(ភ្នំពេញ)៖ សេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីផ្ទះបើកភោជនីយដ្ឋានមួយកន្លែងយីហោ «បឹងសំរោង» បានបាក់ស្រុតចុះក្រោម តែសំណាងល្អ មិនមានមនុស្សណាម្នាក់ បានរងគ្រោះថ្នាក់នោះទេ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៣៖៣០នាទីរសៀលថ្ងៃទី២១ មិថុនា ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។

តាមអាជ្ញាធរបានឱ្យដឹងថា ផ្ទះកើតហេតុខាងលើគឺធ្វើអំពីថ្ម ជារបៀបវីឡាកូនកាត់ មានទំហំ៨ម៉ែត្រ គុណ១០ម៉ែត្រ ដែលមានម្ចាស់ផ្ទះឈ្មោះ មាស ឆុន ជាមន្ត្រីយោធា។ នៅជិតផ្ទះកើតហេតុ គេឃើញមានសង់ជាតូបតូចក្បែរៗគ្នា សម្រាប់លក់ដូរផងដែរ ។

តាមព័ត៌មានពីអាជ្ញាធរបានបន្តថា ករណីនេះត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីពំនូកដីនៅខាងត្បូង ដែលផ្ទះអ្នកជិតខាងបានចាក់ក្បែរនោះ លុះពេលមានភ្លៀងធ្លាក់កាលពីម្សិលមិញ ទើបបណ្តាលឱ្យដីហៀរចូលកៀនផ្ទះធ្ងន់ស្រុតចុះក្រោមតែម្តង ។

តែទោះបីជាយ៉ាងណា មូលហេតុច្បាស់ គឺមិនទាន់កំណត់បានទេ ខណៈសមត្ថកិច្ចកំពុងធ្វើការត្រួតពិនិត្យ និងឃើញខាងម្ចាស់ផ្ទះកំពុងរើអីវ៉ាន់ចេញផងដែរ៕ 

ប្រភព៖ freshnews

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ កាលពីថ្ងៃទី០៨ ខែមិថុនា ថ្មីៗនេះ មានករណីស្រុតដី រថយន្តចំនួន ៣គ្រឿង ដែលម្ចាស់ចតចោល នៅជាប់របងការដ្ឋានសំណង់ បានធ្លាក់ចូល ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅស្តាតអូឡាំពិកប៉ែកខាងកើត។

យ៉ាងហោចណាស់ មានរថយន្តចំនួន៣គ្រឿង បានធ្លាក់ចូល ក្រោយពីមានហេតុការណ៍ស្រុតដី នៅជាប់របងស្តាតអូឡាំពិកប៉ែកខាងកើត ក្នុងខណ្ឌ៧មករា កាលពីវេលានាវេលាម៉ោងប្រមាណ២៖១០នាទីរសៀល ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ បានទៅចោមរោមមើល។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តចំនួន៣គ្រឿង ដែលម្ចាស់ចតចោល នៅជាប់របងការដ្ឋានសំណង់ បានធ្លាក់ចូល ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅរសៀលថ្ងៃនេះ តែមិនមានព័ត៌មាន ពីគ្រោះថ្នាក់ដល់ មនុស្សនោះទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]