បាត់ដំបងៈ សង្សា១គូ រស់នៅជាមួយគ្នាជិត៣ឆ្នាំ ហើយតែត្រូវឪពុកម្តាយខាងប្រុស បំបែកបំបាក់ មិនឲ្យកូនប្រុសយកធ្វើប្រពន្ធ ដល់នាងខឹងជិះម៉ូតូ ដេញគប់កញ្ចក់ឡាន ពីបាត់ដំបង ដល់ស្រុក បវេល កាលពីវេលាម៉ោង១១និង២០នាទី ត្រូវអាវុធហត្ថស្រុកឃាត់ខ្លួន កាលពីវេលាម៉ោង ៣ និង២០នាទី ល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ នៅចំណុចក្បាលស្ពានទំនប់ទឹក ភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល នាំយកមកទីបញ្ជាការអាវុធហត្ថស្រុក ដើម្បីសាកសួរ រួច កសាងសំណុំរឿង បញ្ជូនខ្លួនបក្ខពួកទាំង២នាក់ ទៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីបញ្ជូនបន្តទៅតុលាកាខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

លោក ឡេង វណ្ណា មេបញ្ជាការរងអាវុធហត្ថស្រុកបវេល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មាន៖ទី១ឈ្មោះ លាង ស្រីមុំ ភេទប្រុសអាយុ២៣ឆ្នាំ មានស្រុកកំណើត ភូមិ ឃុំបឹងកុក ក្រុង កំពង់ចាម បច្ចុប្បន្នមកស្នាក់នៅរកស៊ីនៅខេត្តបាត់ដំបង។ ទី២ឈ្មោះ ឡាច សុខា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ សង្កាត់វត្តគរក្រុងបាត់ដំបង។

ចំណែកជនរងគ្រោះមានឈ្មោះ សុខ សុផាត ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរជាគ្រូពេទ្យឯកទេស ភូមិភាគទី៥បាត់ដំបង មានទីលំនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

តាមបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១២ គាត់ និងក្រុម គ្រួសារបានធ្វើដំណើរពីបាត់ដំបង ទៅលេងស្រុកកំរៀង។ នៅវេលាម៉ោង១០ព្រឹកឡានរបស់ គាត់បានបើកដល់ចំណុច រង្វង់មូលដៃប្រាំបីខេត្តបាត់ដំបង មានម៉ូតូ១គ្រឿងជិះមានគ្នា២នាក់ តាមពីក្រោយឡានរហូតដល់ចំណុចមុខ វត្តសារ៉ាយអណ្តែត ឃុំជ្រៃ ស្រុកថ្មគោល។ លុះដល់ ម៉ោង៣និង២០នាទីល្ងាចថ្ងៃដដែល ជនទាំង២នាក់បានធ្វើ សកម្មភាពយកដុំថ្មមកគប់ចំទ្វារ ក្រោយខាងឆ្វេង ហើយបានជិះតាមរហូតដល់ស្រុកបវេល បន្ទាប់ពីឡានជនរងគ្រោះ បានទៅ ដល់ ស្រុកបវេលហើយ ក៏បានប្តឹងកម្លាំងអាវុធហត្ថស្រុកឲ្យជួយអន្តរាគមន៍។ បន្ទាប់ពីបានទទួលបណ្តឹងហើយកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនទាំង២នាក់ យកមកសាក សួរ។

ជនសង្ស័យទាំង២នាក់មិនព្រមសារភាពថា ខ្លួនមិនបានប្រព្រឹត្តយកដុំថ្មគប់កញ្ចក់ឡាន នោះទេ ព្រមទាំងមិនព្រមផ្តិតមេដៃលើកំណត់ហេតុ សួរចម្លើយឡើយ ដោយបានប្រកែកថា ពួកខ្លួនមិន បានធ្វើអ្វីខុសនោះទេ។

លោកអនុសេនីយ៌ឯក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថ ខេត្តបានបញ្ជាក់ថា យោងតាមបណ្តឹងរបស់ជនរងគ្រោះ ទោះជាជនសង្ស័យ មិនព្រមសារភាព ក៏ដោយ លោកឧត្តមសេនីយ៌ត្រី ប៉ោ វណ្ណៈ មេបញ្ជាការអាវុធ ហត្ថខេត្ត និងតាមបញ្ជាររបស់ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន រួចមកលោកបានបញ្ជារឲ្យការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយៈ ដើមអម្ពិល (DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]