អាមេរិក៖ ការប្រកួតពានរង្វាន់ទ្វីបអាមេរិក Copa America បានរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមជម្រើសជាតិ ឈីលី បានយកឈ្នះលើ ក្រុមជម្រើសជាតិ អាហ្សង់ទីន វគ្គប៉េណាល់ទី ក្នុងលទ្ធផល ៤-២ ដែលជាហេតុធ្វើឲ្យ Messi ខកចិត្តសាជាថ្មី ស្របពេលដែលរូបគេផ្ទាល់ ស៊ុតប៉េណាលទីអត់ចូល ហើយបន្ថែមពីនេះទៀត Messi ក៏បានប្រកាសខ្លួនចូលនិវត្តន៍ពីក្រុមជម្រើសជាតិ អាហ្សង់ទីន អំឡុងពេលផ្តល់បទសម្ភាស៍ជាមួយអ្នកសារព័ត៌មានទៀតផង។

ការប្រកួតរវាងក្រុមទាំងពីរនេះ ធ្វើឡើងក្នុងកីឡដ្ឋាន Metlife Stadium នៃរដ្ឋ New Jersey សហរដ្ឋអាមេរិក ក្រោមក្រសែភ្នែកអ្នកគាំទ្រជាង ៨ម៉ឺននាក់។ ទាក់ទងនឹងការប្រកួតនេះដែរ ក្រុមទាំងពីរ សុទ្ធតែមានឱកាសដូចគ្នា ប៉ុន្តែ អាហ្សង់ទីន មានប្រៀបជាងបន្តិចក្នុងការប្រកួត ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្រុមទាំង២ សុទ្ធតែ ទទួលបានការពិន័យ កាតក្រហមដូចគ្នា ដូចជាកីឡាកររបស់ឈីលី Marcelo Diaz និង កីឡាករ Marcos Rojo របស់អាហ្សង់ទីន ។

ទោះជាយ៉ាងណាក្តី ក្រុមទាំង២ មិនអាចធ្វើអ្វីគ្នាបាន ក្នុងការប្រកួតពេញ៩០នាទី ដែលធ្វើឲ្យការប្រកួត អូសបន្លាយដល់វគ្គ Extra Time ។ ចូលដល់វគ្គ Extra Time ពួកគេនៅតែ មានឱកាសស៊ុតដូចគ្នា ប៉ុន្តែ នៅតែមិនមានកីឡាករណាមួយ ធ្វើបានសម្រេច ដែលជាហេតុធ្វើមានការកាត់សេចក្តីក្នុងវគ្គប៉េណាល់ទីតែម្តង។

ក្រុមទាំង២ បើកឆាក ស៊ុតបាល់ប៉េណាល់ទីអត់ចូលដូចគ្នា មួយគឺ Vidal និងមួយទៀតគឺ Messi ។ រហូតមកដល់លទ្ធផលចុងក្រោយ Gato Silva បានស៊ុតយកជ័យជំនះឲ្យឈីលី ខណៈពេលដែលអ្នកចាំទី Bravo បានសង្គ្រោះបាល់ពីការស៊ុតរបស់ Lucas Biglia ។

ដូច្នេះឈីលី ក្លាយជាជើងឯកនៃពានរង្វាន់ Copa America នេះ ២ឆ្នាំជាប់ៗគ្នាហើយ ដោយកាលពីឆ្នាំមុន ពួកគេបានឈ្នះ អាហ្សង់ទីន ក្នុងវគ្គ ប៉េណាល់ទី នេះដូចគ្នា ។

ហើយក៏សូមចូលរួមសោកស្តាយចំពោះ អាហ្សង់ទីន ដែលបាត់បង់នូវឱកាសមួយនេះ ។

សូមបញ្ជាក់ផងដែរថា អាហ្សង់ទីន បានចាញ់ក្នុងវគ្គផ្តាច់ព្រ័តជាប់ៗគ្នា៣លើកហើយ ក្នុងរយៈពេល ៣ឆ្នាំ គឺ World Cup 2014 និង Copa America 2015 និង 2016 នេះ ។ 

ទន្ទឹមនឹងនេះដែរ Messi ដែលជាកីឡាករឆ្នើម និងជានិមិត្តរូបរបស់អ្នកគាំទ្រនោះ ក៏បាត់បង់នូវឱកាសលើកពានជាមួយ ក្រុមជម្រើសជាតិរបស់ខ្លួនជាថ្មីម្តងទៀតដែរ ដូច្នេះហើយទើបគាត់សម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។ ក្នុងបទសម្ភាសន៍គាត់បានថ្លែងថា « អាជីពបាល់ទាត់ជាមួយក្រុមជម្រើសជាតិរបស់ខ្ញុំ ត្រូវបានបញ្ចប់។ វគ្គផ្តាច់ព្រ័ត ៤លើក ហើយដែលខ្ញុំខកខាន ខ្ញុំបានព្យាយាមហើយ ហើយសម្រាប់ពានទាំងអស់នោះគឺជាអ្វីៗដែលខ្ញុំចង់បាន សម្រាប់ជូនក្រុមជម្រើសជាតិ តែនៅតែធ្វើមិនបានសម្រេច »។ គាត់បន្ថែម « ខ្ញុំបានព្យាយាមខ្លាំងណាស់ ក្នុងការប្រកួតមួយនេះ ហើយវាពិតជាឈឺចាប់ណាស់ដែលមិនបានឈ្នះ » ។

ជាក់ស្តែង ប្រិយមិត្តដែលបានទស្សនានូវការប្រកួត ក៏អាចយល់ឃើញដូចគ្នា ថាកីឡាកររូបនេះខំប្រឹងប៉ុណ្ណាសម្រាប់ក្រុម តែលទ្ធផលបានត្រឹមតែបរាជ័យ ។ គួររំលឹកផងដែរថា Messi បានចូលលេងឲ្យក្រុមជម្រើសជាតិដំបូងតាំងពីឆ្នាំ ២០០៥ មកម្ល៉េះ ហើយស៊ុតចូលទីបាន ៥៥ គ្រាប់ ដែលជាកីឡាករ ស៊ុតបញ្ចូលទីច្រើនជាងគេឲ្យជម្រើសជាតិ អាហ្សង់ទីន ៕

ប្រភព៖ Mirror | BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]