(ភ្នំពេញ)៖ ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំ (U-16) កម្ពុជា នឹងប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុមយុវជនទីម័រខាងកើត លើ​ទី​លាន​ពហុ​កីឡ​ដ្ឋាន​ជាតិ​នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ ដើម្បី​រក​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U-16 Championship 2016 ជា​មួយ​នឹង​ក្រុម​ការ​ពារ​តំ​ណែង​ជើង​ឯក​ថៃ ដែល​កំពុង​ឈរ​កំពូល​តា​រាង​ពូល B។

មុននឹងការប្រកួតចាប់ផ្ដើមមានគ្រូបង្វឹក ៣នាក់ បានបញ្ចេញទស្សនៈជុំវិញជំនួបរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមយុវជនទីម័រខាងកើតនេះ ។ លោក Andi Susanto គ្រូបង្វឹកក្រុមទីម័រ បានលើកឡើងថា ឆ្លងកាត់ប៉ុន្មានប្រកួតកន្លងទៅ លោកសង្កេតឃើញកម្ពុជាធ្វើបានល្អច្រើន ពិសេសគឺតំបន់ប្រយុទ្ធ ប៉ុន្ដែលោកនឹងជំរុញកូនឲ្យក្រុមធ្វើឲ្យបានល្អ ដើម្បីការពារ និងស្វែងរកគ្រាប់បាល់ជ័យជម្នះលើកម្ពុជា ។

ដោយឡែកគ្រូបង្វឹកក្រុមម្ចាស់ផ្ទះកម្ពុជាលោក Inoue Kazunori បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រកួតចាញ់ថៃ ៦-០ កាលពីថ្ងៃមុនថា លោកមានជំនឿចិត្តថា ក្រុមលោកនឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយអាចជួបថៃម្ដងទៀត ។ ប៉ុន្ដែលោកក៏នឹងកែតម្រូវចំណុចខ្វះខាត ដើម្បីយកឈ្នះក្រុមយុវជនទីម័រខាងកើត និងបង្កើតប្រវត្តិសាស្ដ្រថ្មីមួយជូនកម្ពុជាផងដែរ ។

អ្វីដែលពិសេសជុំវិញការប្រកួតនេះលោក Chaiyong Khumpiam គ្រូបង្វឹក U-16ថៃ ដែលធ្លាប់ដឹកនាំកូនក្រុមយកឈ្នះក្រុមទាំងពីរខាងលើ បាននិយាយថា «កម្ពុជាមានអាទិភាពខ្ពស់ នៅក្នុងការយកឈ្នះក្រុមទីម័រខាងកើត ។ ក្រុមខ្ញុំមានគុណភាពអាចបិទកលល្បិចដ៏ខ្លាំងមួយរបស់កម្ពុជា និងបិទកីឡាករលេខ៩ (សៀង ចន្ថា) ដែលជាកីឡាករឆ្នើមរបស់កម្ពុជាប៉ុន្ដែខ្ញុំគិតថា ទីម័រគ្មានគុណភាព ដល់កម្រិតដែលអាចទប់ជាមួយតាក់ទិច លេងរបស់កម្ពុជាបានទេ»

គួរបញ្ជាក់ថា ឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ៣ប្រកួតកន្លងមក គឺកម្ពុជាឈ្នះ២ និងចាញ់១ ឈរលេខ២ ក្នុងពូលB ខណៈក្រុមយុវជនទីម័រខាងកើត ៣ប្រកួតឈ្នះ១ ស្មើ១ និងចាញ់១ មាន ៤ពិន្ទុ ដូច្នេះកម្ពុជា គឺត្រូវការឈ្នះទីម័រខាងកើត ដើម្បីបន្ដដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​ នាល្ងាចនេះ ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  U-16កម្ពុជា ចាញ់ U-16ថៃ ៦-០ ធ្លាក់មកលេខ២ ពូលB គួររំលឹកផងដែរថា ក្រុមជម្រើសជាតិក្រោមអាយុ ១៦ឆ្នាំកម្ពុជា បានស្គាល់ការបរាជ័យលើកដំបូងក្នុងនាមជាម្ចាស់ផ្ទះពានរង្វាន់ AFF U-16 Championship 2016 បន្ទាប់ពីប្រកួតចាញ់ក្រុមយុវជនអាយុក្រោម ១៦ឆ្នាំថៃ ដោយលទ្ធផល ៦-០ នៅលើទីលានពហុកីឡដ្ឋានជាតិ ដែលធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ខណៈក្រុមការពារតំណែងជើងឯកថៃ ឡើងឈរកំពូលតារាងពូលB ។

សម្រាប់ការបរាជ័យទាំងគួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា ធ្លាក់មកឈរលេខ២ ក្នុងពូលB មាន ៦ពិន្ទុ ក្រោយប្រកួត ៣លើកឈ្នះ២ និងចាញ់ ខណៈអតីតក្រុមជើងឯកឆ្នាំចាស់ថៃ ឈរកំពូលតារាង ដោយ ៣ប្រកួតឈ្នះទាំងបី មាន ៩ពិន្ទុ ។ ប៉ុន្ដែយ៉ាងណាក្រុមយុវជនកម្ពុជា ក៏នៅសល់មួយប្រកួតក្នុងដៃ ដោយត្រូវជួបក្រុមយុវជនទីម័រខាងកើត ដើម្បីដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែកក្កដានេះផងដែរ ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]