(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានចុះទៅបង្ក្រាប និងចាប់ខ្លួនក្រុមចែកចាយ ជក់គ្រឿងញៀន ចំនួន២០នាក់នៅភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពេលចុះធ្វើរដ្ឋបាលនៅវេលាម៉ោង ១០៖៣០នាទីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានបញ្ជាក់ថា «នៅព្រឹកនេះ កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌ បានចុះរដ្ឋបាល លើទីតាំងសង្ស័យ ពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្រុមទី១០-១១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលឃាត់ខ្លួនមនុស្ស ២០នាក់ និងដកហូតឧបករណ៍ ជក់គ្រឿងញៀនមួយចំនួនផងដែរ»។

លោកអធិការបានបន្តទៀតថាបច្ចុប្បន្នកម្លាំងនគរបាល កំពុងសហការណ៍ជាមួយ ការិយាល័យជំនាញ ដើម្បីធ្វើតេស្តរកសារធាតុញៀន អនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ 

ស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត កម្លាំងនគរបាល ខណ្ឌជ្រោយចង្វារ បង្ក្រាបជនជួញដូរគ្រឿងញៀន ដកហូតថ្នាំញៀន១៦កញ្ចប់ និងម៉ូតូ១គ្រឿង គួររំលឹកផងដែរថា កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង នូវករណីជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់ និងម៉ូតូ១គ្រឿងផងដែរ កាលពីល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ។

ប្រតិបត្តិការចាប់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចសហការរវាងកម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណៈកំពុងយាមល្បាត ក្នុងភូមិសាស្ត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាប និងឃាត់ខ្លួនករណីជួញដូរ គ្រឿងញៀននេះ ត្រូវបានអនុវត្តន៍ដោយបង្ក្រាបជាក់ស្ដែង ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានយើង បានបន្តសហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ ឈរជើងយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦អា។ ពេលកំពុងចុះល្បាតនោះ ស្រាប់តែប្រទះជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ក៏ឃាត់សួរនាំព្រមទាំងធ្វើការត្រួតពិនិត្យ បានរកឃើញ ថ្នាំញៀនជាប្រភេទម៉ាទឹកកក ដែលជននេះ បានរក្សាទុកចំនួន១៦កញ្ចប់ ដើម្បីយកទៅធ្វើសកម្មភាពចរាចរណ៍ ជួញដូរដោយខុសច្បាប់។

ជាមួយគ្នានោះ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ចាម 1P-0629 ពីជនត្រូវសង្ស័យដែលជិះ ធ្វើសកម្មភាពផងដែរ។

លោក ឯក សេរីវុធ បានបន្តថា ជនត្រូវឃាត់ខ្លួន-ឈ្មោះ សា គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម ស្នាក់នៅផ្លូវលំ ភូមិកំពង់ក្របី ឃុំកក្វារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]