(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានបង្ក្រាបជាក់ស្ដែង នូវករណីជួញដូរគ្រឿងញៀន ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៦កញ្ចប់ និងម៉ូតូ១គ្រឿងផងដែរ នៅល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦។

ប្រតិបត្តិការចាប់ខ្លួនជនជួញដូរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចសហការរវាងកម្លាំងនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងកម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វារ ខណៈកំពុងយាមល្បាត ក្នុងភូមិសាស្ត្រ ស្ថិតនៅត្រង់ចំណុចមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវ ជាតិលេខ៦ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ការបង្ក្រាប និងឃាត់ខ្លួនករណីជួញដូរ គ្រឿងញៀននេះ ត្រូវបានអនុវត្តន៍ដោយបង្ក្រាបជាក់ស្ដែង ក្រោយពេលកម្លាំងសមត្ថកិច្ចមូលដ្ឋានយើង បានបន្តសហការនិងកម្លាំង នគរបាលប៉ុស្ដិ៍ ឈរជើងយាមល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ជាពិសេសតាមបណ្ដោយផ្លូវជាតិលេខ៦អា។ ពេលកំពុងចុះល្បាតនោះ ស្រាប់តែប្រទះជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ក៏ឃាត់សួរនាំព្រមទាំងធ្វើការត្រួតពិនិត្យ បានរកឃើញ ថ្នាំញៀនជាប្រភេទម៉ាទឹកកក ដែលជននេះ បានរក្សាទុកចំនួន១៦កញ្ចប់ ដើម្បីយកទៅធ្វើសកម្មភាពចរាចរណ៍ ជួញដូរដោយខុសច្បាប់។

ជាមួយគ្នានោះ សមត្ថកិច្ចយើងបានធ្វើការដកហូតម៉ូតូ១គ្រឿង ម៉ាកហុងដាសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ កំពង់ចាម 1P-0629 ពីជនត្រូវសង្ស័យដែលជិះ ធ្វើសកម្មភាពផងដែរ។

លោក ឯក សេរីវុធ បានបន្តថា ជនត្រូវឃាត់ខ្លួន-ឈ្មោះ សា គីរីន ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាអ្នកលក់ការ៉េម ស្នាក់នៅផ្លូវលំ ភូមិកំពង់ក្របី ឃុំកក្វារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ជនត្រូវសង្ស័យពាក់ព័ន្ធករណីជួញដូរគ្រឿង ញៀនរួមជាមួយវត្ថុតាង ត្រូវបញ្ជូនទៅឃុំខ្លួនសាកសួរ បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ Fresh News

 កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណីគ្រឿងញៀននេះដែរ ក្រលេកមកមើលករណីគ្រឿងញៀនមួួយផ្សេងទៀត គឺ នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ជួញដូរគ្រឿងញៀន នៅស្រុកកំពង់សីលា ឃាត់ខ្លួន៧នាក់ និងវត្ថុតាងមួយចំនួនធំ គួររំលឹកផងដែរថា កម្លាំងនគរបាលស្រុកកំពង់សីលា សហការជាមួយកម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនដ៏ធំ ស្ថិតនៅភូមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលា ដោយធ្វើការចាប់ខ្លួនជនសង្ស័យ៧នាក់ មានស្រី៤នាក់ ព្រមទាំងដកហូតថ្នាំ និងវត្ថុតាងមួយចំនួនធំ។

សម្រាប់ជនសង្ស័យទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦នេះ ក្រោយបង្ក្រាបបាន កាលពីរសៀលថ្ងៃទី២ ខែកក្កដាកន្លងទៅ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា «ក្រោយពីបើកការស៉ើបអង្កេត ស្រាវជ្រាវយ៉ាងយកចិត្តទុក លើករណីជួញដូរ ចែកចាយគ្រឿងញៀន នៅស្រុកកំពង់សីលា នៅវេលាម៉ោង ៣៖៥០នាទីរសៀលនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ ស្នងការនគរបាលខេត្ត បានបញ្ជាលោកអធិការស្រុកកំពង់សីលា ដឹកនាំប្រតិបត្តិការចុះបង្រ្កាប ដោយសហការជាមួយ កម្លាំងជំនាញ បានធ្វើការបង្ក្រាបនៅចំណុចផ្ទះឈ្មោះ កែវ លីណា ភេទប្រុស អាយុ៤៧ឆ្នាំ ហើយកម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យ៧នាក់ ដោយដកវត្ថុតាងមួយចំនួនធំ រួមមាន៖ ថ្នាំញៀនមេតំហ្វេតាមីនICE ចំនួន៤កញ្ចប់ធំ, ថ្នាំញៀនគ្រាប់ពណ៌ឈាមជ្រូក១២គ្រាប់, ថ្នាំញៀនគ្រាប់ពណ៌ក្រហម ១០គ្រាប់, ម្សៅពណ៌កាហ្វេ១កញ្ចប់, កញ្ឆាក្រៀម១កញ្ចប់, សម្ភារសម្រាប់ជក់គ្រឿងញៀនមួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀន១គ្រឿង, សម្ភារសម្រាប់កែច្នៃផលិតគ្រឿងញៀនដោយដៃមួយចំនួន, ពុម្ពត្រាសម្រាប់បោះលើគ្រឿងញៀនចំនួន១, រថយន្ត២គ្រឿង, អាវុធខ្លី១ដើម បង់១ គ្រាប់៩គ្រាប់, ទូរស័ព្ទដៃ៥គ្រឿង, លិខិតឆ្លងដែន១ច្បាប់ កាបូបយួរដៃ១និងកាបូបតូច២»។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]