ភ្នំពេញ ៖​ កម្លាំងនគរបាលខណ្ឌច្បារអំពៅ​ បានធ្វើការស្ទាក់តាមចាប់​ ជនសង្ស័យដែលធ្វើសកម្មភាព​ គាស់​សោរ ទ្វារផ្ទះលួចម៉ូតូ​ នៅចំណុចផ្ទះជួល ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ នៅម៉ោង​ ១៥និង៣០នាទី​ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ។

លោក ម៉ៅ សឿត អធិការងខណ្ឌច្បារអំពៅ​ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ថា លី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ​ ជា ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ លោកអធិការរង បន្តថា មុនពេលកើតហេតុ ជនរងគ្រោះបានចាក់សោរផ្ទះជួលកើតហេតុខាងលើពីខាងក្រៅ រួចចេញទៅផ្សារ ពេលជនរងគ្រោះត្រឡប់មកវិញ ក៏ស្រាប់តែបាត់ម៉ូតូម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FV-១២១៧ ដែលទុក នៅក្នុងផ្ទះកើតហេតុ ពេលនោះជនរងគ្រោះនិងសមត្ថកិច្ចយើង បានឆែក​កាម៉េរ៉េសុវត្ថភាពឃើញជនសង្ស័យឈ្មោះថា ធឿន និងបក្ខពួកឈ្មោះថា ថេន ជិះម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ ១F៧៤៩៥ មក ធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ។ លុះដល់ម៉ោង​១៨និង០០​នាទីថ្ងៃដដែល សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការជាមួយកងរាជអាវុធហត្ថក្រុងតាខ្មៅ ឃាត់ខ្លួន​បានជនសង្ស័យម្នាក់ឈ្មោះ ថា ធឿន និងម៉ូតូជិះធ្វើ សកម្មភាពនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រគល់ឲសមត្ថកិច្ចខណ្ឌច្បារអំពៅ ចាត់ការបន្ត ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ​ ថា ថេន​ បានជិះមូ៉តូជនរងគ្រោះគេចខ្លួនបាត់។ ​បច្ចុប្បន្នជនសង្ស័យឈ្មោះថា ធឿន ឃាត់ខ្លួន បណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី ៕

ប្រភព៖ ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកថា ករណីចោរគាស់ក៏ទើបតែកើតឡើងផងដែរ ដោយមានជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាល តាមចាប់ខ្លួន នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើសកម្មភាព គាស់តូបអាជីករលក់ទូរស័ព្ទ នៅហាងលក់ទូរស័ព្ទ ទ្រី សុខជា ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន យកអស់ជិត១០០គ្រឿង ដែលមានតម្លៃប្រមាណ២មឺុនដុល្លារ។

ក្រោយពេលចាប់ខ្លួនកម្លាំងនគរបាលបាន ដកហូតយកបានទូរស័ព្ទបាន៥៣គ្រឿងមកវិញ។

លោក ហ៊ាង ថារ៉េត អធិការរងទទួលផែនព្រហ្មទណ្ឌ ខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ គឹម ង៉ែត អាយុ២៧ឆ្នាំ បានធ្វើសកម្មភាពគាស់តូបអាជីវករ តាមបណ្ដោយផ្លូវ១៦៣ ភូមិ៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន ដែលមានម្ចាស់ឈ្មោះ ទ្រី សុខជា អាយុ២៩ឆ្នាំ។

លោក បានបន្ដថា ដោយមានការស្រាវជ្រាវដោយយកចិត្តទុកដាក់ ទើបកម្លាំងរបស់លោកកំណត់ មុខសញ្ញាបាន ហើយឈានដល់ការចាប់ខ្លួន បន្ទាប់ពីជនសង្ស័យបានយកទូរស័ព្ទដែលលួចបាននេះ ទៅផ្ញើរតាមឡានតាក់ស៊ីទៅស្រុកដងទង់ ដែលជាស្រុកកំណើត។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យត្រូវបាននាំខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទូរស័ព្ទសមត្ថកិច្ច បានសហការជាមួយកម្លាំងស្នងការដ្ឋាន ខេត្តកំពត់ ដើម្បីយកមកប្រគល់ជូនជនរងគ្រោះវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]