(ភ្នំពេញ)៖ យ៉ាងហោចណាស់មានរថយន្តចំនួន៣គ្រឿង បានធ្លាក់ចូល ក្រោយពីមានហេតុការណ៍ស្រុតដី នៅជាប់របងស្តាតអូឡាំពិកប៉ែកខាងកើត ក្នុងខណ្ឌ៧មករា នាវេលាម៉ោងប្រមាណ២៖១០នាទីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ បានទៅចោមរោមមើល។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តចំនួន៣គ្រឿង ដែលម្ចាស់ចតចោល នៅជាប់របងការដ្ឋានសំណង់ បានធ្លាក់ចូល ក្រោយពេលមានភ្លៀងធ្លាក់មួយមេធំ នៅរសៀលថ្ងៃនេះ តែមិនមានព័ត៌មាន ពីគ្រោះថ្នាក់ដល់ មនុស្សនោះទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់ បានចុះទៅជួយអន្តរាគមន៍៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖ គួររំលឹកផងដែរថា​ ទាក់ទងនឹងភ្លៀងបោកបក់ខ្លាំងនេះ កាលពីថ្ងៃ​ទី​៣ ​មិថុនា ២០១៦ តំបន់​ផ្សារ​វាល​រេញ និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤​នៅ​ក្បែ​នោះ ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បាន​រង​នូវ​ការ​ជន់​លិច​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។

មន្ត្រី​សាលាស្រុក​ព្រៃ​នប់ក៏​បាន​ចុះ​ទៅ​កាន់​តំបន់​ផ្សារ​វាល​រេញ​ភ្លាម​ៗ ដើម្បី​រក​វិធី​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​តំបន់​ផ្សារ​វាល​រេញ​ទាំងមូល​និង​ចិញ្ចើម​ផ្លូវជាតិ​លេខ​៤ នៅ​ក្បែ​នោះ បាន​រង​នូវ​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង ។

ក្រុម​អ្នក​លក់ដូរ​ក្នុង​ផ្សារ​វាល​រេញ​និយាយ​ថា ទំនិញ​មួយ​ចំនួន​ដែល​ដាក់​លក់​ផ្ទាល់​ដី​បាន​រង​ការ​ខូចខាត​ខ្លះ​ដែរ ដោយសារ​តែ​ជញ្ជូន​ចេញ​មិន​ទាន់ ហើយ​ចរន្តអគ្គិសនី​ក៏​បាន​កាត់​ផ្តាច់​ជា​បណ្តោះអាសន្ន​ដែរ ដើម្បី​ការពារ​ការ​ឆ្លង​ចរន្ត​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ ។

បើ​តាម​មន្ត្រី​សាលាស្រុក​ព្រៃ​នប់​អះអាង​ថា ការ​ជន់​លិច​នេះ​បណ្តាល​មក​ពី​ប្រ​ព​ន្ធ័​លូ​បង្ហូរទឹក​កកស្ទះ​ដោយ​សំរាម បូក​រួម​នឹង​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​ផង ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​វិញ​នៅ​ក្រោយ​ពេល​រាំងភ្លៀង ។

ជាមួយ​គ្នា​នេះ មន្ត្រី​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ក៏​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ជួយ​បញ្ជា​ចរាចរណ៍​នៅ​ផ្លូវជាតិ​មុខ​ផ្សារ​ដែល​មានទឹក​ជន់​លិច​ខ្លាំង​ផង​ដែរ ដើម្បី​ការពារ​កុំ​ឲ្យ​យានយន្ត​ផ្សេង​ៗ​បើកបរ​លឿន នាំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]