កណ្តាល ៖ ជនសង្ស័យម្នាក់ ត្រូវបញ្ជាការពារ ចាប់ខ្លួន ប្រគល់ទៅនគរបាល ស្រុកស្អាង បន្ទាប់ពីរូបធ្វើសកម្មភាព ក្របួចនារីម្នាក់ បម្រុងរំលោភ ប៉ុន្តែត្រូវនាងរងគ្រោះ ចាប់ច្របាច់ក ស្ទើរស្លាប់ អង្វរនាងឲ្យេដោះលែងវិញ បន្ទាប់ពីនាងដោះលែងហើយ ដើរចេញទៅត្រូវនាងស្រែកឲ្យ បញ្ជាការពារ ឃុំជួយឃាត់ខ្លួន ប្រគល់ជូនទៅ នគរបាលស្រុក ចាត់ការទៅតាមនីតិវិធី។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២ ស្ថិតនៅផ្លូវលំ ខាងត្បូងស្អាងភ្នំ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មាន ពីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ថន ប៊ុនថេត ភេទប្រុស អាយុ១៤ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ សិប្បកម្មតម្បាញ ចំណែកជនរងគ្រោះ មានឈ្មោះ ល.គ ភេទស្រី អាយុ២៣ឆ្នាំ មានមុខរបរជាកម្មករ អ្នកទាំងពីររស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងអង្គុយឆ្កឹះដីចេញពី ស្រទបម៉ូតូ ស្រាប់រំពេចនោះ ជនសង្ស័យមិនដឹងជាមកពីណា ក៏ឱបនាង ពីក្រោយ រួចហើយអូសទៅក្បែរ ធ្នឹមចំបើង បម្រុងរំលោភសេពសន្ថវៈ ប៉ុន្តែត្រូវនាងរងគ្រោះច្របាច់ក ស្ទើរស្លាប់ ហើយថែមទាំងអង្វរនាងរងគ្រោះ ឲ្យដោះលែងខ្លួនវិញ ក្រោយមកនាងរងគ្រោះក៏សម្រេចចិត្តដោះលែងឲ្យរួចខ្លួនវិញ បន្ទាប់មក ជនសង្ស័យក៏ដើរ ទៅផឹកស្រាក្បែរនោះ ហើយត្រូវជនរងគ្រោះស្រែក ស្របពេលនោះ បញ្ជាការពារភូមិ នៅក្បែរនោះឃាត់ខ្លួនតែម្តង។

លោក លន ចាន់ថា អធិការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា បន្ទាប់ពីកម្លាំងរបស់លោកសួរនាំរួច ក៏បានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

Photo by DAP-NEWS

ដោយៈដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]