ជំងឺគ្រុនឈាមនៅតែជាបញ្ហាប្រឈម ជាពិសេសកំពុងតែយាយឺ និងបង្ករនូវការភ័យខ្លាច ដល់ អាយុជីវិតកុមារកម្ពុជា ទន្ទឹមនឹងការផ្ទុះប្រភេទជំងឺគ្រុនឈឹក នេះបើតាមរបាយការណ៍ របស់មជ្ឈមណ្ឌល ជាតិប្រយុទ្ធ និងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ បាណកសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា។

របាយកាណ៍របស់មជ្ឈមណ្ឌលនេះ ក៏បានឲ្យដឹងផងដែរថា ករណីគ្រុនឈាមក្នុង៣៣សប្ដាហ៍ ដើមឆ្នាំ ២០១២ បានចូលសម្រាកព្យាបាលសេវាសាធារណ: ២៧.៥៩២នាក់ ក្នុងនោះស្លាប់ ១១១នាក់ អត្រា ស្លាប់ ០.៤ភាគរយ កើនឡើង ១៥០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១១ មាន ១១.០១៧នាក់ ក្នុងនោះ ៤៨នាក់ស្លាប់។

លោកវេជ្ជបណ្ឌិត ច ម៉េងចូ ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបា ណកសាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា បើនិយាយពីដើមឆ្នាំ២០០៧ មានករណីកុមារកើតជំងឺគ្រុនឈាម ៣៥.៧៩១នាក់ និងស្លាប់ ៣៧៣នាក់ ក្នុងរយ:ពេល ៣៣សប្ដាហ៍ ដូចគ្នា។ តែអ្វីដែលមានភាពប្រសើរនោះ គឺអត្រាស្លាប់ ឆ្នាំ២០១២នេះ មានការថយចុះជាងឆ្នាំ២០០៧។ ហើយឆ្នាំ២០១២នេះ ក្រសួងសុខាភិបាល បានចែកអាបែតប្រហែល ១៤០តោន ដល់ខេត្ត-ក្រុង។ ករណី ជំងឺគ្រុនឈាមនេះ បានកើនខ្ពស់បំផុតក្នុងឆ្នាំនេះ គឺ៣សប្តាហ៍ ក្នុងសប្តាហ៍ទី២៦ ដល់ ២៨ ពោលគឺក្នុង ខែកក្កដា ដែលមាន ២.៤០០នាក់ ក្នុង១សប្តាហ៍ ក្នុងនោះស្លាប់ជាមធ្យម ៧នាក់ក្នុង១សប្តាហ៍។

លោកវេជ្ជបណ្ឌិតបានឲ្យដឹងថា ករណីទាំងនេះ បានថយចុះចំនួន ៥សប្ដាហ៍មកហើយ គឺពី ២.៤០១នាក់ ក្នុងសប្ដាហ៍ទី២៨ មកនៅ ត្រឹម ១.៦២២នាក់ ក្នុងសប្ដាហ៍ទី៣៣ ពោលក្នុងខែសីហា ដោយឡែកក្នុង សប្ដាហ៍ទី៣០ មានស្លាប់ច្រើន គឺ ២១នាក់ ហើយសប្ដាហ៍ទី ៣១ មាន ១៩នាក់ សប្ដាហ៍ទី៣២ មាន ៨នាក់។

លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានករណីធ្ងន់ធ្ងរដល់ស្លាប់ គឺមានសញ្ញា ហូរឈាមតាមផ្លូវរំលាយអាហារ ប្រមាណ ៧០ភាគរយ ហើយភាគច្រើនបានចូលព្យាបាលសេវាឯកជន ជាមុន ក្នុងនោះ ៣៥ភាគរយ ទឹកចូលសួត ដោយមន្ទីរពេទ្យឯកជន បញ្ចូលសេរ៉ូមហួសកម្រិត នាំឲ្យជំងឺ កាន់តែធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន រួចហើយទើបបញ្ជូនមកមន្ទីរពេទ្យរដ្ឋ។ ហើយខេត្ដ ដែលមាន អត្រាខ្ពស់ជាងគេ គឺមានខេត្តបន្ទាយមានជ័យ ចំនួន ៤៧៩នាក់ សៀមរាប ចំនួន ៤៤១នាក់ ឧត្ដរមាន ជ័យ ចំនួន ៣៤៤ នាក់ កណ្ដាល ចំនួន ២៧៦នាក់ កំពង់ស្ពឺ ចំនួន ២៣៣នាក់ កំពង់ឆ្នាំង ចំនួន ២១០ នាក់ កំពង់ធំ ចំនួន ២០៨នាក់ ព្រៃវែង ចំនួន ១៨៦នាក់ ព្រះវិហារ ចំនួន ១៨១នាក់ កំពង់ចាម ចំនួន ១៧៩នាក់ ខេត្តដែលគ្មានផ្ទុះរាតត្បាត គឺ ពោធិ៍សាត់ មណ្ឌលគិរី ស្ទឹងត្រែង និង រតនគិរី។

លោកវេជ្ជបណ្ឌិតបន្តថា តាមពិតពុំមែនសុទ្ធតែបណ្ដាលមកពីគ្រុនឈាមទាំងអស់នោះទេ គឺមានការច្រឡំ ជាមួយគ្រុនឈីក ព្រោះគ្រុនឈឹកមួយចំនួន មានសញ្ញាប្រហែលគ្រុនឈាមប្រភេទស្រាល។ បច្ចុប្បន្ន នៅកម្ពុជា គឺមានតែវិទ្យាស្ថានប៉ាស្ទ័រ ទើបវិភាគ និងបែងចែកដាច់ពីគ្នាបានរវាងគ្រុនទាំងពីរនេះ ដែលត្រូវ ចំណាយថវិកាវិភាគ ក្នុងកុមារ១នាក់ ប្រហែល ១០០ដុល្លារអាមេរិក។

ការពិនិត្យឈាមដែលរើសដោយចៃដន្យ មកវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ក្នុងចំនួន ៥០នាក់ពីខេត្តបន្ទាយ មានជ័យ និងឧត្តរមានជ័យ ឃើញថា ៤២ភាគរយ វិជ្ជមានវីរុសគ្រុនឈាម និង ៤៦ភាគរយ វិជ្ជមានវីរុស ឈីក ២ភាគរយមានវីរុសទាំងពីរ និង ១២ភាគរយអវិជ្ជមានវីរុស។

លោកវេជ្ជបណ្ឌិត បានផ្ដល់សារ ៤ជាគន្លឹះសំខាន់ក្នុងក្នុងការការពារ និងការព្យាបាល គឺ ទី១- កម្ចាត់ដង្កូវ ទឹក ជាកតព្វកិច្ចរបស់គ្រួសារ និងសហគមន៍ ជាក់ស្តែងនៅប្រទេសសឹង្ហបូរី មានចុះផាកពិន័យ បើគេដឹង ថា មានដង្កួវទឹកនៅតាមទីតាំងរបស់គ្រួសារណាមួយនោះ ទី២- គ្រុនឈាមមិនអាចព្យាបាលតាមផ្ទះ ឬ តាមភូមិដូចជំងឺគ្រុនចាញ់ទេ មាតាបិតា មានកតព្វកិច្ចបញ្ជូនកុមារសង្ស័យថា មានជំងឺនេះ ទៅមន្ទីរពេទ្យ ទី៣- ចូលរួមចលនាដាក់អាបែត ដើម្បីទប់ស្កាត់ដង្កូវទឹក ក្នុងពាង សម្ភារ:ស្ដុកទឹក ទី៤-សូមឲ្យកុមារស្លៀក ពាក់សម្លៀកបំពាក់វែងៗ ពេលរត់លេង ហើយបើកុមារគេងពេលថ្ងៃ/យប់ សូមឲ្យគេងក្នុងមុង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]