អាមេរិក៖ ប្រធានាធិបតីភាពរបស់លោក ប៉ារ៉ាក់ អូបាម៉ា (Barack Obama) ចាប់ផ្តើមនៅថ្ងៃទី ២០ មករា ឆ្នាំ២០០៩ ក៏ជាពេលដែលលោកក្លាយជា ប្រធានាធិបតីទី៤៤ របស់សហរដ្ឋអាមេរិក។

លោក អូបាម៉ា គឺជាប្រធានាធិបតីស្បែកខ្មៅដំបូងបំផុតរបស់អាមេរិក និងជាប្រធានាធិបតីដំបូងដែលកើតនៅរដ្ឋហាវ៉ៃ។ លោក អូបាម៉ា បានជាប់ឆ្នោតអាណត្តិទីពីរនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១២, ធ្វើអោយគាត់ក្លាយជាមនុស្សទី១៧ ដែលបានឈ្នះឆ្នោតជ្រើសរើសជាប្រធានាធិបតីសហរដ្ឋអាមេរិក ចំនួនពីរអាណត្តិ។ តំណែងជាប្រធានាធិបតីរបស់ លោក អូបាម៉ា ត្រូវបានកំណត់ថានឹងបញ្ចប់នៅថ្ងៃទី ២០ មករា ឆ្នាំ ២០១៧ នៅពេលដែល ប្រធានាធិបតីទី ៤៥ នឹងកាន់តំណែងបន្ត។

ក្នុងខណៈពេលនេះដែរ មានមនុស្សជាច្រើន កំពុងតែមានចម្ងល់ថា តើលោក អូបាម៉ា នឹងទទួលបានអ្វីខ្លះ ក្រោយពេលបញ្ចប់តំណែងជាប្រធានាធិបតី? តាមការការអនុម័តច្បាប់របស់ Former Presidents Act (FPA) តាំងពីឆ្នាំ ១៩៥៨ មក  ផលប្រយោជន៍របស់ប្រធានាធិបតីដែលចូលនិវត្តន៍ មានដូចខាងក្រោមនេះ៖

១. ប្រាក់សោធននិវត្តន៍

អតីតប្រធានាធិបតីរបស់អាមេរិក នឹងត្រូវផ្តល់ជូនប្រាក់សោធននិវត្តន៍មិនទាន់គិតពន្ធ ពេញមួយជីវិត,  ដូចនឹងអត្រាប្រចាំឆ្នាំ នៃប្រាក់ខែជាមូលដ្ឋានសម្រាប់ ប្រធាននាយកដ្ឋានសាខាប្រតិបត្តិ (លេខាគណៈរដ្ឋមន្រ្តី)។ ចំនួនទឹកប្រាក់នេះ ត្រូវបានកំណត់ជារៀងរាល់ឆ្នាំដោយសភា (ក្នុងឆ្នាំ ២០១៤ ស្មើនឹង ២០១,៧០០$ ក្នុងមួយឆ្នាំ)។ ប្រាក់សោធននិវត្តន៍នេះ ចាប់ផ្តើមគិតតាំងពីនាទី ដែលប្រធានាធិបតីចេញពីការិយាល័យជាផ្លូវការ ពេលថ្ងៃត្រង់ នៅថ្ងៃប្រគល់តំណែង។

ក្នុងឆ្នាំ ១៩៧៤ ក្រសួងយុត្តិធម៌ បានសម្រេចថា ប្រធានាធិបតីដែលបានលាលែងពីតំណែងរបស់ពួកគេមុនអាណត្តិ មានសិទ្ធិទទួលបានសោធននិវត្តន៍ពេញមួយជីវិត និងអត្ថប្រយោជន៍ដូចអតីតប្រធានាធិបតីផ្សេងទៀតដែរ។ ផ្ទុយទៅវិញ, ប្រធានាធិបតីដែលត្រូវបានគេដកចេញពីតំណែង នឹងត្រូវរឹបអូសផលប្រយោជន៍នេះទាំងអស់។

២. ថ្លៃចំណាយប្រតិបត្តិការ

សម្រាប់ ៧ ខែដំបូង, គិតចាប់ផ្តើមមួយខែមុន ពីថ្ងៃ ២០ ខែមករា, អតីតប្រធានាធិបតីនឹងទទួលបានមូលនិធិសំរាប់ការប្រតិបត្តិការផ្លាស់ប្តូរ ដើម្បីជួយពួកគេអោយត្រលប់ទៅរស់ក្នុងជីវិតឯកជនវិញ។ មូលនិធិនេះអាចត្រូវបានប្រើ សម្រាប់ការិយាល័យ, សំណងបុគ្គលិក, សេវាកម្មគមនាគមន៍, និងបោះពុម្ព បិទតែម និងប្រតិបត្តិការដែលទាក់ទងជាមួយនឹងការផ្លាស់ប្តូរជីវិតរបស់ប្រធានាធិបតី។ ចំនួនទឹកប្រាក់ដែលផ្តល់ជូន ត្រូវកំណត់ដោយសភា។

៣. ប្រាក់ខែសំរាប់បុគ្គលិក និងការិយាល័យ

អតីតប្រធានាធិបតី នឹងទទួលបានមូលនិធិ សំរាប់ចំនាយលើបុគ្គលិក បន្ទាប់ពីចូលនិវត្តន៍បាន ៦ខែ។ អតីតប្រធានាធិបតី នឹងទទួលបានថវិកា អតិបរមា ១៥០,០០០$ ក្នុងមួយឆ្នាំសម្រាប់ចំណាយលើបុគ្គលិកផ្ទាល់ខ្លូននេះ ក្នុងរយៈពេល ៣០ខែ។ ក្រោយមក ច្បាប់ក៏បានចែងថា អត្រាសរុបនៃប្រាក់សំណងទៅបុគ្គលិករបស់អតីតប្រធានាធិបតី មិនត្រូវលើសពី ៩៦,០០០$ រៀងរាល់ឆ្នាំទេ។ ការចំណាយលើបុគ្គលិកដែលលើសពីនេះទៀត ជាបន្ទុករបស់អតីតប្រធានាធិបតី។

អតីតប្រធានាធិបតី ត្រូវបានផ្តល់មូលនិធិសម្រាប់ អគារការិយាល័យ និងសម្ភារៈការិយាល័យ នៅទីតាំងណាមួយនៅក៏បាននៅក្នុងសហរដ្ឋអាមេរិក។ ថវិកានេះត្រូវបានកំណត់ជារៀងរាល់ឆ្នាំ ដោយសភា។

៤. ចំណាយលើការធ្វើដំណើរ

នៅក្រោមការអនុម័តច្បាប់ នៅឆ្នាំ ១៩៦៨, GSA បង្កើតមូលធិនិមួយសម្រាប់ប្រធានាធិបតី និងបុគ្គលិកមិនលើសពី ២នាក់ ដើម្បីធ្វើដំណើរ និងចំណាយថ្លៃពាក់ព័ន្ធផ្សេងទៀត។ ដើម្បីទទួលបានថវិកានោះ, ការធ្វើដំណើរត្រូវតែទាក់ទងទៅនឹង ឋានៈជាអតីតប្រធានាធិបតី ដែលតំណាងអោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ ផ្ទុយទៅវិញ, ការធ្វើដំណើរសម្រាប់ការកំសាន្ត មិនទាក់ទងនឹងការផ្តល់មូលនិធិទេ។

៥. សេវាការពារសម្ងាត់

ជាមួយនឹងការអនុម័តច្បាប់ នៅថ្ងៃទី ១០ មករា ២០១៣, អតីតប្រធានាធិបតី និងគ្រួសារទទួលបានការការពារពីភ្នាក់ងារសម្ងាត់ លើជីវិតរបស់ពួកគេ។ នៅក្រោមច្បាប់, ការការពារសម្រាប់ ប្តីឬប្រពន្ធ របស់អតីតប្រធានាធិបតី នឹងត្រូវបញ្ចប់ នៅពេលដែលពួកគេរៀបការម្តងទៀត ជាមួយអ្នកផ្សេង។ កូនៗរបស់អតីតប្រធានាធិបតី ទទួលបានការការពាររហូតដល់ពួកគេ ឈានដល់អាយុ ១៦ ឆ្នាំ។ ការការពារសម្ងាត់នឹងត្រូវបានបញ្ចប់ នៅ ១០ ឆ្នាំក្រោយបន្ទាប់ពីអតីតប្រធានាធិបតីចូលនិវត្តន៍។

៦. ចំណាយលើវេជ្ជសាស្ត្រ

អតីតប្រធានាធិបតី និងគ្រូសារ, ស្ត្រីមេម៉ាយ ក៏ដូចជា កុមារអនីតិជន សុទ្ធតែត្រូវបានទទួលការព្យាបាលនៅ មន្ទីរពេទ្យយោធា។ អតីតប្រធានាធិបតី និងអ្នកនៅក្នុងបន្ទុករបស់លោកអាចមានជម្រើសក្នុងការចុះឈ្មោះក្នុង ផែនការធានារ៉ាប់រង សុខភាពបែបឯកជន ដែលស្ថិតក្រោមការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។

៧. ពិធីបុណ្យសព

អតីតប្រធានាធិបតី ត្រូវបានផ្តល់ជាបុណ្យសព បែបប្រពៃណីរបស់រដ្ឋ ជាមួយកិត្តិយសរបស់យោធាអាមេរិក។ សេចក្តីលម្អិតនៃ ពិធីបុណ្យសពនេះ ត្រូវផ្អែកលើបំណងប្រាថ្នារបស់ក្រុមគ្រួសាររបស់អតីតប្រធានាធិបតី។ 

*ជាងនេះទៅទៀត លោក បារ៉ាក់ អូបាម៉ា គ្រោងរស់នៅក្នុងរដ្ឋ វ៉ាស៊ីនតោនដដែលបន្ទាប់ពីបញ្ចប់តំណែងជាប្រធានាធិបតី ដើម្បីអោយកូនស្រីពៅរបស់គាត់បញ្ចប់ការសិក្សានៅទីនោះសិន។ លោកអូបាម៉ា បាននិយាយថាលោកមិនប្រាកដពីកន្លែងដែលលោក និងប្រពន្ធរបស់លោក (Michelle Obama) ត្រូវផ្លាស់ទីរស់នៅ សម្រាប់រយៈពេលវែងខាងមុខទេ ប៉ុន្តែលោកបានបន្ថែមថា ពួកគេនឹងធ្វើការសម្រេចចិត្តនេះរហូតដល់ កូនស្រីពៅ Sasha បញ្ចប់ការសិក្សានៅសាលា ក្រុងវ៉ាស៊ីនតោន “SidWell Friends School” នៅក្នុងរដូវផ្ការីក ឆ្នាំ ២០១៩ នេះរូចរាល់សិន។ Sasha មានអាយុ ១៤ឆ្នាំហើយ ដែលឥលូវនេះ នាងកំពុងរៀនថ្នាក់ទី ៩។ រីឯកូនច្បង Malia Obama អាយុ ១៧ឆ្នាំ នឹងបញ្ចប់ការសិក្សានៅរដូវផ្ការរីកនេះហើយ។ ដោយការការពារ ឯកជនភាព នៃគ្រួសារ, លោកស្រី Michelle Obama បដិសេធពីការបកស្រាយផែនការជាក់លាក់របស់គ្រួសារទេ។ លោក អូបាម៉ា ក៏បានបដិសេធមិននិយាយពីទីកន្លែងដែលលោកនឹងត្រូវរស់នៅ បន្ទាប់ពីកូនៗបញ្ចប់ការសិក្សាដែរ, ដែលជំរុញអោយមានការរំពឹងទុកថា ពួកគេ អាចនឹងមិនវិលត្រឡប់ទៅកាន់ ស្រុកកំណើតនៅទីក្រុង Chicago វិញទេ។ លោកអូបាម៉ា មានបំណងមិនចង់បង្ហាញ ពីផែនការរបស់ក្រុមគ្រួសាររបស់លោកជាសាធារណៈទេ។

អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតថ្មីៗនេះគឺ លោក អូបាម៉ា ជួលផ្ទះតម្លៃ ៤.៣លាន$ នៅក្នុងសង្កាត់ វ៉ាស៊ីនតោន ដែលជាកន្លែងដែលនឹងរង់ចាំលោក នៅពេលលោកចេញពីសេតវិមាន (White House)។ ផ្ទះដ៏ឆើតឆាយនេះ មានទំហំដល់ទៅ ៨,២០០ ម៉ែត្រការ៉េ។ ផ្ទះ ៤.៣លាន$ នេះមានបន្ទប់គេងចំនូន ៩ ជាមួយនឹងបន្ទប់ដាក់ខោអាវផ្សេងៗពីគ្នា, បន្ទប់ទឹក ៨, បន្ទប់ហាត់ប្រាណមួយ, ទីកន្លែងធំទូលាយ, និងសួនច្បារដ៏ស្ងប់ស្ងាត់។ លោក អូបាម៉ា ជួលផ្ទះនេះពី លោក Joe Lockhart ដែលធ្លាប់បម្រើការជាលេខាធិការរបស់ លោក Bill Clinton៕ 

ខាងក្រោមជារូបភាពផ្ទះលោកអូបាម៉ា៖

ប្រភព៖ USGovInfo | ChicagoTribune | Dailymail | Wikipedia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]