មិត្តៗនារីគួរតែឆ្លៀតពេលរៀនអំពី ការធ្វើម្ហូបអាហារ ពីព្រោះតែស្ត្រីមានតួនាទីជាមេផ្ទះ ក្រោយពេលទំនេរ ពីកិច្ចការងារប្រចាំថ្ងៃផងដែរ។ ថ្ងៃនេះ Khmerload នឹងនាំមកនូវរបៀបធ្វើត្រសក់ត្រាំ ពីអ្នកស្រី ពូ ឡេងស៊ីម ជូនប្រិយមិត្តទាំងអស់គ្នាបានជ្រាប។

សព្វថ្ងៃអ្នកស្រីជាស្ត្រីមេផ្ទះ ទទួលបន្ទុកដើរផ្សារ រៀបចំម្ហូបអាហារជូនប្តី កូនៗ និងចៅ ជាប្រចាំ។ អ្នកស្រីមានជំនាញចេះធ្វើទាំងម្ហូប និងចំនីផ្សេងៗ សឹងតែគ្រប់មុខទាំងអស់។ អ្នកស្រីបាននិយាយថា “របៀបធ្វើត្រសក់ត្រាំដោយខ្លូនឯងនេះ មិនដូចត្រសក់ដែលយើងទិញតាមផ្សារទេ។ យើងធ្វើខ្លួនឯង វាមានអនាម័យជាង ហើយមានរសជាតិឆ្ងាញ់ ទុកយូរក៏មិនឡើងមេ ឬជូរដូចដែលយើងទិញនៅផ្សារដែរ។ ជាពិសេស គឺមានភាពងាយស្រួលណាស់”។ ចង់ដឹងថាវាមានភាពខុសគ្នាយ៉ាងណានោះ យើងមកក្រឡេកមើល គ្រឿងផ្សំ និងវិធីធ្វើដែលផ្តល់ដោយ អ្នកស្រីខាងក្រោមនេះទាំងអស់គ្នា៖

គ្រឿងផ្សំមានដូចជា

• ទឹកផ្អក (អាចរកទិញបានតាមទីផ្សារ) ប្រហែល ៤០០ មីលីលីត្រ

• ត្រសក់កន្លះគីឡូក្រាម

• ប៊ីចេង

• ស្ករ

វិធីធ្វើ

• យកត្រសក់មកពុះជាបួន ឬតាមទំហំដែលអ្នកចង់បាន

• ទឹកផ្អក ស្រង់យកតែទឹក រួចបន្ថែមប៊ីចេងពាក់កណ្តាល១ស្លាបព្រាកាហ្វេ និងស្ករ១ស្លាបព្រាបាយ រួចដាក់ដាំអោយពុះ (អាចថែម អំបិលកន្លះស្លាបព្រាកាហ្វេ ក្នុងករណីទឹកផ្អកមិនសូវប្រៃ)

• រង់ចាំដល់ទឹកផ្អកពុះ បិទភ្លើង រួចដាក់ត្រសក់ដែលចិតរួចចូល

• ត្រាំប្រហែល ២០ ឬ ៣០នាទី រួចស្រង់ចេញជាការស្រេច 

អ្នកស្រីបានប្រាប់ពីគន្លឹះបន្ថែមទៀតមួយចំនួនដល់ Khmerload ដូចជា៖

• នៅពេលដែលដាំទឹកផ្អកពុះរួច មិនត្រូវទុករហូតដល់ទឹកផ្អកត្រជាក់ទេ ព្រោះបើទឹកនោះត្រជាក់ ត្រសក់នឹងមិនស្រួយទេ

• ប្រសិនបើចិតត្រសក់ជាចំនិតធំៗ ត្រូវត្រាំឲ្យបានយូរបន្តិច ប្រហែល ៣០នាទី។ តែប្រសិនបើចិតជាចំនិតតូចល្មម នោះអាចត្រឹម ២០នាទី។ ជាការល្អបំផុត គឺអាចយកត្រសក់មួយចំនិតមកភ្លក់ថាល្មមឬនៅ តាមចំណង់ចំនូលចិត្ត

• អាចដាក់ប្រអប់ទុក ក្លាសេ្សក្នុងទូទឹកកក ដើម្បីរក្សាទុកបានយូរ

• ទឹកផ្អកដែលប្រើរួចអាចប្រើបាន ២-៣ដងទៀត ដោយក្រោយពេលស្រង់ត្រសក់ដែលត្រាំរួច, រម្ងាស់វាឲ្យយូរបន្តិច ហើយរក្សាទុកប្រើពេលក្រោយចុះ

• ក្នុងករណីគ្មានទឹកផ្អក ឬមិនចេះញ៉ាំ, យើងអាចជំនួសទឹកផ្អកដោយទឹកអំបិល (ទឹកលាយអំបិលធម្មតា) បាន។ រួចគ្រាន់តែបន្ថែម ប៊ីចេង និងស្ករដដែលតែប៉ុណ្ណោះ។ វិធីធ្វើក៏ដូចគ្នាដែរ។ ប៉ុន្តែទឹកអំបិលមិនអាចប្រើបានច្រើនដងទេ បានតែម្តងប៉ុណ្ណោះ។

អ្នកស្រីបានផ្តល់អនុសាសន៍ថា “ម្ហូបអាហារដែលយើងព្យាយាមធ្វើដោយខ្លូនឯង វាគួរអោយទុកចិត្តជាង ទាំងអនាម័យ គុណភាព និងរសជាតិ ជាងចំនីដែលយើងទិញពីផ្សារមក ព្រោះថាឥលូវពិបាកញ៉ាំណាស់។ យើងមិនដឹងថាអ្នកលក់ដាក់អីខ្លះទេ ព្រោះមានមួយចំនួនចង់ទុកអោយបានយូរជាដើម, ជាពិសេសចំនីកំប៉ិកកំប៉ុកបែបនេះ”។

ជាចុងក្រោយនេះ អ្នកស្រី ពូ ឡេងស៊ីម ក៏បានថ្លែងអំណរគុណ Khmerload ដែលបានផ្តល់ឱកាស ជូនអ្នកស្រីបានចែករំលែកបទពិសោធន៍ ចំនេះដឹងនេះ ទៅស្ត្រីមេផ្ទះគ្រប់រូប ក៏ដូចជាអ្នកដែលចង់ចេះធ្វើទាំងឡាយ។ អ្នកស្រី សង្ឃឹមថាមុខម្ហូបមួយនេះនឹងជាក្លាយជាចំនេះដឹងថ្មី ដ៏ងាយស្រួល និងឆ្ងាញ់ពិសាសំរាប់សាកល្បងធ្វើនៅក្នុងគ្រូសារដោយភាពរីករាយ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]