(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានឈ្នះកៅអីមួយឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងនាមជាក្រុមបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ចេញពីពូល B ជាប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ U-16 ទីម័រខាងកើត ៣-០ ដែលទើបបញ្ចប់។

U-16 កម្ពុជា បានបើកការនាំមុខ U-16 ទីម័រខាងកើត ត្រឹមចាប់ផ្តើមលេងបាន៥នាទីក្នុងវគ្គទី១ ដោយបាល់ពិន័យប៉េណាល់ទី១១ម៉ែត្រ ស៊ុតបានសម្រេចដោយកីឡាករប្រធានក្រុម យ៉ាវ សាហ្វី ដោយសារតែកីឡាករខ្សែការពារទីម័រ ធ្វើឲ្យមានកំហុសនៅក្នុងប្រអប់គ្រោះថ្នាក់។

កម្ពុជា មិនធ្វើឲ្យអ្នកគាំទ្រជាង១ម៉ឺននាក់នៅពហុកីឡដ្ឋានជាតិអស់សង្ឃឹមឡើយ តាមរយះរកបាន២គ្រាប់ទៀតដោយកីឡាករ ម៉ៅ ពិសិដ្ឋ នៅនាទីទី៥៥ និងនាទីទី៥៩ ក្នុងវគ្គទី២ ដែលជាជ័យជំនះទី៣ ក្នុងព្រឹត្តិការណ៍ពានរង្វាន់យុវជនអាស៊ាន AFF U-16 Youth Championship 2016 នៅកម្ពុជា។

កម្ពុជា ត្រូវជួប U-16 វៀតណាម ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ក្នុងពូល A និង U-16 អូស្រ្តាលី ត្រូវជួបក្រុមការពារតំណែងជើងឯក U-16 ថៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ មុនពេលវគ្គផ្តាច់ព្រ័ត្រ និងទាត់យកចំណាត់ថ្នាក់លេខ៣ ធ្វើឡើងនៅថ្ងៃទី២៣ កក្កដាចុងសប្តាហ៍នេះ៕ 

ប្រភព៖ freshnews

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំ (U-16) កម្ពុជា បានឲ្យដឹងថា ត្រៀមប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុមយុវជនទីម័រខាងកើត លើទីលានពហុកីឡដ្ឋានជាតិ ដើម្បីរកក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់ AFF U-16 Championship 2016 ជាមួយនឹងក្រុមការពារតំណែងជើងឯកថៃ ដែលកំពុងឈរកំពូលតារាងពូល B។

មុននឹងការប្រកួតចាប់ផ្ដើមមានគ្រូបង្វឹក ៣នាក់ បានបញ្ចេញទស្សនៈជុំវិញជំនួបរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមយុវជនទីម័រខាងកើតនេះ ។ លោក Andi Susanto គ្រូបង្វឹកក្រុមទីម័រ បានលើកឡើងថា ឆ្លងកាត់ប៉ុន្មានប្រកួតកន្លងទៅ លោកសង្កេតឃើញកម្ពុជាធ្វើបានល្អច្រើន ពិសេសគឺតំបន់ប្រយុទ្ធ ប៉ុន្ដែលោកនឹងជំរុញកូនឲ្យក្រុមធ្វើឲ្យបានល្អ ដើម្បីការពារ និងស្វែងរកគ្រាប់បាល់ជ័យជម្នះលើកម្ពុជា ។

ដោយឡែកគ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជាលោក Inoue Kazunori បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់ថៃ ៦-០ កាលពីថ្ងៃមុនថា លោកមានជំនឿចិត្តថា ក្រុមលោកនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាចជួបថៃម្ដងទៀត ។ ប៉ុន្ដែលោកក៏នឹងកែតម្រូវចំណុចខ្វះខាត ដើម្បីយកឈ្នះក្រុមយុវជនទីម័រខាងកើត និងបង្កើតប្រវត្តិសាស្ដ្រថ្មីមួយជូនកម្ពុជាផងដែរ ។

អ្វីដែលពិសេសជុំវិញការប្រកួតនេះលោក Chaiyong Khumpiam គ្រូបង្វឹក U-16ថៃ ដែលធ្លាប់ដឹកនាំកូនក្រុមយកឈ្នះក្រុមទាំងពីរខាងលើ បាននិយាយថា «កម្ពុជាមានអាទិភាពខ្ពស់ នៅក្នុងការយកឈ្នះក្រុមទីម័រខាងកើត ។ ក្រុមខ្ញុំមានគុណភាពអាចបិទកលល្បិចដ៏ខ្លាំងមួយរបស់កម្ពុជា និងបិទកីឡាករលេខ៩ (សៀង ចន្ថា) ដែលជាកីឡាករឆ្នើមរបស់កម្ពុជាប៉ុន្ដែខ្ញុំគិតថា ទីម័រគ្មានគុណភាព ដល់កម្រិតដែលអាចទប់ជាមួយតាក់ទិច លេងរបស់កម្ពុជាបានទេ» ។

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ប្រកួតកន្លងមក គឺកម្ពុជាឈ្នះ២ និងចាញ់១ ឈរលេខ២ ក្នុងពូលB ខណៈក្រុមយុវជនទីម័រខាងកើត ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុ ដូច្នេះកម្ពុជា គឺត្រូវការឈ្នះទីម័រខាងកើត ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]