ជប៉ុន៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាចម្រៀងស្រីវ័យក្មេង របស់ជប៉ុនម្នាក់ (J-pop) មានឈ្មោះ Mayu Tomita កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីត្រូវអ្នកគាំទ្រម្នាក់ ចាក់ចំនួន២៤កាំបិត ចំទ្រូង និងក កាលពីថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ខណៈពេលដែលនាង កំពុងរង់ចាំឡើងលើឆាក ប្រគំតន្រ្តីមួយ នៅក្នុងទីក្រុង Kogenei ប្រទេសជប៉ុន។

រូបភាព៖ តារាចម្រៀងស្រី វ័យ២០ឆ្នាំ នាង Mayu Tomita

ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ ដែលត្រូវបានគេស្គាល់ឈ្មោះថា Tomohiro Iwazaki មានវ័យ២៧ឆ្នាំ ត្រូវប៉ូលិសឃាត់ខ្លួន នៅនឹងកន្លែងកើតហេតុតែម្តង។ ជាមួយគ្នានេះដែរ ប៉ូលិសក៏បានប្រទះឃើញ វត្ថុតាងដែលជាអាវុធ ចាក់ទៅលើជនរងគ្រោះ មានប្រឡាក់សុទ្ធតែឈាម។

បើតាមសម្តីម្ចាស់ភោជនីយដ្ឋានមួយកន្លែង ដែលមានទីតាំង ស្ថិតនៅក្នុងអគារតែមួយ ត្រង់កន្លែងដែលមានការប្រគំតន្ត្រីនោះ បានប្រាប់ឲ្យដឹងថា ដានឈាម និងរបាំងមុខ ដែលប្រឡាក់ឈាម ត្រូវបានគេប្រទះឃើញ នៅលើជណ្តើរ ឆ្ពោះទៅកន្លែងដែល ជនរងគ្រោះត្រូវឡើងទៅសម្តែង។

បើតាមសម្តីជនសង្ស័យ ឈ្មោះ Iwazaki បានប្រាប់ឲ្យដឹងថា ខ្លួនបានចាក់ តារាចម្រៀងស្រី វ័យ២០ឆ្នាំរូបនោះ ដោយសារតែនាង មិនព្រមទទួលយកកាដូ ដែលខ្លួនបានឲ្យទៅនាង។ «ខ្ញុំបានស្ទាក់ចាំនាង ហើយសួរនាង អំពីរឿងកាដូនោះ... ខ្ញុំបាត់បង់ម្ចាស់ការលើខ្លួនឯង ដោយសារតែនាង មិនព្រមឆ្លើយឲ្យបានច្បាស់»។

គួរបញ្ជាក់ផងដែរថា នៅមុនថ្ងៃកើតហេតុ ជនរងគ្រោះ បានប្តឹងទៅប៉ូលិស រួចទៅហើយ ព្រោះតែជនសង្ស័យ បានលបឆ្មក់នាង នៅលើបណ្តាញអ៊ីនធឺណែត ដោយមានះសរសេរសារ ចូលទៅកាន់គណនីបណ្តាញសង្គម Twitter និងប្លក់ផ្ទាល់ខ្លួន របស់នាង៕

រូបភាព៖ តារាចម្រៀងស្រី វ័យ២០ឆ្នាំ នាង Mayu Tomita
រូបភាព៖ ទិដ្ឋភាពនៅកន្លែងកើតហេតុ

ប្រភព៖ បរទេស

កំណត់ហេតុខ្មែរឡូត

ទាក់ទិននឹងករណី តារាចម្រៀងស្រី ត្រូវរងគ្រោះថ្នាក់នេះដែរ កាលពីខែមីនា ឆ្នាំ២០១៦ កន្លងទៅនេះ តារាចម្រៀងស្រីវ័យក្មេង នាង Tang Anqi ក្រុម SNH48 ត្រូវភ្លើងឆេះរលាក ស្ទើរសព្វរាងកាយ នៅហាងកាហ្វេមួយកន្លែង

បើយោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា តារាស្រីវ័យ២៤ឆ្នាំរូបនេះ ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ Changhai ទីក្រុងសៀងហៃ ក្រោយពីកើតមានហេតុការណ៍ ភ្លើងឆេះខ្លួនប្រាណ ជាង៨០ភាគរយ រួចមក។

ជាមួយគ្នានោះដែរ តាមសម្តីរបស់ប៉ូលិស បានប្រាប់ថា​នាង Tang Anqi បានជួបគ្រោះថ្នាក់ ភ្លើងឆាបឆេះខ្លួន ដោយចៃដន្យ បង្កឡើងព្រោះតែដែកកេះ ខណៈពេលនាងកំពុងតែ ឈ្លោះគ្នាជាមួយនឹង មិត្តភក្តិស្រី នៅជាន់ខាងលើ នៃហាងកាហ្វេកើតហេតុ។

ក្រោយពេលត្រូវភ្លើងឆេះ ភ្លាមៗនាងបានស្រែកហៅឲ្យគេជួយ ទើបក្រុមបុគ្គលិកក្នុងហាង ប្រញាប់រូតរះ ជួយពន្លត់ភ្លើង ទាន់ពេលវេលា។ អ្នកគ្រប់គ្រងហាងកាហ្វេកើតហេតុ បានឲ្យដឹងថា ភ្លើងបានឆាបឆេះលើខ្លួន Tang Anqi យ៉ាងឆាប់រហ័ស ព្រោះតែនាងស្លៀកស្រោមបា៕

រូបភាព៖ នាង Tang Anqi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]