មន្ត្រីសុខាភិបាលកម្ពុជា ថៃ និងមីយ៉ាន់ម៉ា បានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធ និងជំងឺគ្រុនចាញ់នៅតាមបណ្ដោយព្រំដែន ជាពិសេសផ្តោតសំខាន់ទៅជនចំណាកស្រុក នៃប្រទេសទាំង ៣។

ក្នុងកិច្ចរវាងមន្រ្តីសុខាភិបាល នៃប្រទេសទាំង៣ (កម្ពុជា ថៃ និងមីយ៉ាន់ម៉ា) រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០១២ មន្ត្រីសុខាភិបាលថៃបានឲ្យដឹងថា មានពលរដ្ឋខ្មែរចំណាកស្រុកប្រមាណ ៣០ម៉ឹននាក់ ទៅស្នាក់ និងធ្វើការបណ្ដោះអាសន្ន ក្នុងខេត្តត្រាត និងខេត្តឈុនបុរី ហើយជំងឺគ្រុនចាញ់ ក្នុងរយ:ពេល ៧ខែដើមឆ្នាំ២០១២ នៅខេត្តទាំងពីរនេះ មាន ១.៧២៥នាក់ ក្នុងនោះ ៦៩ភាគរយ ជាជន ចំណាកស្រុកពីកម្ពុជា តែមិនមានរបាយការណ៍បង្ហាញថា មានអ្នកស្លាប់នោះទេ។

លោកវេជ្ជបណ្ឌិត ច ម៉េងចូ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និង បា ណកសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា មន្ត្រីសុខាភិបាលទាំងបីប្រទេស បានឯកភាពគ្នា ទី១- ទទួលយល់ដូចគ្នាថា ជនចំណាកស្រុកក្នុងប្រទេស និងអន្តរជាតិ ប្រឈមនឹងគ្រុនចាញ់ធ្ងន់ជាង ប្រជាជនស្នាក់នៅអចិន្ត្រៃយ៍ ទី២- រូមគ្នាធ្វើឲ្យជនចំណាកស្រុក ទទួលបាននូវព័ត៌មានត្រឹមត្រូវស្ដីពីការ ការពារជំងឺគ្រុនចាញ់ និងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល។

ប្រទេសទាំងបី ក៏បានឯកភាព ក្នុងការចែករំលែកព័ត៌មានរវាងគ្នា និងគ្នា នៅថ្នាក់ជាតិថ្នាក់ខេត្ត និងថ្នាក់ មូលដ្ឋាន តាមរយ: គេហទំព័រ អ៊ីម៉េល និងកិច្ចប្រជុំ ហើយរាល់សម្ភារ: ឬ សារអប់រំ រួមគ្នារៀបចំជា លក្ខណ:ស្ដង់ដាមួយនៅតាមបណ្ដាព្រំដែន ដោយប្រើប្រាស់ភាសារ ខ្មែរ-ថៃ ឬ ថៃ-មីយ៉ាន់ម៉ា។ និងរៀប ចំធ្វើតេស្តពិនិត្យមើលមេរោគគ្រុនចាញ់ឲ្យបានឆាប់រហ័ស ដោយភ្នាក់ងារសុខាភិបាលស្ម័គ្រចិត្ត តាមច្រក ព្រំដែន និងច្រករបៀង រួចផ្សព្វផ្សាយតាមមធ្យោបាយជាក់ស្ដែងនៅតាមមូលដ្ឋាន ដែលមានជនចំណាក ស្រុករស់នៅប្រឈមនឹងគ្រុនចាញ់ ព្រមទាំងរួមគ្នាព្យាបាល ដោយគ្មានលក្ខខណ្ឌ ព្រោះពួកគាត់ជាជន ដែលងាយរងគ្រោះ។

លោកវេជ្ជបណ្ឌិតធ្លាប់ឲ្យដឹងថា តួលេខ នៃជំងឺគ្រុនចាញ់នៅកម្ពុជា ៧ខែដើមឆ្នាំ២០១២នេះ មានចំនួន ជាង ៤ម៉ឺន ២ពាន់នាក់ គឺថយចុះ២៣ភាគរយ បើប្រៀបធៀបឆ្នាំ២០១១ មានចំនួន ៥ម៉ឺន ៥ពាន់នាក់។ គឺមានតែខេត្តប៉ៃលិនមួយ ដែលមានជំងឺគ្រុនចាញ់កើនឡើង ១៧ភាគរយ ការកើនឡើងនេះ គឺបណ្ដាល មកពីមានអ្នកចំណាកស្រុកច្រើន ទៅរកការងារធ្វើ ហើយនៅតំបន់នោះ ជាតំបន់ប្រឈមនឹងជំងឺគ្រុន ចាញ់។ ចំនួនអ្នកស្លាប់ ដោយសារជំងឺគ្រុនចាញ់ក្នុងឆ្នាំ២០១២ ទូទាំងប្រទេស យ:ពេល៧ខែមានចំនួន ៣៥នាក់ ខេត្តដែលស្លាប់ច្រើនជាងគេ គឺខេត្តកំពង់ចាម មាន ៧នាក់ និងខេត្តក្រចេះ មាន៥នាក់ ហើយ បើតាមស្ថិតិ អ្នកដែលស្លាប់ ភាគច្រើន គឺអ្នកធ្វើចំណាកស្រុក។

លោកវេជ្ជបណ្ឌិត ក៏បានឲ្យដឹងផងដែរថា ដើម្បីប្រយុទ្ធប្រឆាងនឹងជំងឺគ្រុនចាញ់នេះ ទីភ្នាក់ងារសហរដ្ឋ អាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានផ្ដល់ការគាំទ្រដល់ កម្មវិធីប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅ តាមបណ្ដោយព្រំដែន (Control And Prevention of Malaria "CAP-MALARIA") ទាំងបីប្រទេស ដោយផ្តល់ថវិកា ២៤លានដុល្លារអាមេរិក ក្នុងនោះប្រទេសកម្ពុជា ទទួលបានប្រមាណ ៣៥ភាគរយ នៃ ចំនួនសរុប ក្នុងរយ:ពេល ៥ឆ្នាំ ពីឆ្នាំ២០១១ ដល់ ២០១៦។ ក្នុងគោលបំណងប្រយុទ្ធ និងបង្ការជំងឺគ្រុន ចាញ់ ជាពិសេសពន្យារ និងទប់ស្កាត់ការរីករាលដាល នៃមេរោគគ្រុនចាញ់ ដែលស៊ាំនឹងឱសថប្រឆាំង គ្រុនចាញ់ក្នុងតំបន់។

នៅកម្ពុជា គម្រោងអនុវត្តដោយអង្គការ URC លើស្រុកប្រតិបត្តិ ចំនួន ១០ ដែលស្ថិតក្នុងខេត្តចំនួន ៧ រួមមាន ខេត្តប៉ៃលិន  បាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ ពោធិ៍សាត់ សៀមរាប និងមណ្ឌលគិរី។ លោកវេជ្ជបណ្ឌិត បានធ្វើការកត់សម្លាល់ថា យោងតាមតួលេខជងឺគ្រុនចាញ់នៅកម្ពុជា យើងមិនមានការ ព្រួយបារម្ភទេ ព្រោះមានការថយរហូត ប៉ុន្ដែយើងមានការបារម្ភ ចំពោះភាពស៊ាំ នៃមេរោគ ពិសេសនៅ ខេត្តប៉ៃលីន មានការកើនឡើង  ហើយនៅពេលនេះយើងបានប្ដូរថ្នាំប្រភេទថ្មី ដែលមានតម្លៃថ្លៃជាងថ្នាំ ដែល ប្រើប្រាស់កន្លងទៅ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]