ្វើដំណើរពីទិសដៅ ភ្នំពេញ​ ទៅខេត្តបាត់ដំបង ស្រាប់តែដល់ស្រុកមោងឫស្សី ក៏ជ្រុលទៅបុករថយន្តដឹកខ្សាច់ពីក្រោយ បណ្តាលឲ្យអ្នកជិះ ១០នាក់រងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ អ្នកបើករថយន្តដឹកខ្សាច់ បើកបន្តល្បឿនទៅមុខបាត់ទៅ ដោយឡែកអ្នករងរបួស ត្រូវបានគេជួយដឹកយកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត   រថយន្តកុងតឺន័រ បុកគូថរថយន្តហ៊ីណូពេញទំហឹង របួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ គួររំលឹកផងដែរថា រថយន្តដឹកកុងតឺន័រដឹកទំនិញ​ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីម៉ោង ១២៖២២នាទីរំលងអាធ្រាត ​ឈានចូលថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

លោកអធិកាបានបន្តថា ក្រោយពេលកើតហេតុកម្លាំងរបស់អធិការស្រុក​ និង​កម្លាំងមូលដ្ឋាន​ បានចុះជួយអន្តរាគមន៍ ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍​ និង​បង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុ​បន្តទៀត។ ដោយឡែកជនរងគ្រោះ​ ឈ្មោះ ជា សិលា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]