អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool គ្រោងនឹងទិញកីឡាករច្រើននាក់ សម្រាប់ត្រៀមនូវរដូវកាលថ្មីនេះ ដើម្បីពង្រឹងក្លិបឡើងវិញ បន្ទាប់ពីការខកខាន លើកពានរដូវកាលមុន។

គ្រូបង្វឹករបស់ Liverpool លោក Jurgen Klopp សង្ឃឹមថា នឹងអាចទិញបាន កីឡាករល្បឿនលឿនសញ្ជាតិអង់គ្លេស Theo Walcott ពី Arsenal ដោយផ្តល់នូវតម្លៃខ្លូន២៥លានផោន (៣៥.៤៨ លានដុល្លារ) ។

គ្រូបង្វឹករបស់ Arsenal លោក Arsene Wenger ធ្លាប់បានពិភាក្សាជាមួយ Walcott ថា លោកនឹងដាក់រូបគេ លេងពេញមួយរដូវកាល ក្នុងតំណែងជាខ្សែបំរើស្លាបស្តាំ ប៉ុន្តែដោយស្ថានភាពមិនដូចការរំពឹងទុក Walcott រងរបួសញឹកញាប់ពេក ធ្វើឲ្យលោក Arsene Wenger ជំនួសវិញដោយ កីឡាករ Iwobi ដែលធ្វើឲ្យ Walcott បានត្រឹមតែអង្គុយមើល ជាកីឡាករបំរុង។

នេះជាមូលហេតុធ្វើឲ្យ Walcott ចង់បានបរិយាកាសថ្មីមួយទៀត ដោយគ្រោងនឹងចេញពី Arsenal ហើយរំពឹងថានឹងទៅលេងនៅទឹកដី Anfield របស់ Liverpool វិញម្តងដោយចុះកុងត្រារយៈពេល ៤ឆ្នាំ ។ 

បន្ថែមពីនេះទៀត ដោយសារតែ Walcott មានរបួសបែបនេះ ទើបធ្វើឲ្យគាត់ មិនបានលេងឲ្យជម្រើសជាតិ អង់គ្លេស ក្នុងព្រឹត្តិការណ៍ EURO 2016 ។ កីឡាកររូបនេះ ក៏ធ្លាប់ត្រូវបានរិះគន់ពីអ្នកគាំទ្រផងដែរ ហើយជាចំណែកមួយធ្វើឲ្យ Walcott ចង់ចេញពី Arsenal តែយ៉ាងណាមិញ លោក Arsene Wenger មិនចង់បាត់បង់នូវកីឡាកររូបនេះទេ ហើយកុងត្រារបស់គេ ក៏សល់រយៈពេល ៣ឆ្នាំទៀតដែរ។

សូមបញ្ជាក់ផងដែរថា Walcott បង្ហាញវត្តមានឲ្យ Arsenal ៣៣៧ លើក និងស៊ុតចូលទីបាន ៨៥គ្រាប់ផងដែរ។

ទោះយ៉ាងណាក្តី លោក Jurgen Klopp កំពុងតែព្យាយាមចរចាទិញយកកីឡាកររូបនេះ មកលេងឲ្យ Liverpool ព្រោះលោកគិតថា នេះគឺជាឱកាសដ៏ល្អមួយ៕

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]