ចិន៖ កាលពីថ្មីៗនេះ មានរូបថតជាច្រើនសន្លឹក បានបង្ហាញពីភាពអស្ចារ្យរបស់ប្រាសាទមួយ ដែលមានរូបរាងកោងនៅខាងក្នុងជ្រលងភ្នំ ដែលមានកំពស់៧៩ម៉ែត្រ។

យោងតាមប្រភពបានឲ្យដឹងថា ប្រាសាទនេះសិ្ថតនៅទីតាំងដ៏គួរឲ្យរន្ធត់មួយ ដែលត្រូវបានឆ្លាក់ចូលច្រាំងថ្មភ្នំ ហើយមានឈើធំតែមួយ ជួយទប់លំនឹង កុំឲ្យធ្លាក់មកខាងក្រោមប៉ុណ្ណោះ។ សម្រាប់ ប្រាសាទនេះមានឈ្មោះ Ganlu ត្រូវបានកសាងក្នុងឆ្នាំ១១៤៦ និងកសាងនៅខាងក្នុងជ្រលងភ្នំ ក្នុងស្រុក Taining ដែលស្ថិតនៅក្នុងខេត្ត Fujian នៃភាគអាគេ្នយ៍ក្នុងប្រទេសចិន។

លើសពីនេះដែរ ប្រាសាទនេះ មានការទាក់ទាញយ៉ាងខ្លាំងនូវរូបរាងរបស់វា ដែលបាននាំអ្នកទេសចរ រាប់ពាន់នាក់ មកធើ្វការគោរពបូជា នៅកន្លែងដ៏បែ្លកមួយនេះជារៀងរាល់ឆ្នាំ។ នៅក្នុងនេះបានឲ្យដឹងទៀតថា ការកសាងប្រាសាទ ដ៏ស្ញប់ស្ញែងមួយនេះ មិនមែនជារឿងធម្មតាទេ ដោយសារប្រាសាទនេះ មានកំពស់ ៧៩ម៉ែត្រពីដី ដែលបានធើ្វនៅខាងក្នុងភ្នំក្រហម ដ៏ល្បីល្បាញមួយនៃប្រទេសចិន ហើយរាល់ទម្ងន់របស់ប្រាសាទទាំងអស់នេះ មានតែសសរធំឈើ១ប៉ុណ្ណោះ ជាអ្នកទ្រទ្រង់។

គួររំលឹកទៀតដែរថា ឈ្មោះប្រាសាទ Ganlu នេះមានន័យថា ទឹកសន្សើមដ៏ផ្អែម ដោយដើមហេតុនៃឈ្មោះនេះ បានកើតឡើងនៅពេលដែល អ្នកតំបន់បានឃើញថ្មស្រួចមួយផ្ទាំង ដុះនៅលើប្រាសាទ និងមានទឹកតក់ៗធ្លាក់ចុះមកក្រោម ហើយមានរសជាតិផែ្អម ដែលនាំឲ្យអ្នកស្រុកហៅប្រាសាទនេះថា Ganlu ចាប់ពីពេលនោះមក។ បន្ថែមពីនេះ អ្នកស្រុកក្នុងតំបន់នេះ បាននិយាយថា ប្រាសាទនេះជាកន្លែងមួយដ៏ស័ក្តិសិទិ្ធណាស់ ដោយតែងតែមានក្រុមគ្រួសារ នាំគ្នាមកទីនេះ ដើម្បីបន់ស្រន់ដោយមានជំនឿថា ការបន់ស្រន់នេះនឹងអាចជួយឲ្យពួកគេមានកូនបាន។

អ្នកស្រុកបានបន្តទៀតថា ប្រាសាទនេះបានកសាងឡើង ដោយ Ye Zuqia ដើម្បីផ្ដល់កិត្តិនាមដល់ម្តាយនាង ក្រោយពីគាត់បានសន្យាថា នឹងកសាងប្រាសាទធំមួយនៅតំបន់នេះ បន្ទាប់ពីការបន់ស្រន់សុំមានកូន ដែលក្រោយមកគាត់ក៏មាន ផ្ទៃពោះក្នុងរយៈពេលដ៏ខ្លី៕

ប្រភព៖ ឌេលីម៉ែល

ការចាប់អារម្មណ៍ខ្មែរឡូត៖

ទាក់ទងនឹងរឿងប្រាសាទដែលមានឡើងនៅក្នុងប្រទេសចិននេះ ក៏ដូចជាកាលពីពេលថ្មីៗនេះ បុរសមានបញ្ហាផ្លូវចិត្តម្នាក់ បានសាងសង់អគារដ៏ ចម្លែកដូចប្រាសាទ កម្ពស់ ៧ជាន់ ធ្វើឲ្យមានការភ្ញាក់ផ្អើល។

បុរសរូបនេះ ជាអ្នកភូមិម្នាក់រស់នៅក្នុងខេត្តស៊ាងដុង ប្រទេសចិន ដែលត្រូវគេដឹងថាមានបញ្ហាជំងឺផ្លូវចិត្ត បាន សាងសង់ អគារមួយដ៏ចម្លែកកម្ពស់ ៧ជាន់ ដោយបានធ្វើឲ្យប្រជាជន ដែលលេងតាមបណ្តាញសង្គម រាប់លាន នាក់ បង្ហាញអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំង ។ រូបភាពមួយចំនួនបានបង្ហាញពី សំណង់អគារដាក់បន្តគ្នាជាជាន់ ទាបៗ រហូតបាន ៧ជាន់ដែលហាក់ ដូចជាសំណង់បែបសិល្បៈ​ មួយបែប មិនដូចជាកន្លែងសម្រាប់មនុស្សរស់នៅឡើយ ប៉ុន្តែ សំណង់ចម្លែកនេះបែរ ជាត្រូវទទួលការចាប់អារម្មណ៍និង ត្រូវបានចែកចាយពេញបណ្តាញសង្គម ដោយសារតែ មនុស្សជាច្រើននឹក ស្មានមិនដល់ថា សំណង់ដែលបានសាងសង់ ដោយផ្ទាល់ដៃដោយ បុរសមានជំងឺ វិកលចរិតម្នាក់នោះទេ ។

ប្រភពព័ត៌មានពីកាសែតចិនមួយ បានបញ្ជាក់ថា អគាររាងដូច ប្រាសាទនេះ បានសាងសង់ដោយ បុរស វិកលចរិតម្នាក់ឈ្មោះ Hu Guangzhou អាយុ៥៥ឆ្នាំ ដែលគាត់បានចំណាយពេល រយៈពេលជាង ៣ឆ្នាំ និង ប្រើប្រាស់របស់កាកសំណល់ ផ្សេងៗជាច្រើន រួមជាមួយ ដីភក់យកមក សាងសង់អគារ ប្រាសាទរបស់គាត់នេះ ។

ក្នុងនោះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបាន កោតសរសើរនូវស្នាដៃនេះ ហើយខ្លះទៀតប្រៀប ប្រដូច​អគារនេះ ដូចជា ប្រាសាទក្នុងរឿងតុក្កតាដូច្នេះដែរ ដែលជាសិល្បៈមួយបែប នឹកស្មានមិនដល់ បុរសវិកលចរិត អាចសាងសង់បាន ប៉ុន្តែក៏មានអ្នកខ្លះ ព្រួយបារម្ភពីសុវត្ថិភាពរបស់គាត់ ដែលត្រូវស្នាក់នៅក្នុងអគារនេះដែរ ។

យ៉ាងណាមិញ អាជ្ញាធរក្នុងតំបន់បាននិយាយថា ពួកគេបានធ្លាប់ព្យាយាម ឲ្យលោក Hu Guangzhou ផ្លាស់ទីលំនៅមករស់នៅ មន្ទីរចាស់ជរារបស់រដ្ឋវិញ ដោយសារគាត់គា្មនប្រពន្ធ និងកូនចិញ្ចឹមបីបាច់ ប៉ុន្តែ គាត់មិនព្រមចាកចេញនោះទេ ។ ដោយយល់ពីកត្តាស្ថានភាព ជំងឺរបស់គាត់ អាជ្ញាធរបានសម្រេចមិន បំផ្លាញអគារប្រាសាទរបស់គាត់ទេ ប៉ុន្តែនៅតែមានដាក់ការ ព្រួញបារម្ភលើសុវត្ថិភាពរបស់គាត់ដដែល ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]