ថៃ៖ តារាសម្តែងស្រីដ៏ល្បី Noey Chotika បានធ្វើពិធីខួបកំណើតអធិកអធ័មម្តងទៀតហើយ តែឆ្នាំនេះគឺខុសប្លែកពីឆ្នាំមុនដាច់។

ជារៀងរាល់ឆ្នាំ តារាស្រីវ័យ៣២ឆ្នាំរូបនេះ តែងតែរៀបចំពិធីខួបកំណើតជារឿយៗ ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមូយនឹងមិត្តភក្តិជិតស្និទ្ធ។ ហើយកាលពីម្សិលមិញ រូបនាងក៏បានបង្ហាញនូវ រូបថតស្រស់ស្អាតត្រជាក់ភ្នែកជាច្រើនសន្លឹក ក្នុងថ្ងៃពិសេសរបស់នាងផងដែរ។ 

បើក្រឡេកមើលទិដ្ឋភាពក្នុងពិធីរបស់នាង គឺពិតជាស្រស់ស្អាតខ្លាំងណាស់ ជាមួយ នឹងការរៀបចំលម្អ សុទ្ធតែពណ៌ស ទាំងប៉េងប៉ោង និងផ្កាជាដើម ហើយសូម្បីអ្នកចូលរួម ក៏តម្រូវស្លៀកឈុតសផងដែរ។ ប៉ុន្តែឆ្នាំនេះ Noey បានតុបតែងខ្លួនប្លែកភ្នែក ដូចជាព្រះនាង ជាមួយនឹងរ៉ូបពណ៌សវែងត្រឹមកំភួនជើង អមជាមួយនឹងមកុដទៀតផង។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ គូស្នេហ៍របស់នាង ក៏មានវត្តមានក្នុងពិធីនោះផងដែរ ដែលរូបលោក តែងចំណាយពេលវេលា នៅជិត និងការពារនាងជានិច្ច ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក៏ដោយ។

នាពេលបច្ចុប្បន្ននេះ Noey ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងមុខរបររបស់នាង ដូចជាលក់ថ្នាំសម្រកទម្ងន់ និងម្សៅផាត់មុខជាដើម។ ចំណែកឯវិស័យសិល្បៈវិញ ក៏មិនធម្មតាដែរ ដែលក្នុងមួយឆ្នាំៗ នាងបានថតរឿងភាគថៃ មិនតិចជាង៣រឿងនេះទេ។ ហើយភាគច្រើន អ្នកដឹកនាំតែងតម្រូវឲ្យនាង ដើរតួកាចឆ្នាស់វាយតប់ធាក់ តួស្រីដទៃ ដែលកម្របានឃើញនាង សម្តែងជាតួស្លូតណាស់៕

តោះមើលទិដ្ឋភាពក្នុងពិធីខួបកំណើត របស់Noey Chotika គម្រប់ខួប៣២ឆ្នាំទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា តារាស្រីថៃល្បី Noey Chotika បានដើរលេងលំហែកាយ នៅឯមាត់សមុទ្រ ជាមួយគូស្នេហ៍ និងមិត្តភក្តិ យ៉ាងសប្បាយរីករាយ។

តារាស្រីមុខកូនកាត់រូបនេះ បានបង្អួតរូបថតជាច្រើនសន្លឹក ជាមួយគូស្នេហ៍ជាទីស្រឡាញ់របស់នាង នៅឆ្នេរសមុទ្រ ដោយស្និទ្ធស្នាល និងផ្អែមល្ហែមដាក់គ្នាយ៉ាងខ្លាំង។ ទោះបីជា នាង Noey Chotika រវល់នឹងការងារសិល្បៈខ្លាំងប៉ុណ្ណាក៏ដោយ ក៏នាងមិនភ្លេច សាងពេលវេលាល្អៗ ជាមួយនឹង គូស្នេហ៍របស់នាងនោះទេ ហើយនាងតែងព្យាយាមយកចិត្ត និងផ្តល់ភាពកក់ក្តៅ ទៅកាន់គូស្នេហ៍ជានិច្ចផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីខែកក្កដា កន្លងទៅថ្មីៗនេះ គូស្នេហ៍របស់ Noey Chotika បានធ្វើឲ្យនាងភ្ញាក់ផ្អើល ដោយបាន សុំនាងរៀបការ ចំថ្ងៃខួបកំណើតតែម្តង ដែលធ្វើឲ្យនាងរំភើបចិត្ត ដល់ថ្នាក់ស្រក់ទឹកភ្នែកទៀតផង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]