បរទេស៖ ឆ្នាំ២០១៦ ជាឆ្នាំដែលពោរពេញ ទៅដោយព្រឹត្តការណ៍កីឡា ជាក់ស្តែងដូចឥឡូវនេះ EURO 2016 កំពុងតែបន្តដំណើរការ ប៉ុន្តែនៅពេលការប្រកួត EUROបញ្ចប់ទៅ ព្រឹត្តការណ៍កីឡាមួយទៀតនឹងចូលមកដល់ គឺកីឡាអូឡាំពិករដូវក្តៅ ដែលនឹងត្រូវប្រព្រឹត្តឡើង នៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខនេះ។

ព្រឹត្តការណ៍កីឡាអូឡាំពិក ប្រព្រឹត្តឡើងរយៈពេល ៤ឆ្នាំម្តង ដែលកាលពីឆ្នាំ ២០១២ នោះធ្វើឡើងនៅចក្រភពអង់គ្លេស។

ក្នុងនោះដែរថ្មីៗនេះ អ្នករៀបចំព្រឹត្តការណ៍កីឡាអូឡាំពិក ទីក្រុង Rio ឆ្នាំ២០១៦ បានដាក់បង្ហាញនូវមេដាយ​ នៃអូឡាំពិករដូវក្តៅខាងមុខនេះផងដែរ។ មេដាយ សរុបទាំងអស់ចំនួន ២,៤៨៨ មេដាយ ផលិតឡើងសម្រាប់ដាក់ត្រៀម ក្នុងនោះមាន មេដាយ មាស ចំនួន ៨១២មេដាយ ប្រាក់ ៨១២មេដាយ និងសំរិទ្ធ ៨៦៤មេដាយ ដែលទម្ងន់នៃមេដាយនីមួយៗ មានចំនួន ៥០០ក្រាម។

មេដាយ មាស ត្រូវបានផលិតឡើង ដោយមានលក្ខណៈវិនិច្ឆ័យច្បាស់លាស់ និងមិនមានលាយជាតិបារតទេ។ វាត្រូវបានផ្តល់ជូនចំពោះអត្តពលិកណា ដែលទទួលបានជ័យជំនះក្នុងព្រឹត្តការណ៍នោះ មិនថាបុគ្គល ឬក្រុម។

ចំនែកឯមេដាយ ប្រាក់ និងសំរិទ្ធ វិញត្រូវបានផលិតឡើងដោយ ចំរាញ់យកសម្ភារៈកែច្នៃ ៣០% និងបន្សំជាមួយនឹង សារធាតុនៃប្លាស្ទិច ដែលយកចេញពីសំបកដប។

ចំពោះការរចនាមេដាយ ទាំងនេះមានលក្ខណៈពិសេសដូចជា និមិត្តសញ្ញាតំណាងឲ្យភាពជោគជ័យរបស់ប្រទេសក្រិកជំនាន់បុរាណ រួមផ្សំជាមួយនឹងស្លាកសញ្ញា Rio 2016 ។

សូមបញ្ជាក់ផងដែរថា ក្រិកជាប្រទេសដែលបង្កើត ព្រឹត្តការណ៍អូឡាំពិកនេះឡើងដំបូង៕

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]