(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៨ ខែឧសភានេះថា នៅម៉ោង១០៖០០នាទីយប់មិញ កម្លាំងនគរបាលរបស់លោក បានចាប់រថយន្ត Lexus RX 330 ដឹកឈើគ្រញូង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ តាកែវ 2A-0869 នៅចំណុចភូមិសំរោងជ័យ ឃុំសំរោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមទាំងឃាត់ខ្លួនអ្នកបើកបរ និងអ្នករួមដំណើរ ចំនួន២នាក់ផងដែរ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងថា ការចាប់រថយន្តដឹកឈើគ្រញូងនេះ ធ្វើឡើងបន្ទាប់ពីមានការសុំសហការពីកម្លាំង នគរបាលខេត្តកំពង់ធំ ថា មានរថយន្តល្មើសបាន បើករថយន្តមកដល់ទឹកដីខេត្តកំពង់ចាម។ 

លោកឧត្តមសេនីយ៍ ស្នងការបានបញ្ជាក់ថា ជនសង្ស័យទាំងពីរមានឈ្មោះ ឈិន ធា ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបរ មានទីលំនៅក្នុងខេត្តកំពត និងម្នាក់ទៀតមានឈ្មោះ ផ្លុង ហាន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តកំពង់ចាម។

បច្ចុប្បន្នទាំងរថយន្ត ទាំងឈើគ្រញូង ព្រមទាំងជនសង្ស័យ នគរបាលខេត្តកំពង់ចាម បានប្រគល់ជូននគរបាលខេត្តកំពង់ធំវិញហើយ នៅព្រឹកថ្ងៃទី៨ ខែឧសភានេះ៕ 

ប្រភព៖ Freshnews

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញក៏មាន ករណីស្រដៀងគ្នានោះដែរ មានកម្លាំងអាវុធមូលដ្ឋាន ស្រុកអូរយ៉ាដាវ កាលពីរសៀលថ្ងៃទី១ ខែមិនា ម្សិលមិញនេះបានចាប់រថយន្តមួយគ្រឿង ដឹកឈើក្រញូង ខណៈកំពុងធ្វើដំណើរ លេខ៧៨ លោតឆ័ត្រ ទៅប្រទេសវៀតណាម។

បើតាមប្រជាពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ មានទីលំនៅស្ថិតក្នុង ទីរួមស្រុកអូរយ៉ាដាវ ប្រាប់ឲ្យដឹងថារថយន្តមួយគ្រឿង ដឹកឈើក្រញូង លោតឆ័ត្រទៅប្រទេសវៀតណាមនេះ ជាកម្មសិទ្ធិកូនប្រុស មន្ត្រីជាន់ខ្ពស់ ខេត្តរតនគិរី ដោយកន្លងមក រថយន្តម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខ ភ្នំពេញ 2G-2928 ជាមធ្យោបាយ ដឹកជញ្ជូនឈើទៅវៀតណាម យ៉ាងសកម្ម ប៉ុន្តែមិនដែលឃើញសមត្ថកិច្ច ធ្វើការបង្ក្រាបនោះទេ ពោលគឺនេះជាលើកទី១ ក្រោយពីប្រមុខរាជរដ្ឋាភិបាល បង្កើតគណកម្មការជាតិ ដើម្បីទប់ស្កាត់ បទល្មើសព្រៃឈើ។

ទោះបីយ៉ាងណាក៏ដោយករណីកម្លាំងអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ ចាប់រថយន្តដឹកឈើក្រញូង១គ្រឿងខាងលើនេះហាក់បីដូចជាលាក់ព័ត៌មាន សង្ស័យរងឥទ្ធិពលពីអ្នកមានអំណាចណាម្នាក់ព្រោះមិនបានផ្តល់ព័ត៌មាន លម្អិតឲ្យអ្នកកាសែត និងទូរទស្សន៍ធ្វើការផ្សព្វផ្សាយនោះទេ។ ជាក់ស្តែងរហូតដល់ព្រឹកថ្ងៃទី២ ខែមិនា នេះរថយន្តផ្ទុកឈើក្រញូងលោតឆ័ត្រទៅវៀតណាមនេះអូសមករក្សាទុកនៅ ខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ប៉ុន្តែមិនទាន់ឃើញវត្តមានមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ា ដាវណាម្នាក់មកធ្វើការវាស់វែងចំនួនពិតប្រាកដប្រគល់ឲ្យមន្ត្រី រដ្ឋបាលព្រៃឈើនៅឡើយទេ។

ជាមួយគ្នានឹងកម្លាំងអាវុធហត្ថមូលដ្ឋានអូរយ៉ាដាវចាប់រថយន្តមួយ គ្រឿងដឹកឈើក្រញូងតាមផ្លូវជាតិលេខ៧៨លោតឆ័ត្រទៅវៀតណាមនេះដែរ មជ្ឈដ្ឋានប្រជាពលរដ្ឋនៅខេត្តរតនគិរីមានមតិលើកឡើងស្រដៀងគ្នាថា សូមឲ្យសមត្ថកិច្ចចាប់ម្ចាស់រថយន្តល្មើសច្បាប់ខាងលើមកផ្តន្ទាទោស តាមច្បាប់ព្រោះបទល្មើសដឹកជញ្ជូនឈើក្រញូងត្រូវបានប្រមុខ រាជរដ្ឋាភិបាលកម្ពុជាចេញបទបញ្ជាអោយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់អោយខាងតែបាន៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]