បារាំង៖ ព័រទុយហ្កាល់ ខកចិត្តទៀតហើយ ដោយមិនទាន់ស្គាល់ពាក្យថាឈ្នះសោះ ក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 នេះ ដោយប្រកួតបានត្រឹមស្មើ អូទ្រីស ០-០ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ Cristiano Ronaldo ខកខានឱកាសពិសេស ក្នុងការស៊ុតបាល់ប៉េណាល់ទី ១១ម៉ែត្រ ។

ការប្រកួតពានរង្វាន់ទ្វីបអ៊ឺរ៉ុប EURO 2016 វគ្គជម្រុះក្នុងពូល ជុំទី២ ត្រូវបានបញ្ចប់កាលពីយប់មិញនេះ ដោយការប្រកួតក្នុងពូល E និង F ។

ការប្រកួតក្នុងពូល F កាលពីយប់មិញ មាន២គូ ដែលព័រទុយហ្គាល់ បានប្រកួតស្មើ ដោយគ្មានការស៊ុតបញ្ចូលទីគ្នា ជាមួយអូទ្រីស ស្របពេលដែលកីឡាករកំពូល Ronaldo ស៊ុតបាល់ប៉េណាល់ទីមិនចូល ដោយស៊ុតចំបង្គោលទី នៅនាទី៧៩ ។ ដោយឡែក ហុងគ្រី ដែលស្ថិតក្នុង ពូលF នេះ ក៏ប្រកួតបានត្រឹមស្មើជាមួយ អ៊ីស្លង់ ដែរ គឺក្នុងលទ្ធផល ១-១ ។

ដូច្នេះហុងគ្រី បន្តឈរលេខ១ ក្នុងពូលF ខណៈដែលព័រទុយហ្កាល់ អ៊ីស្លង់ និងអូទ្រីស នៅតែមានឱកាសបន្តទៅវគ្គ ១៦ក្រុមចុងក្រោយ។

ចំនែកឯការប្រកួតក្នុងពូលE វិញ បែលហ្ស៊ិក បន្ទាប់ពីចាញ់ អីុតាលីរួចមក បានស្តារមុខមាត់ឡើងវិញ ដោយបានបំបាក់ សារធារណៈអៀរឡង់ ៣-០ ដោយការស៊ុតបញ្ចូលទីពី កីឡាករ Lukaku ២គ្រាប់ និង Witsel មួយគ្រាប់ ។

ដូច្នេះបែលហ្ស៊ិក នៅតែមានសង្ឃឹមបានឡើងបន្ត ខណៈដែលអីុតាលីវិញ បានឡើងទៅវគ្គ ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ បន្ទាប់ពីឈ្នះស៊ុយអែត ១-០ កាលពីម្សិលមិញ៕

ប្រភព៖ BBC | Skysports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]