(ពោធិ៍សាត់​)៖​ រថយន្តដឹកកុងតឺន័រដឹកទំនិញ​ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ នៅម៉ោង ១២៖២២នាទីរំលងអាធ្រាត ​ឈានចូលថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

លោកអធិកាបានបន្តថា ក្រោយពេលកើតហេតុកម្លាំងរបស់អធិការស្រុក​ និង​កម្លាំងមូលដ្ឋាន​ បានចុះជួយអន្តរាគមន៍ ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍​ និង​បង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុ​បន្តទៀត។ ដោយឡែកជនរងគ្រោះ​ ឈ្មោះ ជា សិលា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  រថយន្តកុងតឺន័រ បុករះរថយន្ត៤គ្រឿង បណ្តាលឲ្យរង​របួសធ្ងន់​៤នាក់ នៅចំណុចអូត្រាវ ក្រុងព្រះសីហនុ គួររំលឹកផងដែរថា រថយន្តកុងតឺន័រមួយគ្រឿង ពេលកំពុងធ្វើដំណើរទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានជ្រុលទៅបុករះរថយន្ត៤គ្រឿង បណ្តាលរងការខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅ ស្ថិតនៅចំណុចអូត្រាវ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តកុងតឺន័រ បានបុករថយន្ត Lexus RX300 ហើយជ្រុលទៅបុករថយន្តទួរីស និងរថយន្តធន់តូច(រថយន្តតាក់សីុនៅវាលរេញ) បណ្តាលរថយន្តទាំងនោះ រងការខូចខាតយ៉ាងខ្លាំង ដោយឡែករថយន្តកុងតឺន័រ បានក្រឡាប់ធ្លាក់ផ្លូវផងដែរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ ដោយហៅរថយន្តពេទ្យ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]