(ភ្នំពេញ)៖ រថយន្ដរបស់តារាកំប្លែងនាយខ្ចឹប បត់ចូលផ្ទះ ស្រាប់តែមានរថយន្ដកុងទីន័រមួយគ្រឿង របស់ក្រុមហ៊ុនផែស្ងួតសូងួន បើកមកពីក្រោយក៏ជ្រុលទី បុកបណ្តាលឲ្យបែកកញ្ចក់ខ្ទេច តែមិនមានអ្នករងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សាក្សីដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 បើកបរដោយតារាកំប្លែងនាយខ្ចឹប ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ រថយន្ដបានបត់ឆ្វេងគោលបំណងចូលផ្ទះ ពេលនោះស្រាប់តែមានរថយន្ដកុងទីន័រ មួយគ្រឿងរបស់ក្រុមហ៊ុនផែស្ងួតសូងួន មកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្ដរបស់នាយខ្ចឹបបែកកញ្ចក់ខ្ទេច ប៉ុន្ដែមិនមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុភាគីទាំង២បានសម្រួលគ្នាដែរ ប៉ុន្ដែមិនត្រូវគ្នា ក្រោយមកសមត្ថកិច្ចជំនាញបានយករថយន្ដទាំង ២ ទៅរក្សាទុកដើម្បីដោះស្រាយ តាមក្រោយ៕

ប្រភព៖ Fresh News

ការចាប់អារម្មណ៍ខ្មែរឡូត៖

ករណីស្រដៀងនេះដែរ បានកើតឡើងកាលពីម៉ោង ១២៖២២នាទីរំលងអាធ្រាត ​ឈានចូលថ្ងៃទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០១៦​ នៅលើកំណាត់ផ្លូវជាតិលេខ៥​ ត្រង់ចំណុចភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៩ និង១៥០ ដែលរថយន្តដឹកកុងតឺន័រដឹកទំនិញ​ បានបុកគូថរថយន្តហ៊ីណូ ដឹកទំនិញដូចគ្នាពេញមួយទំហឹង ដែលខូចចតលើចញ្ចើមផ្លូវស្របទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់។

លោក​ ឯម​ រុន​ អធិការនគរបាលស្រុកក្រគរ​ បានប្រាប់ភ្នាក់ងារ​ Fresh News ឲ្យដឹងថា​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលមកពីរថយន្តកុងទឺន័រដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ តាកែវ 3A-1837 បើកបរដោយឈ្មោះ ជា សិលា អាយុ៣២ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ រស់នៅភូមិឡត៏ឥដ្ឋ ឃុំព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានស្រវាំងភ្លើងហ្វារថយន្តមួយភាំង ក៏ជ្រុលទៅបុកជាមួយ រថយន្តដឹកទំនិញ ម៉ាកហ៊ីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខ ស្វាយរៀង 3A-0853 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់) ដែលខូចចតលើចិញ្ចើមផ្លូវ ក្នុងទិសដៅពីលិចទៅកើតដូចគ្នា។

លោកអធិកាបានបន្តថា ក្រោយពេលកើតហេតុកម្លាំងរបស់អធិការស្រុក​ និង​កម្លាំងមូលដ្ឋាន​ បានចុះជួយអន្តរាគមន៍ ស្ទូចរថយន្តកុងតឺន័រ ចេញជៀសវាងការកកស្ទះចរាចរណ៍​ និង​បង្កឲ្យមានករណីគ្រោះថ្នាក់ជាយថាហេតុ​បន្តទៀត។ ដោយឡែកជនរងគ្រោះ​ ឈ្មោះ ជា សិលា ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]