(ភ្នំពេញ)៖ តារាចម្រៀងប្រុស មានសំណាងជាងគេ​​ក្នុងសិល្បៈ ​បានប្រពន្ធជាកូនសេដ្ឋីស្រុកមង្គលបូរី លោក កែវ វាសនា ​ត្រូវបានគេកោតសរសើរ នៅសំណាងដ៏ល្អ​របស់លោក មិនតិចទេ ព្រោះអ្នកសិល្បៈប្រុសភាគច្រើន សំណាងមិនសូវ​ជា​ល្អបែបនេះ​ទេ។ បន្ទាប់ពីផ្ទុះដំណឹងដោយពាក្យចចាមអារ៉ាម ថា មានការលែងលះជាមួយភរិយាទើបរៀបការ ហើយលោកបានចេញមុខប្រឆាំងដាច់ខាតថា ពុំមែនជាការពិតរួចមក ថ្មីៗនេះលោកបានទទួលរងព្រនង់នៃការរិះគន់មួយទៀត ជុំវិញការលួចចំឡងពីបទចម្រៀង ដ៏ល្បីរបស់ថៃ ដែលមានអ្នកទស្សនា ដល់ទីរាប់លាននាក់ក្នុងយូធូប។

តារាចម្រៀង កែវ វាសនា ជួបរឿងក្ដៅចិត្តមិនតិចទេ នៅពេលមានពួក​អ្នកសរសេរព័ត៌មានថា លោកលែងលះប្រពន្ធរបស់ខ្លួន ខណៈដែលលោកនឹងក្លាយជាឪពុកគេ ក្នុងពេលឆាប់ៗនេះ ក្រៅពីទទួលបានគ្រួសារដ៏កក់ក្ដៅ ការងារសិល្បៈរបស់លោក ក៏រីកចំរើនមិនធម្មតាដែរ ព្រោះបទចម្រៀង​ហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលលោកចូលក្នុងផលិតកម្ម ថោន តែបទចម្រៀង​មួយបទមានចំណងជើងថា «ស៊ីបានចេះតែស៊ីទៅ» បានទទួលការរិះគន់ខ្លាំង ព្រោះបានលួចចំលងពីបទចម្រៀង​ដ៏​ល្បី​របស់ថៃ ដែលមានអ្នកទស្សនា ​រាប់លានក្នុងបណ្ដាញ You Tube។

បទចម្រៀងដើមរបស់លោក កែវ វាសនា មានចំណងជើងថា«ไสว่าสิบ่ถิ่มกัน​ -សៃវ៉ាសិបបធីបកាន់» (សន្យាហើយថា​មិនចោលគ្នា ) ច្រៀងដោយ ก้องหล้า ยอดจำปา (កងឡាយ យតចាំប៉ា) ដែលបទចម្រៀងនេះ និយាយពីជីវិតស្នេហាគូសង្សា ស្រុកស្រែ ដែលបានសន្យាថា មិនចោលគ្នា ។ តែទីបំផុតក៏ចោលគ្នា ហើយវាជារឿងពិត ហើយល្បីជាប់លេខ១ នៅប្រទេស បានវាបានផ្លាស់ប្ដូរជីវិតកម្មករម្នាក់ ក្លាយជាតារាល្បី មិនខុសអីពីលោក សាពូន មីដាដា ច្រៀងរឿងរ៉ាវជិវិតពិត រួច​ក៏ក្លាយជា​តារាចម្រៀងល្បីម្នាក់។

ក្រោយពីបទចម្រៀង កែវ វាសនា បានចេញលក់ ក្រុមអ្នកគាំទ្រតារាចម្រៀងថៃ បាននាំគ្នារិះគន់ កែវ វាសនា មិនសំចៃដៃ ព្រោះមិនមែនលើកទី១ទេ ដែលតារាចម្រៀងខ្មែរ យកបទចម្រៀងល្បីៗថៃ មកច្រៀង គេបានដៀលលោក កែវ វាសនាថា «ថោកទាប» ដែលលួចចំឡង​បទចម្រៀងគេ។ អ្នកខ្លះបាននិយាយថា លួចចំឡងទៀតហើយ លួចឲ្យច្រើនៗទៅ កុំបាច់មានខួរធ្វើបទថ្មីអី។

លោក កែវ វាសនា មិនអាចសុំការបំភ្លឺ ទាក់ទងនឹងការដៀលត្មិះពីសំណាក់ អ្នកគាំទ្រថៃបានទេ ។ តែបទចម្រៀងនេះ ត្រូវបានសរសេរទំនុកជាថ្មី ដោយលោក ងួន សុបិន អ្នកនិពន្ធ និង ដឹកនាំ​សម្ដែង ព្រមទាំងជាតារាកំប្លែងផងដែរ ។ ថ្វីត្បិតតែលោកច្រៀងបានពីរោះ សំឡេងល្អ តែប្រជាជនខ្មែរហាក់មិនសូវសាទរលោកទេ ព្រោះជាទង្វើអាប់ឱន​ដល់សិល្បៈខ្មែរ៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖ 

ទាក់ទងនឹងតារាចម្រៀងរូបនេះ គួររំលឹកផងដែរថា កាលពីខែមុននេះ ម្ចាស់បទ«កុលាបពុលដី» តារាចម្រៀងមាឌល្អិត លោក កែវ វាសនា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយ ដោយបានរៀបការ ជាមួយនឹងកូនស្រី របស់សេដ្ឋីជនបទ ឈ្មោះ«សេដ្ឋីលី» ក្នុងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ខណៈដែលអ្នកសិល្បៈជិតស្និទ្ធ មួយចំនួនធំ មិនបានទៅចូលរួមដោយផ្ទាល់នោះទេ ពោលគឺពួកគេអាចនឹងចាំ ជួបជុំគ្នា ម្ដងទៀត នៅក្នុងទីក្រុងភ្នំពេញ ក្នុងពិធីកាត់ចំណងដៃ ។

នៅក្នុងបណ្ដាញ សង្គម Facebook មានឈ្មោះថា Klar Sor ដែលគេស្គាល់ថា ជារបស់តារាចម្រៀង លោក អីណូ បានបង្ហាញរូបថតនៅប្រមាណជាង២០ នាទីមុននេះ ស្ដីពីពិធីមង្គលការ របស់តារាចម្រៀង កែវ វាសនា ជាមួយនឹងភរិយា អមដោយពាក្យជូនពរថា« ជូនពរសំឡាញ់ឲ្យមានសុភមង្គល ជារៀងរហូត»។ ជាមួយគ្នានេះ ប្រភពព័ត៌មានពីអ្នកសិល្បៈដូចគ្នា បានបង្ហើបបែបចុងមាត់ចុងកថា តារាចម្រៀង កែវ វាសនា បានសម្រេចចិត្តរៀបការ ជាមួយកូនស្រី របស់អ្នកមានស្ដុកស្ដម្ភម្នាក់ ដែលគេអាចនិយាយបានថា ជាសេដ្ឋីជនបទ ដោយសេដ្ឋីនោះមានឈ្មោះ «លី» និងកូនស្រីមានឈ្មោះ ឈីឈី ជាអ្នករកស៊ីនៅក្នុងខេត្តជាយដែន នៃប្រទេសកម្ពុជា និងមានហាងក្នុងក្រុងភ្នំពេញ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]