តៃវ៉ាន់៖ ធ្លាប់តែឃើញគេជួលដូចជាស្រីស្អាត ប្រុសសង្ហារ ចូលខ្លួនមកលក់ដូរ ក្នុងអាជីវកម្មរកស៊ី ដើម្បីទទួលបានអតិថិជនច្រើន  ប៉ុន្តែនេះចម្លែកអី សូម្បីតែសុនខមួយក្បាលនេះ ក៏ចេះជួយម្ចាស់លក់ដូរ បានដាច់ៗអស់ផងដែរ។

ថ្មីនេះៗរូបភាពជាច្រើនសន្លឹក កំពុងតែល្បីរីកសុះសាយដូចផ្សិត នៅលើបណ្តាញសង្គមចិន នៃទិដ្ឋភាពកូនឆ្កែមួយក្បាល ចេះអង្គុយលក់ដូរផ្លែឈើ នៅតាមដងផ្លូវ មើលទៅពិតជាគួរឲ្យទាក់ទាញ ដល់អ្នកទិញមែនទែន។

នេះបើតាមប្រភពបានឲ្យដឹងថា កូនឆ្កែដ៏គួរឲ្យស្រលាញ់មួយក្បាល មានអាយុ៧ឆ្នាំ ត្រូវបានម្ចាស់របស់វា ដាក់ឈ្មោះឲ្យថា Xiaopi កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយពីម្ចាស់របស់វាស្លៀកពាក់  និងថែមទាំងតុបតែងខ្លួនលម្អទៅដោយផ្លែឈើផ្សេងៗយ៉ាងឡូយប្លែកគ្រប់ស្ទាយ  ដើម្បីទាក់ទាញចិត្តភ្ញៀវ ឲ្យចូលទិញផ្លែឈើរបស់គាត់ ដែលដាក់លក់តាមដងផ្លូវនោះ។

ប្រភពបន្តថា ម្ចាស់របស់ Xiaopi គឺជាស្ត្រីចំណាស់ម្នាក់ ដែលជាអ្នកស្រុករស់នៅក្នុងទីក្រុង Tainan កោះតៃវ៉ាន់។ បើតាមការឲ្យដឹងស្ត្រីចំណាស់រូបនេះ រៀបរាប់ប្រាប់ថា គាត់ចូលចិត្តស្លៀកពាក់  និងតុបតែងខ្លួនប្លែកៗឲ្យកូនឆ្កែជានិច្ច ដោយសារការធ្វើដូចនេះជួយឲ្យការលក់របស់គាត់ បានដាច់ច្រើនជាងមុនគួរឲ្យកត់សម្គាល់ផងដែរ។

ស្រ្តីរូបនេះបន្តទៀតថា កូនឆ្កែ Xiaopi ជួយលក់នូវផ្លែឈើជាច្រើន ប្រភេទខុសៗគ្នា ទៅតាមរដូវកាលផ្លែឈើដែលមានក្នុងមួយឆ្នាំៗ ហើយវាបានជួយលក់គាត់ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។

ជាកស្តែងបើនៅខែក្តៅចឹងគាត់បានតុបតែងខ្លួនឲ្យ Xiaopi ពាក់សំបកផ្លែឪឡឹក និងសំបកផ្លែគូលែនជាដើម ដើម្បីឲ្យវាជួយលក់គាត់ និងជាភាពទាក់ទាញភ្ញៀវផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

តោះនៅចាំអីទៀត ទស្សនារូបភាពឃ្យូតៗរបស់ សុនកមួយក្បាលនេះទាំងអស់គ្នា៖

ប្រភព៖ Shanghaiist

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែកន្លងទៅនេះ នៅទីក្រុង Dongguan ប្រទេសចិន ស្ថិតក្នុងផ្សារទំនើបមួយកន្លែង បានរៀបចំដាក់តាំងអាហារ នៅលើចានគោមយក្សដ៏ធំមួយ ដែលស្វាគមន៍ដោយនារីម៉ូដែលស្រីវ័យក្មេង តុបតែងខ្លួនយ៉ាងស្រស់ស្អាត ហាក់បីដូចជានារីអាក្រាតកាយ ដោយមានគូរគំនូរជារូបបន្លែផ្លែឈើជាច្រើនប្រភេទ លើដងខ្លួនរបស់នាង គេងផ្អៀងផ្អង រង់ចាំភ្ញៀវមកភ្លក់អាហារឆ្ងាញ់ៗជាច្រើនប្រភេទ ហើយថែមទាំងបានទស្សនានូវចំណីចក្ខុថ្មីផងដែរ។

បើតាមប្រភពសារព័ត៌មាន NetEase បានឲ្យដឹងដែរថា ម៉ាក ឬប្រភេទអាហារ មានចំនួន៨មុខផ្សេងៗគ្នា បានដាក់តំរៀបពេញលើចានគោមយក្ស ដែលតម្រូវឲ្យភ្លៀវគ្រប់មជ្ឈដ្ឋាន មានបំណងចង់ចូលសាកល្បងភ្លក់រសជាតិអាហារទាំងអស់នោះ ត្រូវតម្រង់ជាជួរៗ។ ដោយឡែកមានភ្ញៀវ និងអ្នកដំណើរជាច្រើននាក់ទៀត មិនថាក្មេងមិនថាចាស់ នាំគ្នាលើកទូរស័ព្ទថតរូបភាពនៃទិដ្ឋភាពក៏កម្រមាននេះផងដែរ។

គួរបញ្ជាក់ នេះមិនមែនជាលើកទីមួយដែលធ្លាប់កើតមាននៅក្នុងប្រទេសចិន ដែលមានការរៀបចំយ៉ាងដូច្នេះឡើយ។ ភាគច្រើនអ្នករកស៊ីជំនួញជាច្រើន តែងតែធ្វើបែបនេះ ដើម្បីទាក់ទាញអតិថិជនរបស់គេ ក៏ដូចជាបម្រើចំណីចក្ខុឲ្យមានការចាប់អារម្មណ៍ ពីសំណាក់មហាជនតែប៉ុណ្ណោះ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]