ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តដ៏ល្បីឈ្មោះ របស់ប្រទេសជប៉ុន «Nissan Motor Company Ltd» ឬហៅកាត់ថា «Nissan» បានបង្ហាញរូបរាងថ្មី នៃរថយន្តស្ព័រ ម៉ូដែល GT-R Nismo ស៊េរីឆ្នាំ២០១៧ ជាផ្លូវការហើយ។

រថយន្ត Nissan ម៉ូដែល GT-R Nismo នេះ មានកម្លាំងសេះ រហូតដល់ទៅ ៦០០hp និងកម្លាំងរង្វិលជុំ ៤៨១ft-lb ជាមួយនឹងម៉ាស៊ីន ៣.៨លីត្រ Twin Turbocharged V-6 ប្រើប្រាស់ដោយប្រអប់លេខចំនួន៦ និងជាប្រភេទរថយន្ត 4WD ឬ Four-Wheel Drive។

បើតាមការឲ្យដឹងពីក្រុមហ៊ុន Nissan បាននិយាយថា វិស្វកររថយន្តរបស់ក្រុមហ៊ុន បានធ្វើឲ្យមានភាពប្រសើរឡើង ចំពោះការរលាស់នៃប៊ូម និងដែកទប់លំនឹង របស់រថយន្ត ថែមទាំងកែលម្អ ដំណើរការនៅពេលបត់ផ្លូវកែង និងបង្កើនល្បឿនរថយន្ត រហូតដល់ទៅ ២ភាគរយទៀតផង។

រូបភាព៖ រថយន្ត Nissan ម៉ូដែល GT-R Nismo សេរ៊ីឆ្នាំ២០១៧

រីឯផ្នែកខាងក្នុងវិញ ម៉ូដែល GT-R Nismo គឺមានលក្ខណៈដូចទៅនឹងស្តង់ដា ម៉ូដែល GT-R ដែរ តែមានបន្ថែមស្បែក Alcantara ទៅលើតាបឡូ និងដៃចង្កូតរថយន្ត ជាមួយនឹងកៅអីស្បែក ពីក្រុមហ៊ុន Recaro បែបស្ព័រយ៉ាងពិសេស។

ក្រៅពីនេះម៉ូដែល GT-R Nismo ក៏បានកែប្រែរូបរាងខុសពីស៊េរីមុនៗផងដែរ ដោយបានពង្រីកសំណាញ់ខាងមុខ និងចំហៀង ហើយថែមកែលម្អរបាំងមុខក្រោយ ខណៈយ៉ាន់មានទំហំ ២០អ៊ីញ ម៉ាក Rays ដែលជាម៉ាកល្បីឈ្មោះ និងមានគុណភាពខ្ពស់មួយ របស់ប្រទេសជប៉ុន។

គួរបញ្ជាក់ផងដែរថា ម៉ូដែល GT-R Nismo ស៊េរីចុងក្រោយបង្អស់នេះ អាចបង្កើនល្បឿន ពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រឹមតែរយៈពេល ២.៥វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរិមា រហូតដល់ទៅ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ យ៉ាងណាមិញ ចំពោះតម្លៃ នៃរថយន្ត Nissan ម៉ូដែល GT-R Nismo សេរ៊ីឆ្នាំ២០១៧ នេះ មិនទាន់ត្រូវបាន គេបង្ហាញឲ្យដឹងនៅឡើយទេ៕

ប្រភព៖ forbes & bangkokpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]