ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមិថុនា កំពូលតារាហុងកុង នាង Nancy Wu និងលោក Vincent Wong បានធ្វើដំណើរជាពិសេស មកកាន់ទីក្រុងភ្នំពេញ ដើម្បីមកជួបផ្ទាល់ជាមួយនឹងប្រិយមិត្តអ្នកគាំទ្រខ្លួនជាច្រើន នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះផងដែរ ដំណើរមកដល់ទឹកដីដ៏ស្រស់បំព្រងរបស់កម្ពុជាលើកនេះ កំពូលតារាភាពយន្តនៃស្ថានីយទូរទស្សន៍ TVB ទាំងពីររូប នឹងទទួលពិធីស្វាគមន៍ ក៏ដូចជាចូលរួមក្នុងជំនួបពិសេសមួយ TVB PNN SHOWCASE 2016 នៅឯស្ទូឌីយ៉ូ ព្រែកភ្នៅ របស់ទូរទស្សន៍ ភីអិនអិន នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១៩ ខែមិថុនានេះហើយ។ ជាមួយគ្នានេះដែរ ប្រិយមិត្តគាំទ្រជាច្រើនរយនាក់ ដែលបានប្រកួតប្រជែងក្នុងកម្មវិធី ជ្រើសរើសអ្នកដែលមានមុខមាត់ដូច ឬស្រដៀងទៅនឹងតារាភាពយន្តTVB ក៏ត្រូវបានចូលរួមក្នុងព្រឹត្តិការណ៍ល្ងាចនេះផងដែរ ដើម្បីបានជម្រុះ និងសម្រេចចុងក្រោយ ថាតើបេក្ខជនរូបណាដែលមានមុខមាត់ស្រដៀងជាងគេ។

ស្របពេលជាមួយគ្នានេះផងដែរ កម្មវិធី TVB PNN SHOWCASE 2016 នេះ ក៏មានការចូលរួមសម្តែងជូនអ្នកទស្សនា ពីសំណាក់តារាចំរៀងល្បីរបស់កម្ពុជា គឺកញ្ញា ទេព បូព្រឹក្ស ជាពិសេសផងដែរ។ ហើយអ្វីដែលអស្ចារ្យទៀតនោះ គឺនាង Nancy Wu និងលោក Vincent Wong នឹងចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយខ្មែរ និងផ្តល់បរិយាកាសរីករាយ សម្រាប់ប្រិយមិត្តខ្លួន តាមរយៈការបកស្រាយបទចម្រៀងពីសំណាក់តារាទាំង២រូបនេះ ទៀតផង។

គួរឲ្យដឹងថា នាងNancy Wu គឺជាតារាភាពយន្តល្បីល្បាញ និងគួរឲ្យស្រលាញ់ នៃទីក្រុង ហុងកុង និងមានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជាផងដែរ។ លើសពីនេះ ដោយសារតែ Nancy នាងមានវត្តមានច្រើននៅក្នុងខ្សែភាពយន្តជាច្រើន ទាំងបុរាណ និងសម័យ ប្រចាំTVB ហើយនាងក៏ជាម្ចាស់ពានរង្វាន់ តារាស្រីឆ្នើមប្រចាំឆ្នាំ២០១៦ ព្រមទាំងសម្តែងនៅក្នុងខ្សែភាពយន្តរឿង Ghost Of Relativity ទៀតនោះ ទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាង កាន់តែមានភាពល្បីល្បាញថែមមួយកំរិតទៀត។

ជាពិសេសទៅទៀត ខ្សែភាពយន្តថ្មីរបស់នាង ដែលមានចំណងជើងថា “A Fist Within Four Walls” នឹងត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទ្សន៍ ភីអិនអិន នាពេលឆាប់ៗខាងមុខនេះហើយ។ ដោយក្នុងនោះ Nancy នាងដើរតួអង្គជា Tiu Lan ចំណែកឯសាច់រឿងវិញ គឺនិយាយរៀបរាប់ពីតួអង្គ TSO NGAU KUEN ដែលត្រឡប់ទៅកាន់រាជធានី ជាកន្លែងដែលរូបគាត់បានជួបជាមួយទន្តពេទ្យ TUEN YING FUNG ។ ក្រោយមក ពួកគេទាំង២ បានក្លាយទៅជាអ្នកគ្រប់គ្រងភូមិមួយ ឈ្មោះ Bajiquan ។ ដោយមានទេពកោសល្យខាងក្បាច់គុន ពួកគេបានរួមគ្នាកំចាត់ក្រុមមនុស្សអាក្រក់ នៅក្នុងភូមិដែលដឹកនាំដោយ មេកើយមានឥទ្ធិពលឈ្មោះ LUNG SHING FU ហើយក៏ជាកន្លែង KUEN បានជួបជាមួយ នាង Tui Lan ម្ចាស់ហាងធ្វើសក់មួយនៅទីនោះដែរ។ បន្ថែមពីនេះ Nancy Wu នាងបានបង្ហើបប្រាប់ថា បច្ចុប្បន្ននេះ នាងពិតជាមានចំណាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើតួអង្គAction ដែលនាងចង់ឲ្យមានឈុតសម្តែងលក្ខណៈបែបAction វាយគ្នា ច្រើនបំផុត។

ដោយឡែក សម្រាប់តារាវ័យ ៣២ឆ្នាំរបស់ទីក្រុងហុងកុង លោក Vincent Wong វិញ លោកក៏ជាតារាភាពយន្តដ៏ល្បីល្បាញមិនចាញ់នាង Nancy នោះដែរ ថែមទាំងទទួលបានការគាំទ្រខ្លាំងពីប្រិយមិត្តនៅកម្ពុជាផងដែរ។ Wong មានភាពល្បីល្បាញគឺដោយសារ តែសមត្ថភាពនៃការសម្តែងភាពយន្តភាគជាច្រើន បែបវាយប្រហាររបស់TVB។ កាលពីឆ្នាំ២០១៣ Vincent Wong ធ្លាប់បានឈ្នះពានរង្វាន់ តារាប្រុសឆ្នើមពីព្រឹត្តិការណ៍ប្រចាំឆ្នាំ TVB ក្រោយពីលោកបានសម្តែងនូវខ្សែភាពយន្តភាគជាច្រើនក្នុងឆ្នាំ២០១៣នោះ ដោយមានដូចជារឿង (Season Of Love), (Sergeant Tabloid), (A Change Of Heart), ក៏ដូចជារឿង (Will Power And Coffee Cat MaMa)ជាដើម។ មិនតែប៉ុណ្ណោះ លោកWong បានបង្ហើបពីចំណាប់អារម្មណ៍របស់លោកថា តួអង្គដែលលោកស្រមៃចង់លេងនោះ គឺជាតួអង្គSuperHero ដែលមានភាពអង់អាចក្លាហាន។

ប៉ុន្តែមិនថាយ៉ាងណា Wong ក៏នឹងបង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីរបស់TVB រឿង Over Run Over សម្តែងជាតួអង្គKwan Ting Ming ដែលគ្រោងចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រៀងរាល់ថ្ងៃ វេលាម៉ោង ៦ ដល់ម៉ោង ៧យប់ ចាប់ពីថ្ងៃទី ២១ មិថុនានេះតទៅ។ នៅក្នុងខ្សែភាពយន្តនេះ រៀបរាប់ពីនារីឈ្មោះ LING SUN FUNG និងមិត្តប្រុសរបស់នាង KWOK SHEUNG CHING ដោយពួកគេទាំងពីរសុទ្ធសឹងតែជាអ្នកចំណូលថ្មី ក្នុងជួរប៉ូលីស។ បន្ទាប់ពី LING SUN FUNG ចូលបម្រើក្នុងជួរប៉ូលិសមិនបានប៉ុន្មាន នាងចាប់ផ្តើមដាក់ការសង្ស័យទៅលើ KWAN TING MING ដែលជាប្រធានក្រុមកំពុងពាក់ព័ន្ធឃុបឃិត ជាមួយក្រុមសង្គមងងឹត ធ្វើឲ្យផ្ទៃរឿងកាន់តែទាក់ទាញពីមួយភាគទៅមួយភាគ។

គូសបញ្ជាក់ថា កាលពីដើមឆ្នាំ២០១៦ ស្ថានីយទូរទស្សន៍ ភីអិនអិន បានចុះកិច្ចព្រមព្រៀង មានតម្លៃរហូតទៅដល់ ១លានដុល្លារ ដើម្បីផ្តល់សិទ្ធិផ្តាច់មុខ ឲ្យភីអិនអិន ចាក់ផ្សាយគ្រប់ខ្សែភាពយន្តភាគថ្មីចុងក្រោយបង្អស់របស់ TVB ដែលកំពុងដាក់បញ្ចាំងនៅទីក្រុងហុងកុង។

បន្ថែមពីនេះ នៅមានខ្សែភាពយន្តថ្មីៗជាច្រើនទៀត គ្រោងនឹងដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ដូចជារឿង ៖«Dead Wrong, House Of Spirits, My Lover From The Planet Meow, Teo Step From Heaven, Dearest Daddy, និងរឿង My Dangerous Mafia Retirement Plan» ជាដើម។ ក្រៅពីខ្សែភាពយន្តភាគTVB ក៏នឹងផ្តល់សិទ្ធិសម្រាប់ ភីអិនអិន ធ្វើការចាក់ផ្សាយកម្មវីធី ជាច្រើនផ្សេងទៀតរបស់ខ្លួន រាប់បញ្ចូលទាំងកម្មវិធីកំប្លែង ភាពយន្តឯកសារ និងកម្មវិធីសំខាន់ៗពោរពេញដោយចំណេះដឹង សម្រាប់រយៈពេលពេញមួយឆ្នាំ។

ភីអិនអិននឹងចាក់ផ្សាយខ្សែភាពយន្តភាគរបស់TVB ៥ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ១១ ដល់ម៉ោង ១២ថ្ងៃត្រង់ និង ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៧យប់។

ជាចុងក្រោយ ភីអិនអិន គឺជាស្ថាយនីយទូរទស្សន៍ថ្មី និងទំនើបបំផុត ដែលចាប់ផ្តើមផ្សាយជូនទស្សនា តាំងពីអំឡុង ខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ ហើយគិតមកទល់នឹងពេលនេះ ភីអិនអិន ក៏កំពុងទាក់ទាញចំណាប់អារម្មណ៍ ទស្សនិកជនជាច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស