អ្នកចម្រៀងវ័យក្មេង ដែលទទួលបានងារ ថាជាក្មេងស្រីអច្ឆិរយៈ បុស្បាប៉ាន់ នឹងចេញពីប្រទេសកម្ពុជា ទៅសិក្សាជំនាញសិល្បៈជាន់ខ្ពស់ នៅសហរដ្ឋ អាមេរិក នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ បន្ទាប់ពីទទួលបានអហារូបករណ៍ ពីសាលាសិល្បៈដ៏ល្បីនៅសហរដ្ឋអាមេរិក។

ឪពុករបស់ បុស្បាប៉ាន់ លោក ប៉ាន់ ម៉េងហៀង បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១២ ថា នៅម៉ោងប្រមាណជា ៩យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២ បុស្បាប៉ាន់នឹងត្រូវចាក់ចេញ ពីប្រទេសកម្ពុជាទៅ សិក្សានៅជំនាញសិល្បៈនៅសាលាសិល្បៈជាន់ខ្ពស់ លំដាប់ពិភពលោក ដែលមានឈ្មោះថា «Walnut Hill School of the Arts» នៅទីក្រុងប៊ូស្តុន សហរដ្ឋអាមេរិក។

លោកបន្តថា ការសិក្សាសិល្បៈ របស់បុស្បាប៉ាន់ នឹងត្រូវចំណាយពេល៣ឆ្នាំ ដោយសិក្សាជំនាញសិល្បៈបីផ្នែក គឺទី១ ចម្រៀងអូប៉េរ៉ា ទី២ អក្សរភ្លេង និងទី៣ លេង ឧបករណ៍តន្ត្រីព្យា ណូ។ លោកថា ការសិក្សារបស់ បុស្បាប៉ាន់ នោះគឺទទួលបានអាហារូបណ៍ ៥០ភាគរយពីសាលា និង ៣០ភាគពីធានាគារឯកជន ចំនួនដែលតែងតែ គាំទ្រដល់បុស្បាប៉ាន់ ដោយចង់ជំរុញកូនខ្មែរ ដែលមានទេពកោលស្យចូល ក្នុងឆាកអន្តរជាតិ និងការចំណាយ នៅសល់ប៉ុន្មានជា បន្ទុករបស់ក្រុមគ្រួសារ។ លោកអះ អាងថា សម្រាប់ការចំណាយ ក្នុងការសិក្សា ១ឆ្នាំប្រហែល ៥ម៉ឺនដុល្លារអាមេរិក។

លោក ប៉ាន់ ម៉េងហៀង មានប្រសាសន៍បន្តថា «សាលាដែលបុស្បាប៉ាន់រៀននោះ ល្បីខាងជំនាញសិល្បៈដែលមាន ៣ ប៉ុណ្ណោះនៅក្នុងពិភពលោក។ តាមខ្ញុំដឹងជាង ១០០ឆ្នាំមកហើយ មិនទាន់មានអ្នកណាម្នាក់ នៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន បានទៅសិក្សានៅទីនោះទេ ទើបតែកម្ពុជាយើងមាន បុស្បា ដែលសាលា គេឃើញនាងមានទេពកោសល្យ និងប្រវត្តិសិល្បៈល្អ គេផ្តល់ឱកាសឲ្យនាងបានសិក្សា និងផ្តល់អាហារូបករណ៍ថែមទៀតផង»។

លោកបន្ថែមថា សាលាសិល្បៈនោះ មានតែកូនរបស់ពួកអឺរ៉ុប និងមានចំនួនជប៉ុនប៉ុណ្ណោះ ដែលមានលទ្ធភាពនឹងបានសិក្សានៅទីនោះ ហើយនៅឆ្នាំនេះផងដែរ វគ្គសិក្សាដូចជា បុស្បាប៉ាន់ សាលាដ៏ល្បីល្បាញមួយនេះជ្រើសរើសយកតែសិស្ស ៥នាក់ប៉ុណ្ណោះក្នុងចំណោមអ្នកប្រឡងប្រជែងចំនួន ៥០០នាក់។

បើតាមលោក ប៉ាន់ ម៉េងហៀង ក្រៅពីការសិក្សា បុស្បាប៉ាន់ និងត្រូវចូលរួមសម្តែង និងច្រៀងជាមួយក្រុម តន្ត្រីដ៏ល្បីនៅអាមេរិក Boston Symphonic Orchestra ផងដែរ។

យុវតី បុស្បាប៉ាន់ បានសម្តែងនូវក្តីរីករាយរបស់ខ្លួន ដែលបានចេញទៅសិក្សា នៅសហរដ្ឋអាមេរិក ជាងនេះនាងអះអាងថា តាមរយៈឱកាសដ៏មានតម្លៃនេះ ខ្លួនពំានំា នូវភ្លេងខ្មែរ ជាពិសេសភ្លេងមហោរី សម្តែងឲ្យអន្តរជាតិ បានដឹង បានស្គាល់ បានស្តាប់ពីវប្បធម៌ អរិយធម៌របស់ខ្មែរ។

បុស្បាប៉ាន់ និយាយថា «ខ្ញុំនឹងយកនូវបទពិសោធន៍របស់ខ្ញុំ ដែលបានហាត់រៀនពី លោក គ្រូ អ្នកគ្រូ ព្រឹទ្ធាសិល្បៈខ្មែរ ទំាងចម្រៀង ភ្លេងមហោរី ជាដើម ផ្សព្វផ្សាយលើ ឆាកអន្តរជាតិ»។

គួរបញ្ជាក់ថា បុស្បាប៉ាន់ មានអាយុ ១៥ឆ្នាំ នាងត្រូវបានបង្ហាញវត្តមាន លើកញ្ចក់ទូរទស្សន៍ និងមានកេរ្តិ៍ឈ្មោះល្បីតាំងពីនាងមាន អាយុ ៨ឆ្នាំមកម្ល៉េះ។ នាងធ្លាប់បាន សម្តែង និងរៀបចំការ ប្រគំតន្ត្រីធំ និងសប្បុរធម៌ យ៉ាងច្រើននាពេលកន្លងមក ពិសេសការប្រគំតន្ត្រីដ៏អស្ចារ្យ កាលពីឆ្នាំ២០១១ នៅមុខប្រាសាទបាយ័ន ដែលមានភ្ញៀវ ទេសចរ ចូលរួមទស្សនាយ៉ាងច្រើនកុះករ៕

ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]