បរទេស៖ ប្រិយមិត្តអ្នកនិយមប្រើប្រាស់ ទូរស័ព្ទប្រភេទស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ច្បាស់ជាដឹង និងប្រហែលជាធ្លាប់ប្រើប្រាស់ បច្ចេកវិទ្យាមួយឈ្មោះថា Siri ជាក់មិនខាន តែប្រិយមិត្តមួយចំនួន អាចនៅមិនទាន់បានដឹងច្បាស់ទេថា​ Siri ជាអ្វីឲ្យប្រាកដ ហើយសម្លេងរបស់វាបានមកពីណានោះទេ។

តើអ្វីទៅគឺជា Siri?

Siri គឺជាបច្ចេកវិទ្យាដ៏ថ្មី និងអស្ចារ្យមួយ ដែលត្រូវបានបញ្ចូលទៅក្នុងប្រភេទឧបករណ៍នៃ ក្រុមហ៊ុន Apple ដែលមានដូចជា iPhone iPad និង Apple Watch ជាដើម។ Siri ប្រៀបបានដូចជា ជំនួយការផ្ទាល់ខ្លួន ដែលដំណើរការដោយសម្លេង ដោយក្នុងនោះគឺយើងគ្រាន់តែ និយាយជាមួយនឹង Siri ហើយ Siri នឹងប្រឹងប្រែង ជួយសម្រេចកិច្ចការឲ្យយើងបាន មិនថាអ្នកត្រូវការផ្ញើរសារ ហៅទូរស័ព្ទ ឬក៏ឆែកអ្វីនោះឡើយ។

ជាងនេះទៅទៀត Siri ក៏អាចចូលទៅដំណើរការ នូវកម្មវិធីជាច្រើន ដែលមាននៅក្នុង ឧបករណ៍របស់អ្នក ដូចជា Mail, ទំនាក់ទំនងទូរស័ព្ទ, សារ, ផែនទី និងកម្មវិធីរុករក Safari ជាដើម ហើយ Siri នឹងអាចប្រើប្រាស់ និងស្រាវជ្រាវតាមរយៈ ឃ្លាំងផ្ទុកទិន្នន័យនៃកម្មវិធីទាំងអស់នោះ ផងដែរ។ និយាយរួម អ្នកអាច សម្រេចការងារបានយ៉ាងច្រើនបែបជុំវិញបច្ចេកវិទ្យាមួយនោះ ដោយគ្រាន់តែចុចប៊ូតុង Home ពីរដងផ្ទួនៗគ្នា និងនិយាយាថា “Hey Siri” រួចបញ្ជានូវកិច្ចការណា ដែលអ្នកចង់ធ្វើ ជាការស្រេច។

Siri ដំណើរការដោយ របៀបណា?

Siri គឺអាចដំណើរការទៅបាន ដោយពឹងផ្អែកទៅលើ ដំណើរការភាសាពិត និង Artifical Intelligence ព្រមទាំងបូករួមជាមួយ នឹងធាតុផ្សំសំខាន់ចំនួនបីទៀត មានដូចជា ប្រព័ន្ធទំនាក់ទំនងដោយការសន្ទនា, ការយល់ដឹងអំពីបរិបទផ្ទាល់ខ្លួន និងសេវាបញ្ជា។

ប្រព័ន្ធទំនាក់ទំនងដោយការសន្ទនា គឺជារបៀបដែល Siri អាចយល់ដឹងអំពីអ្នក នៅក្នុងជំហានដំបូង។ ដំណើរការទូទៅ គឺពឹងផ្អែកទៅលើការទទួលស្គាល់នៃសម្លេង ពីពាក្យមួយទៅពាក្យមួយ ក៏ប៉ុន្តែនៅពេលណាដែល ការបញ្ចេញសម្លេងរបស់ពាក្យនីមួយៗមិនច្បាស់ នោះម៉ាស៊ីននឹងចាប់ផ្ដើមសិក្សា ដែលនេះហើយជាពេល ប្រព័ន្ធនៃការយល់ដឹងអំពីបរិបទផ្ទាល់ខ្លួន(ម្ចាស់ឧបករណ៍) ចាប់ផ្តើមជ្រាបចូល។

មានពេលជាច្រើនដែល Siri អាចទាយបាននូវអ្វី ដែលអ្នកចង់បានដោយផ្អែកទៅលើ ពាក្យគន្លឹះ ដែលអ្នកបានប្រើប្រាស់ ព្រមទាំងទម្លាប់ទូទៅ និងការជ្រើសរើសភាសារបស់អ្នក។ Siri ត្រូវបានច្នៃឡើង ដើម្បីសម្របទៅតាមចំណង់ចំណូលចិត្ត របស់បុគ្គល ក៏ដូចជាលទ្ធផល ដែលគួរឲ្យកត់សម្គាល់។

ចំពោះប្រព័ន្ធសេវាបញ្ជាវិញ គឺជាដំណើរការដែលមិនអាចគ្រប់គ្រងបាន សម្រាប់កម្មវិធីទាំងអស់ ដែលមានក្នុងប្រភេទទូរស័ព្ទ iPhone និងការងារនៅខាងក្នុងនោះ ដែលដំណើរការមួយនេះ គឺជារបៀបដែល Siri ធ្វើនូវអ្វីដែល Siri ត្រូវធ្វើ បើសិនជាគ្មានដំណើរការមួយនេះទេ Siri ប្រៀបដូចជាជំនួយការដ៏ឥតប្រយោជន៍។

មានដឹងថា Siri អាចនិយាយបានប៉ុន្មានភាសា?

តាមពិតទៅនៅពេលដែល Siri ត្រូវបានដាក់ឲ្យដំណើរការដំបូង ដោយអាចស្គាល់ និងនិយាយបានតែប៉ុន្មានភាសាប៉ុណ្ណោះ ក្នុងនោះមានដូចជា បារាំង, អាល្លឺម៉ង់, អង់គ្លេសបែបអាមេរិក, អង់គ្លេសបែបអូស្ត្រាលី, និងអង់គ្លេសបែបអង់គ្លេស។ តែក្រោយមកបន្ទាប់ពីមានការកែច្នៃបន្ថែមនោះ Siri អាចស្តាប់យល់ និងនិយាយបាននូវភាសាមួយចំនួនទៀតដូចជា អង់គ្លេស (បែបអូស្ត្រាលី, កាណាដា, ឥណ្ឌា, ញូវហ្សេលែន, សិង្ហបុរ,អង់គ្លេស, និងសហរដ្ឋអាមេរិក), អេស្ប៉ាញ, អ៊ីតាលី, ជប៉ុន, កូរ៉េ, ចិន, ន័រវ៉េស, កាតូនីស, ស៊ុយអ៊ែត, ដាណឺម៉ាក, ហូឡង់, រុស្ស៊ី, តួកគី, ថៃ និងព័រទុយហ្គាល់។ 

តើនរណាជាម្ចាស់នៃសម្លេងរបស់ Siri?

យើងគ្រប់គ្នាច្បាស់ជាបានដឹងហើយថា សម្លេងរបស់ Siri ដែលយើងឮចេញពី ឧបករណ៍នានា របស់ក្រុមហ៊ុន Apple ភាគច្រើនគឺជាសម្លេងរបស់នារីម្នាក់ ហើយនារីម្នាក់នោះមានឈ្មោះថា Susan Bennett ដែលរស់នៅក្នុងទីក្រុង Atlanta នៃរដ្ឋ Georgia សហរដ្ឋអាមេរិក។

តាំងពីដើមមក ក្រុមហ៊ុន Apple មិនធ្លាប់បង្ហើបថាតើ នរណាជាម្ចាស់សម្លេងរបស់ Siri ឡើយ តែក្រោយមកដោយសារមាន មនុស្សជាច្រើនបានស្គាល់សម្លេង នេះថាជារបស់អ្នកណាហើយនោះ Susan ក៏បានបញ្ជាក់ថា ខ្លួនពិតជាម្ចាស់សម្លេង នៃបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ ប្រាកដមែន ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងទន្ទឹមនឹងគ្នានេះផងដែរ។ 

Siri ដែលជាសម្លេងរបស់ Susan ត្រូវបានមនុស្សជាច្រើន នៅលើពិភពលោកស្តាប់ តាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១១មកម្ល៉េះ ដែលនោះគឺជាកាលបរិច្ឆេទ នៃការចេញលក់ដំបូង របស់ទូរស័ព្ទ iPhone 4S។ តែយ៉ាងណាមិញ ដោយសារបច្ចេកវិទ្យា ចេះតែវិវត្តន៍ទៅមុខ ក្នុងនោះប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន Apple ដែលគេស្គាល់បានថា iOS ចេះតែបន្តកែច្នៃ និងអភិវឌ្ឍរហូតនោះ សម្លេងរបស់ Siri ក៏ត្រូវបានបន្ថែមថ្មីទៀតផងដែរ ហើយក្នុងនោះគេអាចដឹងថា Allison Dufty ក៏បានចូលរួម ក្នុងការធ្វើជាម្ចាស់សម្លេងរបស់ Siri មួយរូបផងដែរ។

ថ្វីបើយ៉ាងនេះក៏ដោយ Susan Bennett នៅតែជាមនុស្សម្នាក់ ដែលមានឥទ្ធិពល និងត្រូវបានគេស្គាល់យ៉ាងច្រើនថា រូបគាត់គឺជាម្ចាស់សម្លេងរបស់ Siri ដែលជាប្រព័ន្ធបច្ចេកវិទ្យាជំនួយការយ៉ាងពិសេស ត្រូវបានដាក់បញ្ចូលក្នុងប្រភេទ ឧបករណ៍របស់ក្រុមហ៊ុន Apple៕ 

ប្រភព៖ CNN & pocket-lint

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]