(ព្រះសីហនុ)៖ រថយន្តកុងតឺន័រមួយគ្រឿង ពេលកំពុងធ្វើដំណើរទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ បានជ្រុលទៅបុករះរថយន្ត៤គ្រឿង បណ្តាលរងការខូចខាតស្ទើរទាំងស្រុង និងបណ្តាលឲ្យមនុស្ស៤នាក់ រងរបួសធ្ងន់ នៅល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចអូត្រាវ ក្រុង-ខេត្តព្រះសីហនុ។

សមត្ថកិច្ចខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តកុងតឺន័រ បានបុករថយន្ត Lexus RX300 ហើយជ្រុលទៅបុករថយន្តទួរីស និងរថយន្តធន់តូច(រថយន្តតាក់សីុនៅវាលរេញ) បណ្តាលរថយន្តទាំងនោះ រងការខូចខាតយ៉ាងខ្លាំង ដោយឡែករថយន្តកុងតឺន័រ បានក្រឡាប់ធ្លាក់ផ្លូវផងដែរ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅជួយអន្តរាគមន៍ ដោយហៅរថយន្តពេទ្យ មកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅយប់ថ្ងៃនេះថា ជនរងគ្រោះទាំង៤នាក់នោះ មានជនជាតិបរទេស២នាក់ផងដែរ តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ៤ ខែវិឆ្ឆិកា ឆ្នាំ២០១៤ មានរថយន្តដឹកដីមួយគ្រឿង បានបុករថយន្តកាំមារីមួយគ្រឿង និងបន្តទៅបុកម៉ូតូ រួចបុកផ្ទះរបស់ ប្រជាពលរដ្ឋ តែសំណាងល្អមិនមានអ្នករបួសធ្ងន់។ ហេតុការណ៍នេះ កើតឡើងនៅចំណុចភ្លើងស្តុបកណ្តាល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពី ម៉ោង១និង៣០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ជើងគោក នៃស្នងការនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើ កើតឡើងបណ្តាលមកពីរថយន្តដឹកដី បើកបរក្នុងល្បឿនលឿន បំពានភ្លើងសញ្ញាចរាចរ និងជាន់ហ្វ្រាំងអត់ជាប់ ក្នុងទិសដៅពីជើងទៅត្បូង ក៏ជ្រុលបុករះ រថយន្តកាំមារីស៊េរីឆ្នាំ១៩៩៥មួយគ្រឿង ដែលបើកបរពីលិចទៅកើត និងបន្តទៅបុកម៉ូតូវីវ៉ា ពាក់ស្លាកលេខរដ្ឋ ហើយរថយន្តគាបជាប់នឹងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យដាច់សំយាប និងខូចខាតសម្ភារៈក្នុងផ្ទះជាច្រើន តែសំណាងល្អ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យមនុស្សស្រីម្នាក់រងរបួសស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តដឹកដី ដើម្បីធ្វើការដោះស្រាយសងសំណង លើការខូចខាតរបស់ជនរងគ្រោះ ទាំងខាងរថយន្តកាំមារី និងខាងផ្ទះ។ រីឯរថយន្តបង្ក និងរថយន្តរងគ្រោះ ត្រូវបានស្ទូចយកមករក្សាទុក នៅស្នងការនគរបាលខេត្ត៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]