(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត Land Cruiser បើកបុកជាមួយម៉ូតូ Dream C125 អូសជិតជាង១គីឡូម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកឯម៉ូតូគៀបជាប់ក្រោមរថយន្ត រហូតជិតដល់ស្ពានតាខ្មៅ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០២៖៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌ័មានជយ័ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហេង វឌ្ឍនា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជំនួយការវាស់វែង នៅបុរីប៉េង ហួត មានទីលំនៅភូមិចន្លោះខាងកើត ឃុំគៀនជរ័លាំង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

បើតាមសាក្សីបានឃើញហេតុការណ៍ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-8356 បើកបរក្នុងល្បឿនយឺត ពីទិសដៅភ្នំពេញ ទៅក្រុងតាខ្មៅ ស្រាប់តែដល់កន្លែងកើតហេតុ មានរថយន្ត Land Cruiser ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2A-9990 បើកបរក្នុងល្បឿនលឿនពីភ្នំពេញ មកក្រុងតាខ្មៅ ក្នុងទិសដៅស្របគ្នា បានបុកចំពីក្រោយម៉ូតូ អូសជិតជាង១គីឡូម៉ែត្រ រហូតដល់ភូមិដើមគ សង្កាត់ដើមមាន ក្រុងតាខ្មៅ ទើបម្ចាស់រថយន្ត បើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ភ្លាមៗនោះត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ និងចរាចរណ៍ខណ្ឌមានជ័យ ចុះមកកន្លែងហេតុការណ៍ ដើម្បីធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក នៅការិយាល័យក្រុង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីយប់ម្សិលមិញដូចគ្នា ក៏មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្ដបានបុកពី ក្រោយអ្នកជិះម៉ូតូ។ គួររំលឹកថា រថយន្ដស៊េរីទំនើបមួយគ្រឿង​ បានបុកម៉ូតូ Today មួយគ្រឿងពីក្រោយ​ បណ្ដាលឱ្យស្រីស្អាត២នាក់ រងរបួសធ្ងន់ស្រាល​ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ​ កើតឡើងនាម៉ោង១០៖១០នាទីយប់ថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០១៦​ លើកំណាត់ផ្លូវជាតិលេខ៦A​ ស្ថិតក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វា​រ ខណ្ឌជ្រោយចង្វារ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញ ស្រីស្អាត២ជិះម៉ូតូ Today​ មួយគ្រឿង​តាមដងផ្លូវ លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដទំនើបម៉ាក Land Crusier​ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AD-2928​ បានបុកពីក្រោយពេញទំហឹង​ បណ្ដាលឱ្យជនរងគ្រោះម្នាក់ របួសធ្ងន់​ និងម្នាក់ទៀតរបួសស្រាល។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យកាល់ម៉ែត​ ចំណែករថយន្ដបង្ក​ និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុក​ ដើម្បីដោះស្រាយតាមនីតិវិធី៕

រូបភាពនារីរងគ្រោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]