(ឧត្តរមានជ័យ)៖ ក្រុមមន្រ្តីយោធា ដែលឈរជើងនៅជាប់ព្រំដែន ប្រទេសថៃក្នុងទឹកដីខេត្តឧត្តរមានជ័យ ត្រូវគេរាយការណ៍មកថា នៅតែបានបន្តដឹកនាំកម្លាំងរបស់ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ឡើងភ្នំចូលទៅកាប់ និងអូសឈើក្នុងទឹកដីថៃ ដើម្បីយកមកលក់ ឲ្យពួកគេ ក្នុងការនាំចេញទៅក្រៅប្រទេស។

ជាក់ស្តែងកាលពីថ្មីៗនេះប្រជាពលរដ្ឋខ្មែរជាង៤០នាក់ ដែលឡើងភ្នំតាមច្រកអូរខ្សាច់ ក្នុងឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បានប្រាប់ថា ពួកគាត់ឡើងភ្នំចូលទឹកដីថៃ ដើម្បីអូសឈើក្រញូងឱ្យឈ្មោះ ព្រាប សារិន ជាមន្រ្តីយោធា ដែលឈរជើងនៅតំបន់អូរឬស្សី និងច្រកអូរខ្សាច់ខាងលើនេះ។

ប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលរស់នៅ ភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ បាននិយាយថា ឈ្មោះ ព្រាប សារិន ជាមេខ្យល់នាំកម្លាំងពលរដ្ឋខ្មែរ ឆ្លងដែន រកកាប់ឈើក្រញូង ក្នុងទឹកដីថៃ ហើយសកម្មភាពនេះ បើគ្មានមន្រ្តីយោធាឈរជើងនៅទីនោះផ្តល់ភ្លើងខៀវនោះទេ ក៏ប្រជាពលរដ្ឋមិនអាចនាំកម្លាំងពលរដ្ឋខ្មែរ ឆ្លងដែនបាននោះទេ។

ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត ក៏បានឲ្យដឹងផងដែរ ខ្លួនធ្លាប់ឡើងភ្នំអូសឈើក្រញូងក្នុងទឹកដីថៃចំនួន២ដងមកហើយដោយមានឈ្មោះ ព្រាប សារិន ជាអ្នកនាំផ្លូវ ហើយពេលទម្លាក់ឈើមកដល់ដីកម្ពុជា មានថៅកែស្រីម្នាក់ មិនស្គាល់ឈ្មោះនៅជិតផ្សារទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ចាំទិញឈើទាំងនោះ។

បើតាមការលួចបង្ហើបពីសមត្ថកិច្ចខ្លះ ថៅកែស្រីជាឈ្មួញចាំទិញឈើក្រញូង នៅចំណុចអូរខ្សាច់ និងអូរឬស្សីនោះ គឺជាប្រពន្ធរបស់មន្ត្រីប្រដាប់អាវុធ ក្នុងស្រុកត្រពាំងប្រាសាទម្នាក់ឈ្មោះ មាស ចន្ថា ដែលកន្លងមកក៏មាន បញ្ហារអ៊ូរទាំ ពីអ្នកដឹកឈើក្រញូងតាមម៉ូតូ និងតាមរថយន្តកាមរី បន្តិចបន្តួច ក៏ត្រូវលោក មាស ចន្ថា ចាប់រឹបអូសទាំងរថយន្ត និងម៉ូតូ ដោយសារតែមិនលក់ឱ្យប្រពន្ធរបស់ខ្លួន។ មានពលរដ្ឋខ្មែរមួយចំនួន ដែលស្ពាយឈើក្រញូងមកពីទឹកដីថៃ តាមច្រកអូរខ្សាច់ ដែលមិនលក់ឱ្យថៅកែស្រីខាងលើនេះ ក៏ត្រូវចាប់រឹបអូសយកឈើផងដែរ។

ជាមួយគ្នានេះ ក៏មានឈ្មួញជាជនជាតិវៀតណាម២នាក់ ទី១.ឈ្មោះ យាយម៉ាយ ដែលឈរជើងចាំទិញឈើក្រញូង ប្រចាំការនៅស្រុកអន្លង់វែង និងឈ្មួញជនជាតិវៀតណាមម្នាក់ទៀតឈ្មោះ ទូ ដែលឈើជើងចាំទិញឈើ នាងនួន និងឈើក្រញូង នៅចំណុចក្បាលទន្សោង ដែលជាភូមិសាស្រ្តឈរជើងរបស់យោធារបស់វរសេនាតូចការពារព្រំដែនគោកលេខ៤០៣ ហើយមិនដែលមានអាជ្ញាធរ និងសមត្ថកិច្ចខាងណាហ៊ានធ្វើការបង្ក្រាប និងទប់ស្កាត់នោះទេ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ ទាក់ទងនឹងករណីជួញដូរខុសច្បាប់នេះ ក្រលេកមកមើលករណី ក​ម្លាំងគយចល័ត ចាប់រថយន្ត២គ្រឿង នៅស្រុកមេមត់ ដែលប្រុងដឹកឈើយ៉ាងច្រើនចេញតាមច្រករបៀង គួររំលឹកផងដែរថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ រថយន្ត២គ្រឿង ដែលផ្ទុកដោយឈើប្រភេទលេខ១ ប្រុងលួចដឹកចេញតាមច្រករបៀងនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងគយចល័តចាប់ឃាត់បាន

លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័ត ដែលបានចូលរួមដឹកនាំការបង្រ្កាបនេះ បានអះអាងថា ឈើយ៉ាងច្រើននោះ ត្រូវបានឃាត់នៅភូមិអូរអង្កាម ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលសុទ្ធសឹងជាឈើគេចពន្ធ។ ក្នុងនោះសមត្ថកិច្ចគយចល័ត ក៏បានឃាត់រថយន្ត២គ្រឿងផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមក កម្លាំងគយចល័ត បានក៏បានធ្វើយុទ្ធនាការចាប់ឈើគេចពន្ធ នៅក្នុងខេត្តត្បូងឃ្មុំនេះ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]