កណ្តាល៖ រថយន្តតូចធំ ជាច្រើនគ្រឿង បានកកស្ទះចម្ងាយដីរាប់សិបគីឡូម៉ែត្រ តាមបណ្តោយផ្លូវលេខ២១បេ ត្រង់ចំណុចស្ពានព្រែកតូច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦នេះ ដោយសារតែក្រុមហ៊ុនធ្វើលូ បណ្តាលឲ្យស្រុតដី ដែលពេលនោះផ្លូវរួមកាន់តែតូច។

ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាល លោក សេង ឡុង បានរាយការណ៍ថា ពេលដែលក្រុមហ៊ុន ជីកដីដាក់ប្រព័ន្ធលូនោះ បានបណ្តាលឲ្យដីបាក់ស្រុត ពេលនោះ ផ្លូវដែលត្រូវធ្វើដំណើរកាន់តែរួមតូចទើបធ្វើឲ្យរថយន្តជាច្រើនគ្រឿង ត្រូវកកស្ទះជាហូរហែដោយកម្លាំងសមត្ថកិច្ច អាចរំដោះម្តងមួយគ្រឿងៗ តែប៉ុណ្ណោះ៕

ប្រភព៖ freshnews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី២១ មិថុនា ២០១៦ ក៏មានហេតុការណ៍ស្រុតដីផងដែរ នៅឯសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលធ្វើឲ្យ ផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ «បឹងសំរោង» បានបាក់ស្រុតចុះក្រោមតែម្តង តែគ្មានអ្នកណាគ្រោះថ្នាក់ ដល់ជីវិតឡើយ។

សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ «បឹងសំរោង» បានបាក់ស្រុតចុះក្រោម តែសំណាងល្អ មិនមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

តាមអាជ្ញាធរបានឱ្យដឹងថា ផ្ទះកើតហេតុខាងលើគឺធ្វើអំពីថ្ម ជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ មាស ឆុន ជាមន្ត្រីយោធា។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ ។

តាមព័ត៌មានពីអាជ្ញាធរបានបន្តថា ករណីនេះត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាងបានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឱ្យដីហៀរចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង ។

តែទោះបីជាយ៉ាងណា មូលហេតុច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុងរើអីវ៉ាន់ចេញផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]