(បាត់ដំបង)៖ មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ ដែលត្រូវកម្លាំងនគរបាល មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនរគបាលជាតិ បង្ក្រាប និងឃាត់​ខ្លួនបាន ជាមួយនឹងវត្ថុតាងជាថ្នាំញៀនរាប់ពាន់គ្រាប់ ត្រូវបានកម្លាំងនគរបាល នៃស្នងការរដ្ឋាននគរបាល ខេត្តបាត់ដំបង បញ្ជូនទៅតុលាការហើយ នៅថ្ងៃទី២៦​ ខែឧសភា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការបង្ក្រាប មេក្លោងជួញដូរគ្រឿងញៀនេះ ធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដឹកនាំដោយ លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនបង្ក្រាបគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន។

ជនសង្ស័យជាមេក្លោងគ្រឿងញៀននេះ មានឈ្មោះ ហុង ពៅ អាយុ៦០ឆ្នាំ មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង និងដកហូតបានថ្នាំញៀន ប្រភេទយ៉ាម៉ា​៣០០០គ្រាប់ ថ្នាំក្រវី១០ថង់ ម៉ាទឹកកក១ថង់ និងកាំភ្លើងខ្លីមួយដើមផងដែរ។

លោកវរសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់ប្រាប់ Fresh News ថា នេះជាលើកទី១ ហើយដែលកម្លាំងនគរបាល របស់យើងបង្ក្រាបបានមេក្ខោង ជួញដូរគ្រឿងញៀនដ៏សកម្ម នៅក្នុងភូមិសាស្ត្រ​តំបន់ឡែម ដែលមានភូមិសាស្ត្រស្មុគស្មាញនេះ។ ទោះជាយ៉ាងកម្លាំងនគរបាល របស់យើងនឹងបន្ត ធ្វើការបង្ក្រាបករណីគ្រឿងញៀននេះ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ។

លទ្ធផលនៃការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀននេះ ទទួលបានការអបអរ និងគាំទ្រយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនគរបាល និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕

ប្រភព៖ Fresh News

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ ជនសង្ស័យដែលពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន រួមនឹងវត្ថុតាង ត្រូវបានកម្លាំងនគរបាល នៃការិយា ល័យប្រឆាំងគ្រឿងញៀនខេត្ត បញ្ជូនខ្លួនឡើងតុលាការ នៅព្រឹកថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៦នេះ ចាត់ការតាមនីតិវិធីច្បាប់។

មន្ត្រីនគរបាល នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពត បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា៖ នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៦ វេលាម៉ោង៩យប់ កម្លាំងការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើស និងកម្លាំងការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ០១ករណី នៅភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ក្នុងពេលបង្ក្រាបកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជន សង្ស័យម្នាក់ ឈ្មោះជី ក្រឹម អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិ សង្កាត់ខាងលើ។ បានដកហូតថ្នាំញៀនប្រភេទយ៉ាម៉ាទឹកកក ចំនួន២កញ្ចប់តូច។

បន្ទាប់ពីបានសួរយកចម្លើយ ឈ្មោះជី ក្រឹម រួចមក រហូតដល់ម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល កម្លាំងបាន បន្តឃាត់ខ្លួនជនសង្ស័យចំនួន២នាក់បន្ថែមទៀត៖ ១-ឈ្មោះសាន់ រ៉ាដូ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិទ្វីខាងជើង សង្កាត់ អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត និង២-ឈ្មោះសូ ស្រីឡាង ភេទស្រី អាយុ២១ឆ្នាំ រស់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលបង្ក្រាបសមត្ថកិច្ច បានចាប់យកវត្ថុតាង រួមមានៈ ថ្នាំញៀនប្រភេទយ៉ាម៉ាទឹកកក ៨កញ្ចប់តូច, ជញ្ជីងអេឡិចត្រូនិច ១គ្រឿង,ទូរស័ព្ទដៃម៉ាកអាយហ្វូន ១គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនធំ។ សរុបថ្នាំញៀនចំនួន១០ កញ្ចប់តូច ទម្ងន់ ៦.០១ក្រាម៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]