(ត្បូងឃ្មុំ)៖ មន្រ្តីគយចល័តបានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ មានរថយន្តធុនធំមួយគ្រឿងលួចឈើប្រណិត ជាង១០តោន បង្កប់ក្រោមទំនិញស្ករស ប្រុងនាំចេញ​ទៅប្រទេស​វៀតណាម តាមច្រករបៀង ត្រូវកម្លាំងគយចល័ត ដឹកនាំឲ្យលោក ព្រាប ការ៉ាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួល​ពីសំណាក់ព្រះរាជអាជ្ញា​ខេត្តត្បូងឃ្មុំ លោក ហៀង សុភ័ក្រ្ត ចាប់បាននៅចំណុចភូមិដង្ហិត ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅយប់ជ្រៅចូលថ្ងៃទី២៤ ខែឧសភានេះ។

មន្រ្តីគយចល័តរូបនោះបានបញ្ជាក់ថា ការចាប់ឃាត់រថយន្តនេះធ្វើឡើងតាមបទបញ្ជាផ្ទាល់ពីលោក កើត សុធារ៉ា ប្រធាននាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ និងទទួលបានព័ត៌មានសំងាត់ពីកម្លាំងគយ។ ឈើល្មើសច្បាប់ប្រភេទក្រញូង ទម្ងន់ជាង១០តោន (១១១៩០គីឡូ) ដែលត្រូវបានចាប់បាននៅពេលនេះ គឺជាទំនិញល្មើសច្បាប់គយ, នាយកដ្ឋានគយត្រូវតែចាត់វិធានការណ៍ និងតម្រូវឲ្យមានការបង់ពន្ធតាមច្បាប់របស់គយកំណត់ ។ ឈើខុសច្បាប់នេះមានតម្លៃរាប់សិបម៉ឺនដុល្លារ សហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់ពីមន្រ្តីគយដែលដឹកនាំការបង្រ្កាប។ ចំណែកទំនិញស្ករស មានចំនួន៥៩៧បាវ។

ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធឈើខុសច្បាប់ និងបង្រ្កាបរថយន្តអត់ពន្ធ នារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធ​ពីសំណាក់កម្លាំង​គយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕

ប្រភព៖ Fresh News

ការកត់សម្គាល់ខ្មែរឡូត៖

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី ០៧ ឧសភា ឆ្នាំ២០១៦ ពេលយប់ កន្លងទៅនេះ នគរបាលខេត្តកំពង់ចាម ក៏ចាប់បានរថយន្ត Lexus RX 330 មួយគ្រឿង ដឹកឈើ​គ្រញូង ២៧០គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​២នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា នៅម៉ោង១០៖០០យប់ ថ្ងៃទី០៧ ឧសភា កម្លាំងនគរបាលរបស់លោក បានចាប់រថយន្ត Lexus RX 330 ដឹកឈើគ្រញូង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-0869 នៅចំណុចភូមិសំរោងជ័យ ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមទាំងឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ ចំនួន២នាក់ផងដែរ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ការចាប់រថយន្តដឹកឈើគ្រញូងនេះ ធ្វើឡើងបន្ទាប់ពីមានការសុំសហការពីកម្លាំង នគរបាលខេត្តកំពង់ធំ ថា មានរថយន្តល្មើសបាន បើករថយន្តមកដល់ទឹកដីខេត្តកំពង់ចាម។ លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងពីរមានឈ្មោះ ឈិន ធា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅក្នុងខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ផ្លុង ហាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាម។

បច្ចុប្បន្នទាំងរថយន្ត ទាំងឈើគ្រញូង ព្រមទាំងជនសង្ស័យ នគរបាលខេត្តកំពង់ចាម បានប្រគល់ជូននគរបាលខេត្តកំពង់ធំវិញហើយ នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ៕ 

រូបភាព ជនសង្ស័យទាំងពីរនាក់

អត្ថបទចាស់៖ «ព្រៃឈើ» ទំនងជាត្រូវផុតពូជ ក្នុងរយៈពេល ១០០ឆ្នាំខាងមុខទៀត ពីផែនដី?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]